ក្រុងប៊ុយណូស៊ែៈ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប (EU) របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ស្ថិត​ក្នុង​ការជាប់គាំង​ផ្នែក​ពាណិជ្ជកម្ម បន្ទាប់ពី​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​បដិសេធ​មិន​ធ្វើតាម​ការទាមទារ​ឲ្យ​មាន​ការ​សម្បទាន​។

ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ (G20) នៅ​ទីក្រុង​ប៊ុយណូស៊ែ លោក Mnuchin បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន និង EU ត្រូវ​គោរព «​ពាណិជ្ជកម្ម​សេរី ស្មើភាព និង​ទៅវិញ​ទៅមក​» ចំពេល​ដែល​កំពុង​មាន​ការចរចា​ស្តីពី​ជម្លោះ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កើនឡើង​កាន់តែ​ខ្លាំង ប៉ុន្តែ​សមភាគី​បារាំង​របស់​លោក​បាន​រិះគន់​តប​វិញ​ថា អាមេរិក​ត្រូវតែ​ «​ត្រឡប់​ទៅ​រក​ហេតុផល​វិញ​»​។

លោក Mnuchin មិន​អាច​បត់បែន​បាន​នៅក្នុង​វិធីសាស្ដ្រ​របស់​លោក​ចំពោះ EU បន្ទាប់ពី​មាន​វិធានការ​សងសឹក​មួយ​ចំនួន​ដែល​បានចាប់ផ្ដើម​ដោយសារ​ការសម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការដក​ហូតពន្ធ​នាំ​ចូល​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​។

លោក Mnuchin មាន​ប្រសាសន៍​ថា​៖ «​សារ​របស់​ខ្ញុំ​គឺ​ច្បាស់លាស់ វា​ជា​សារ​តែ​មួយ​ដែល​លោក​ប្រធានាធិបតី​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ G7៖ ប្រសិន​បើ​អឺរ៉ុប​ជឿជាក់​លើ​ពាណិជ្ជកម្ម​សេរី យើង​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដោយ​មិន​មាន​ពន្ធ​នាំចូល មិនមាន​របាំង​មិនមែន​ពន្ធ និង​មិន​មាន​ការ​ឧបត្ថម្ភ​ធន​។ វា​ត្រូវ​តែ​មាន​ទាំង ៣ ​នេះ​»​។

សារ​នោះ​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លើយតប​ដ៏រឹងមាំ​ពី​លោក Bruno Le Maire រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​នៅ​ក្នុង​កិច្ចប្រជុំ G20 ដែល​កិច្ចប្រជុំ​នេះ​ជា​ជំនួប​របស់​ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារ​កណ្តាល​មកពី​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ២០ របស់​ពិភពលោក​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​បដិសេធ​ចរចា​ដោយ​ការយក​អាវុធ​មក​ភ្ជង់​នៅ​នឹង​ក្បាល​»​។

លោក​ថ្លែង​ថា​៖ «​វា​ត្រូវ​តែ​ជា​អាមេរិក​ដែល​ត្រូវ​ចាត់​វិធានការ​មុន​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​»​។

លោក​បន្ត​ថា​លោក​រំពឹង​ថា​៖ «​នឹង​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​» ពី​លោក ត្រាំ បើ​មិន​អ៊ីចឹង​ទេ «​នឹង​មិន​មាន​ជម្រើស​ក្រៅពី​ការសងសឹក​នោះ​ទេ​»​។

លោកស្រី Christine Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បើក​កិច្ចប្រជុំ​កំពូល​នេះ​ជាមួយ​នឹង​ការបញ្ជាក់​ជាថ្មី​នូវ​ក្តីបារម្ភ​របស់​លោកស្រី​ថា ការកើនឡើង​ការរឹតបន្តឹង​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) ទូទាំង​ពិភពលោក​។

លោកស្រី Lagarde ថ្លែង​ថា​ដោយ​ពិចារណា​លើ «​វិធាន​ការប្រកាស​បច្ចុប្បន្ន និង​កំពុង​ដំណើរការ​» មូលនិធិ IMF បង្ហាញ​ថា​ក្នុង​សេណារីយោ​អាក្រក់​បំផុត កំណើន​សេដ្ឋកិច្ច ០,៥ ភាគរយ​នឹង​ត្រូវ​កាត់បន្ថយ​ពី ផ.ស.ស ពិភពលោក ដែល​មាន​ទំហំ​ប្រហែល ៤៣០ ពាន់​លាន​ដុល្លារ​។

ប៉ុន្តែ​លោក Mnuchin មិន​បាន​បង្ហាញ​ថា​គ្មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា អាមេរិក​មាន​ឆន្ទៈ​ដកថយ​នោះ​ទេ​។

ដោយ​សួរ​ពី​ការគំរាម​កំហែង​របស់​លោក​ដូណាល់ ត្រាំ ក្នុង​ការ​វាយប្រហារ​ប្រទេស​ចិន​ជាមួយ​នឹង​ពន្ធ​ពិន័យ​លើ​ទំនិញ​ទាំងអស់​ក្នុង​តម្លៃ​ ៥០០ ​ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​នេះ​នាំ​ចេញ​ទៅ​អាមេរិក​នោះ​លោក Mnuchin ថ្លែង​ថា​៖ «​ច្បាស់​ណាស់ វា​អាច​កើត​មាន​ឡើង​ពិតប្រាកដ ដូច្នេះ​ខ្ញុំ​នឹង​មិន​កាត់បន្ថយ​ភាព​អាច​កើត​មាន​នេះ​ទេ​»​។

ជម្លោះ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កាន់តែ​កើនឡើង​នេះ តែងតែ​ត្រូវ​បាន​រំពឹង​ថា​នឹង​គ្របដណ្ដប់​លើ​កិច្ចពិភាក្សា​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​អាហ្សង់ទីន​មួយ​នេះ​ហើយ​លោក Eduardo Guardia រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្រេស៊ីល​បាន​ថ្លែង​ថា គណៈប្រតិភូ​ជាច្រើន​បាន​និយាយ​អំពី «​ការគំរាម​កំហែង​លើ​ចក្ខុវិស័យ​សេដ្ឋកិច្ច​» ដែល «​ប៉ះពាល់​លើ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។

លោក Le Maire បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ពាណិជ្ជកម្ម​ពិភពលោក​មិន​អាច​ត្រូវ​ពឹង​ផ្អែក​លើ​ការរស់រាន​ដោយសារ​ការ​សម្រប​ខ្លួន​នោះ​ទេ​»៕ LA