ក្រុងហាណូយៈ នគរបាលវៀតណាមបានចូលបំបែកទីតាំងភ្នាក់ងារភ្នាល់បាល់ទាត់អនឡាញ ១ កន្លែងដែលមានតម្លៃប្រហែល ២៦ លានដុល្លារ និងចាប់ខ្លួនមនុស្ស ៤ នាក់ ខណៈអាជ្ញាធរសម្លឹងរកការបញ្ឈប់ការភ្នាល់ល្បែងនៅទីផ្សារងងឹតដែលកើនឡើងក្នុងអំឡុងមានព្រឹត្តិការណ៍នានាដូចជាកីឡាបាល់ទាត់ពិភពលោកជាដើម។
ការភ្នាល់ល្បែងជាអំពើខុសច្បាប់នៅប្រទេសវៀតណាមក្រៅពីឆ្នោតរបស់រដ្ឋនិងកាស៊ីណូមួយចំនួនដែលបើកចំហសម្រាប់តែជនបរទេស។
ប៉ុន្តែច្បាប់នេះមានភាពខ្វះចន្លោះយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលមានការប្រកួតកីឡាធំៗជាពេលអ្នកភ្នាល់ល្បែងជាច្រើនភ្នាល់តាមអនឡាញ ឬធ្វើដំណើរទៅកាន់ទីតាំងភ្នាល់ល្បែងខុសច្បាប់ដើម្បីផ្សងសំណាងរបស់ពួកគេ។
មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្តីរាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃនោះនៅលើទំព័រកាសែត Cong An Nhan Dan ផ្លូវការរបស់នគរបាលហើយមនុស្សមួយចំនួនទៀតក៏ត្រូវបានកោះហៅដើម្បីសាកសួរផងដែរ។
ជនសង្ស័យបានសារភាពចំពោះប្រតិបត្តិការបង្ក្រាបភ្នាល់បាល់នេះតាមរយៈគេហទំព័រមួយមានមូលដ្ឋាននៅហ្វីលីពីន។
ទូរទស្សន៍ Vietnam Television របស់រដ្ឋវៀតណាមបានរាយការណ៍ថា៖ «ចាប់ពីដើមឆ្នាំ ២០១៧ មកប្រតិបត្តិការភ្នាល់ល្បែងសរុបមានតម្លៃប្រហែល ២៦ លានដុល្លារ»។ សេចក្តីរាយការណ៍បន្តថាមនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសវៀតណាមបានប្រើប្រាស់សេវារបស់ភ្នាក់ងារល្បែងនេះ។
ស្ថិតក្រោមច្បាប់ព្រហ្មទណ្ឌវៀតណាម ការភ្នាល់ល្បែង ឬរៀបចំការភ្នាល់ល្បែងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ៕ KC