ក្រុងហុងកុងៈ អាជ្ញាធរ​ទីក្រុង​ហុងកុង​នឹង​បើក​ឲ្យ​ដំណើរការ​ផ្នែក​ខ្លះ​សម្រាប់​បម្រើ​សេវាកម្ម​អ្នកដំណើរ​តាមផ្លូវ​អាកាស​ដែល​ឆ្លងកាត់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​ ១ ​មិថុនា ស្របពេល​ទីក្រុង​មជ្ឈមណ្ឌល​ធុរកិច្ច​នេះ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ជា​បណ្តើរៗ​។

អាកាសយានដ្ឋាន​ហុងកុង​ជា​ទីកន្លែង​មួយ​ដ៏មមាញឹក​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​ការចុះ​ចត​ និង​ការហោះហើរ​បាន​ជាប់គាំង​ក្នុង​ស្ថានភាព​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​ទូទាំង​សកលលោក​។

លោកស្រី Carrie Lam អភិបាលក្រុង​ហុងកុង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​៖ «​សេវាកម្ម​ឆ្លងកាត់​នៅ​អាកាសយានដ្ឋាន​ដែល​ត្រូវបាន​ផ្អាក​ចាប់តាំងពី​ថ្ងៃទី​ ២៥ ​ខែមីនា​មក​នោះ​នឹង​ដាក់​ឲ្យ​ដំណើរការ​វិញ​នៅ​ថ្ងៃទី​ ១ ខែមិថុនា​»​។

ទីក្រុង​ហុងកុង​ជា​កន្លែង​ទី​ ១ ​មាន​អ្នកជំងឺ​កូវីដ​១៩ ពេល​ដែល​វា​ផ្ទុះឡើង​នៅ​ចិនដីគោក​នោះ​។

ប៉ុន្តែ​ទីក្រុង​នេះ​ចាប់​តាំងពី​ពេល​នោះមក​បានធ្វើ​កិច្ចការ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​សំដៅ​ទៅ​ប្រឆាំង​វីរុស​ជាមួយ​អ្នក​ឆ្លង​ច្រើនជាង​ ១ ០០០ ​នាក់ និង មាន​ ៤ ​នាក់​ស្លាប់​ក្នុង​ចំណោម​ប្រជាជន​ទាំងអស់​ចំនួន​ ៧,៥ ​លាន​នាក់​។

រហូតដល់​ថ្ងៃ​អង្គារ​ម្សិលមិញ​មាន​រយៈពេល​ ១១ ​ថ្ងៃ​ដែល​គ្មាន​ករណី​ឆ្លង​ថ្មី​ក្នុងចំណោម​ប្រជាជន​ក្នុង​ទីក្រុង​។

គ្រប់​អ្នកដំណើរ​ដែល​មក​ដល់​អាកាសយានដ្ឋាន​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​ចូលទៅ​កាន់​ទីក្រុង​នោះទេ រហូត​គេ​ធ្វើតេស្ត​រក​វីរុស​ជាមុនសិន​។ អ្នក​ដែលមាន​រោគ​សញ្ញាណ​វិជ្ជមាន​នឹងត្រូវ​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​តែម្តង​។

សកម្មភាព​ធុរកិច្ច​ជាច្រើន​ត្រូវបាន​បង្ខំ​ឲ្យ​បិទ​ក្នុង​ខែមីនា និង​មេសា​។

អាកាសយានដ្ឋាន​ក្រុង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​ជា​មជ្ឈមណ្ឌល​ទំនិញ​តាមផ្លូវ​អាកាស​ធំ​បំផុត និង​ជា​មជ្ឈមណ្ឌល​អ្នកដំណើរ​ឆ្លងកាត់​អន្តរជាតិ​ធំ​បំផុត​ទី​ ៤ ​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​ទទួល​បាន​ទំនិញ​ឆ្លងកាត់​ចំនួន​ ៤,៨ ​លាន​តោន និង​អ្នកដំណើរ​ជាង​ ៧១ ​លាន​នាក់​។

អ្នកដំណើរ​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន អំឡុង​ពេល​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​ធ្វើឲ្យ​ទីក្រុង​ជាប់គាំង​ជាច្រើន​ខែ​៕ RR