ក្រុងវ៉ាស៊ីនតោនៈ សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​គំរាម​ដកហូត​ពន្ធគយ​រហូតដល់ ១០០ ភាគរយ​ លើ​ទំនិញ​របស​ប្រទេស​ បារាំង​ ដែល​មាន​តម្លៃ ២,៤ ពាន់​លាន​ដុល្លារ ជាការ​តបត​ទៅនឹង​ពន្ធ​លើ​សេវា​ឌីជីថល ដែល​អាមេរិក​ថា​ជា​ពន្ធ​ដែលមាន​ការរើសអើង​។

ស្រា យ៉ាអួ និង​ឈីស Roquefort របស់​ប្រទេស​​ បារាំង ​ស្ថិត​ក្នុង​បញ្ជី​ទំនិញ​ដែល​អាចជា ទិសដៅ​នៃ​ការដក​ហូតពន្ធ​ក្នុងពេល​ឆាប់​នៅ​ពាក់កណ្តាល​ខែមករា បន្ទាប់ពី​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​រកឃើញ​ថា ពន្ធ​ឌីជីថល​របស់​បារាំង​ដាក់ពិន័យ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក ដូចជា ក្រុមហ៊ុន Google, Apple, Facebook និង​ក្រុមហ៊ុន Amazon​។

លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា សេចក្តី​សម្រេច​នេះ «​បញ្ជូន​សញ្ញា​ច្បាស់លាស់​មួយ​ថា សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​របប​ពន្ធ​ឌីជីថល​ដែល​រើសអើង ឬ​បើ​មិន​ដូច្នេះ​ទេ ដាក់​បន្ទុក​ដែល​មិន​សមស្រប​លើ​ក្រុមហ៊ុន​របស់​អាមេរិក​»​។

លោក Lighthizer ក៏​ព្រមាន​ផងដែរ​ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​ពង្រីក​ការស៊ើបអង្កេត​ទៅលើ​ពន្ធ​ប្រហាក់ប្រហែល​នេះ​ក្នុងប្រទេស​អូទ្រីស អ៊ីតាលី និង​តួកគី​។

លោក​មានប្រសាសន៍​ថា​៖ «​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ផ្តោត​ការ យកចិត្តទុកដាក់​លើ​ការតបត​ទៅនឹង​កិច្ច​គាំពារ​និយម​ដែល​កំពុង​កើនឡើង​របស់​រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប​ដែល​ផ្តោត​ទិសដៅ​មិន​ស្មើភាព​លើ​ក្រុមហ៊ុន​អាមេរិក មិន​ថា តាមរយៈ​ពន្ធ​លើ​សេវា​ឌីជីថល ឬ​កិច្ចប្រឹងប្រែង​ផ្សេងៗ​ដែល​កំណត់​ទិសដៅ​លើ​ក្រុមហ៊ុន​សេវា​ឌីជីថល​អាមេរិក​ឈានមុខ​គេ​នោះទេ​»​។

ការប្រកាស​នេះ​បាន​កើតមានឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គ្រោង​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នៅក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល​របស់​អង្គការ NATO ក្នុង​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។

ពន្ធ​ឌីជីថល​របស់​បារាំង​ដែល​ត្រូវបាន​អនុម័ត​នៅ​ដើមឆ្នាំ​នេះ​ដកហូត​ពន្ធ ៣ ភាគរយ​លើ​ប្រាក់ចំណូល​ដែល​រកបាន​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​បារាំង ដែល​ជា​ញឹកញាប់​ទទួល​បាន​ចំណូល​ពី​ការផ្សព្វផ្សាយពាណិជ្ជកម្ម និង​សេវា​ឌីជីថល​ផ្សេងៗ​៕ KC