ក្រុងរីយោដឹហ្សេនេរ៉ូៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានប្រកាសពីផែនការដកហូតពន្ធជាថ្មីលើដែកថែប និងអាលុយមីញ៉ូមដែលនាំចូលមកពីប្រទេសប្រេស៊ីល និងអាហ្សង់ទីន ដែលវាយប្រហារឡើងវិញចំពោះអ្វីដែលលោក ត្រាំ បានហៅថាជាគោលនយោបាយ «មិនស្មើភាព» របស់ប្រទេសទាំង ២ នេះ។
វិធានការនេះទំនងជាបង្កការភ្ញាក់ផ្អើលដល់លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលដែលបានចាត់ទុកខ្លួនឯងថាជាសម្ព័ន្ធមិត្តមនោគមន៍វិជ្ជារបស់លោក ត្រាំ។ ថ្នាក់ដឹកនាំក្នុងឧស្សាហកម្មក្នុងប្រទេសទាំង ២ បានប្រឆាំងទៅនឹងវិធានការនេះ។
លោក Trump សរសេរនៅលើ Twitter ថា «ប្រេស៊ីល និងអាហ្សង់ទីនទទួលខុសត្រូវលើការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេខ្លាំង» ដែលកំពុងបង្កផលប៉ះពាល់ដល់កសិករអាមេរិក។
លោកឲ្យដឹងថា៖ «ដោយមានប្រសិទ្ធភាពភ្លាមៗ ខ្ញុំនឹងដកហូតពន្ធឡើងវិញលើដែកថែប និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលមកអាមេរិកពីប្រទេសទាំង ២»។
កាលពីឆ្នាំមុនលោក ត្រាំ បានប្រកាសដកហូតពន្ធ ២៥ ភាគរយលើដែកថែប និង ១០ ភាគរយលើអាលុយមីញ៉ូម ប៉ុន្តែក្រោយមកបានអនុម័ត ការលើកលែងលើប្រទេសមួយចំនួនរួមទាំងប្រទេសអាហ្សង់ទីន និងប្រេស៊ីលផងដែរ បន្ទាប់ពីប្រទេសទាំងនោះបានព្រមព្រៀងចំពោះកូតានានា។
លោក Bolsonaro បានព្យាយាមនិយាយសម្រាលបញ្ហានេះដោយថ្លែងថា លោកនឹងអំពាវនាវទៅលោក ត្រាំ ឲ្យយោគយល់ថែមទៀតពីស្ថានភាពរបស់ប្រេស៊ីល និងអួតថា លោកមាន «បណ្តាញចំហ» ជាមួយមេដឹកនាំអាមេរិករូបនេះ បើចាំបាច់។
ក្រោយមក ក្នុងបទសម្ភាសតាមវិទ្យុមួយ លោក Bolsonaro ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីមានការយោគយល់ ហើយមិនដាក់ពិន័យយើងក្នុងបញ្ហានេះ»។
លោក Bolsonaro បន្ថែមថា លោកមានទំនុកចិត្តថា លោកនឹងទទួលបានការស្តាប់ប្រកបដោយអំណោយផលពីលោក ត្រាំ៕ KC