អាមេរិកៈ​ ក្នុង​ជំនួប​រវាង​នាយក​រដ្ឋមន្ដ្រី​ជប៉ុន ​ស៊ីនហ្សូ​ អាបេ ​និង​ប្រធា​នាធិប​តី​អាមេរិក ​ដូណាល់​ ត្រាំ ​នៅ​សប្តាហ៍​នេះ​ មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ​ហាក់​​បង្ហាញ​បំណង​ផ្ទុយ​គ្នា​ររៀង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​។

ខណៈ​លោក​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ីនហ្សូ​ អាបេ ​បាន​ថ្លែង​ថា ​ទី​ក្រុង​តូក្យូ​​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ក្នុងការ​ចាប់​ផ្ដើម​ការ​ចរចា​​ «​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​» ជា​មួយ​អា​មេរិក​ ប៉ុន្តែ​ប្រយ័ត្ន​ប្រយែង​មិន​សន្យា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី។ លោក​ត្រាំ​វិញ ​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​គឺ​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត​។​

លោក ​អាបេ ​បាន​លើក​ឡើង​ក្នុង​សន្និ​សីទ​នៃ​ជំនួប​ជា​មួយ​លោក ​ត្រាំ​​ ថា៖ «​យើង​បាន​យល់ព្រម​​ចាប់​ផ្ដើម​ការចរចា​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ សេរី ​ស្មើ​ភាព​ និង​ទៅ​វិញ​ទៅ​មក​»។

លោកអាបេ ​ថ្លែង​ដោយ​រំពឹង​ថា ​នឹង​អាច​ទាញ​លោក ​ដូណាល់ ​ត្រាំ ​មក​រក​តុ​ចរចា​ឡើង​វិញ​លើ​អ្វី​ដែល​គេហៅ​ថា ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ី​ហ្វិក​ (​TPP) ជា​កិច្ច​ព្រម​ព្រៀង​ក្នុង​តំបន់​មួយ​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ​បារ៉ាក់​ អូបាម៉ា​។

សម្រាប់​លោក​ ត្រាំ ​វិញ ​គឺ​ចង់​មើល​ឃើញ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ជាជាង​កិច្ច​ព្រម​ព្រៀង​តំបន់​​ ដែល​ទំនង​ជា​កំណត់​ទិស​ដៅ​ខ្លាំង​បំផុត​លើ​បញ្ហា​នយោ​បាយ​ដ៏រសើប​សម្រាប់​ទី​ក្រុង ​តូក្យូ ​ដែល​រួម​មាន​​លទ្ធ​ភាព​ចូល​ទីផ្សារ​កសិ​កម្ម ​និង​រថ​យន្ត​។​ ហើយ​លោក ​ត្រាំ​​ មិន​បាន​លើក​លែង​ប្រទេស​ជប៉ុន​ចេញពី​ពន្ធ​នាំ​ចូល​លើ ​ដែក​ថែប ​និង អា​លុយ​មី​ញ៉ូម​​ ដូច​ដែល​លោក​បាន​ធ្វើ​សម្រាប់​សម្ព័ន្ធ​មិត្ត​ និង​ដៃគូ​ផ្សេង​ទៀត​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​នោះ​ទេ​។

លើ​បញ្ហា​អាលុយ​មីញ៉ូម​នេះ​ លោក អាបេ ​បាន​បញ្ជាក់​ថា​៖ «​ឧស្សាហ​កម្ម​ដែក​ថែប​ និង​អាលុយ​មីញ៉ូម​របស់​ប្រទេស​ជប៉ុន​ កំពុង​រួ​មចំណែក​យ៉ាង​ច្រើន​ដល់​ឧស្សាហ​កម្ម ​និង​ការ​ងារ​របស់​អាមេរិក​ ដោយ​​មិន​មាន​ការ​គំរាម​កំហែង​ដល់​សន្ដិ​សុខ​​របស់​អា​មេរិក​នោះ​ទេ​»​។

លោក​ ត្រាំ​​ ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចង់​ត្រឡប់​ចូល​ទៅ​ក្នុង ​TPP​ នោះ​ទេ ប៉ុន្តែ​​បើ​ពួកគេ​បាន​ផ្ដល់​ដល់ពួកយើង​នូវ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ខ្ញុំ​មិនអាច​បដិសេធ​ តាង​នាម​ឲ្យ​អា​មេរិក​នោះ​ ខ្ញុំនឹង​ធ្វើវា»​។

លោក​បន្តថា៖ «​ប៉ុន្តែ​ខ្ញុំ​ចង់​បាន​ទ្វេភាគីជាង​​។ ​ខ្ញុំគិត​ថា​ វា​កាន់តែ​ប្រសើរ​ សម្រាប់​ប្រទេស​របស់​យើង​។ ខ្ញុំ​គិត​ថា វា​ប្រសើរ​សម្រាប់​កម្មករ​របស់​យើង ​ហើយ​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នូ​វកិច្ច​ព្រម​ព្រៀ​ទ្វេភាគី​»​។​

ទោះបី​យ៉ាង​នេះ​ក្តី លោក អាបេ​ ថ្លែង​ថា​៖ «​យើង​គិតថា TPP ល្អ​បំ​ផុត​សម្រាប់​ប្រទេស​ជប៉ុន​និង​អាមេរិក ​ហើយ​យើង​​នឹង​​មាន​ការ​ចរ​ចា​ជា​​មួយ​នឹង​ការ​ចង​ចាំ​​គំនិត​នេះ​ក្នុង​ចិត្ត​»៕LA