ក្រុង​ប៊្រុចសែលៈ គណៈកម្មការ​​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ផ្ដាច់​មុខ​ដ៏​មាន​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​ (EU) កាល​​ពី​ថ្ងៃ​ពុធ បាន​ចាប់​ផ្ដើម​ដំណើរការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​លើ​ក្រុមហ៊ុន​ Amazon ​ក្នុង​គ្រា​ដែល​មាន​​​​​ភាព​សង្ស័យ​​ថា ​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈាន​មុខ​គេ​នេះ​​ប្រើប្រាស់​​មិន​ត្រឹមត្រូវ​នូវ​​ទិន្នន័យ​ពាណិជ្ជករ​ដែល​បាន​ផ្ដល់​​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​

ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​នេះ​ ​​បើក​ទំព័រ​ថ្មី​មួយ​​ក្នុង​យុទ្ធនាការ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ដោះ​ស្រាយ​ការ​គ្រប​ដណ្តប់​លើស​លប់​​​របស់​ក្រុមហ៊ុន​​បច្ចេកវិទ្យា​របស់​អាមេរិក ដោយ​​ក្រុមហ៊ុន​ Google ក្រុម​ហ៊ុន Facebook និង​ក្រុមហ៊ុន Apple ​ក៏​ជា​កំណត់​ទិសដៅ​​​ប្រចាំ​​របស់​​ក្រុម​និយតករ​នៅ​​ទីក្រុង​ប៊្រុចសែល​ផង​ដែរ​។​

ជាមួយ​​ការ​ស៊ើប​អង្កេត​ថ្មី​នេះ អង្គភាព​​​ឃ្លាំមើល​ការ​​ប្រកួត​ប្រជែង​​នេះ កំពុង​ព្យាយាម​ពង្រីក​​អំណាច​ត្រួត​ពិនិត្យ​របស់​ខ្លួន​ទៅ​លើ​ទិន្នន័យ ដែល​ជា​ទ្រព្យ​​​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ក្រុមហ៊ុន​ធំៗ​ឈាន​មុខ​គេ​ទាំង​​​នេះ​ ដែល​នៅ​ពេល​នេះ​គ្រប​ដណ្ដប់​​លើ​ការ​ប្រើប្រាស់​គេហទំព័រ​​ទូទាំង​ពិភព​​លោក​។​

លោកស្រី Margrethe Vestager គណៈកម្មការ​​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ផ្ដាច់​មុខ​​របស់ EU បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​​ខ្ញុំ​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​យ៉ាង​​យក​ចិត្ត​ទុក​​ដាក់​ទៅ​លើ​​​ការ​អនុវត្ត​​អាជីវកម្ម​របស់​ក្រុមហ៊ុន Amazon និង​តួនាទី​ទ្វេ​របស់​ក្រុមហ៊ុន​នេះ​​ជា​ទីផ្សារ​ និង​ជា​​ក្រុមហ៊ុន​លក់​រាយ​ (និង) ដើម្បី​វាយ​តម្លៃ​លើ​អនុលោមភាព​​ទៅ​នឹង​វិធាន​​ប្រកួត​​ប្រជែង ​EU»។

ក្នុង​ចំណុច​សំខាន់​​នៃ​ករណី​នេះ គឺ​សេវា​របស់​ក្រុមហ៊ុន Amazon ដែល​ផ្តល់​ទៅ​ឲ្យ​​​ពាណិជ្ជករ​ភាគី​ទី៣ ​ដែល​ប្រើប្រាស់​​ក្រុមហ៊ុន​លក់​រាយ​អនឡាញ​​ធំ​ជាង​គេ​របស់​ពិភព​លោក​មួយ​នេះ​ ដើម្បី​ទទួល​បាន​អតិថិជន និង​ពង្រីក​ខ្លួន​​របស់​ភាគី​ទី៣ ​ទាំង​នោះ​ដើម្បី​​ចាប់​យក​​អតិថិជន​​។

គណៈកម្មការ​នេះ​ឲ្យ​ដឹង​ថា​ ​ក្នុង​ការ​ផ្ដល់​សេវា​នេះ ​ក្រុមហ៊ុន Amazon «បន្ត​ប្រមូល​ទិន្នន័យ​ អំពី​សកម្មភាព​​​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​»។​

យោង​តាម​សេចក្ដី​ថ្លែងការណ៍​នេះ លទ្ធផល​រក​ឃើញ​បឋម​​បង្ហាញ​ថា ​Amazon «ហាក់​ដូច​ជា​​​ប្រើប្រាស់​ព័ត៌មាន​​​ដ៏​រសើប​​អំពី​ការ​ប្រកួត​ប្រជែង ពោល​គឺ​ជា​ព័ត៌មាន​របស់​​​ក្រុមហ៊ុន​​លក់​នៅ​លើ​ទីផ្សារ​អនឡាញ ផលិតផល​របស់​ពួក​គេ និង​​ប្រតិបត្តិការ​នៅ​លើ​ទីផ្សារ​នេះ​»។​​

ទិន្នន័យ​ដែល​គណៈកម្មការ​នេះ ​សង្ស័យ​អាច​ផ្ដល់​ឲ្យ​​ Amazon នូវ​អត្ថប្រយោជន៍​​មិន​ស្មើភាព ដែល​ជួយ​​ឲ្យ​ក្រុមហ៊ុន​នេះ​ដាក់​លក់​ទំនិញ​ស្រដៀង​​គ្នា​ដែល​​រារាំង​ការ​កើន​ឡើង​​ការ​លក់​របស់​ដៃគូ​ប្រកួត​ប្រជែង៕​ AFP/LA