ក្រុង​វ៉ាស៊ីនតោនៈ លោកស្រី Elaine Chao ​រដ្ឋមន្រ្ដី​ក្រសួង​ដឹក​ជញ្ជូន​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ បាន​ណែនាំ​ជា​ផ្លូវ​ឲ្យ​​ការិយាល័យ​ឃ្លាំមើល​ផ្ទៃ​ក្នុង​របស់​ក្រសួង​ធ្វើ​សវនកម្ម​លើ​ដំណើរការ​ផ្តល់​​វិញ្ញាបនបត្រ​សម្រាប់​យន្តហោះ ​737 MAX 8 របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ ​ Boeing បន្ទាប់​ពី​ការ​​ធ្លាក់​យន្តហោះ​​ដែល​​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​នៅ​ពេល​ថ្មីៗ​។​

សំណើ​របស់​លោកស្រី​ Chao ធ្វើ​ឡើង​ក្នុង​គ្រា​​ដែល​មាន​សេចក្ដី​រាយការណ៍​ថា អាជ្ញាធរ​អាមេរិក​ក៏​បាន​ចាប់​ផ្តើម​ដំណើរការ​ស៊ើប​អង្កេត​​បទ​ឧក្រិដ្ឋ​ទៅ​លើ​ការ​ផ្តល់​វិញ្ញាបនបត្រ​របស់​យន្តហោះ​ដែល​លក់​ដាច់​បំផុត​នេះ​​ផង​ដែរ​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ហោះហើរ​ជុំវិញ​ពិភព​លោក។​

មនុស្ស​ជិត​ ៣៥០ ​នាក់​បាន​ស្លាប់​នៅ​លើ​យន្តហោះ​ 737 MAX 8 ក្នុង​ការ​ធ្លាក់​ចំនួន ២ លើក​ដោយ​ឡែក​ពី​គ្នា​​​ក្នុង​រយៈពេល​មិន​ដល់ ​​៥ ខែ​ផង​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី ​កាល​ពី​ឆ្នាំ​មុន និង​នៅ​ប្រទេស អេត្យូពី ​កាល​ពី​ថ្ងៃ​ទី ​១០​ ខែ មីនា ឆ្នាំ​នេះ​​​​នៅ​ក្រៅ​ទីក្រុង​អាឌីសអាបេបា ប្រទេស អេត្យូពី។

សេចក្ដី​រាយការណ៍​បឋម​បាន​​​រក​ឃើញ​ភាព​ស្រដៀង​គ្នា​ចំពោះ​ការ​​​ធ្លាក់​យន្តហោះ​ទាំង ២ ​ករណី​នេះ ដែល​យន្តហោះ​ទាំង​នេះ​បាន​ធ្លាក់​ក្រោយ​ពេល​បាន​​​ហោះ​​ឡើង​បន្តិច។​

ក្នុង​មេម៉ូ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ផ្ញើ​ទៅ​កាន់​លោក Calvin Scovel អគ្គអធិការ​កិច្ច​ដឹក​ជញ្ជូន លោក​ស្រី Chao ​​បាន​​ឲ្យ​​ដឹង​ថា ក្រុមហ៊ុន​ Boeing​ បាន​ស្នើសុំ «វិញ្ញាបនបត្រ​ប្រភេទ​កែ​សម្រួល» មួយ​សម្រាប់​​យន្តហោះ 737 MAX 8 កាល​ពី​ខែ ​មករា ​ឆ្នាំ​២០១២ ហើយ​​ក្រុមហ៊ុន​នេះ​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​​កាល​ពី​ខែ មីនា ឆ្នាំ ​២០១៧។​

លោកស្រី​ Chao បាន​ឲ្យ​ដឹង​ថា លោកស្រី​កំពុង​ស្នើ​ឲ្យ​​ធ្វើ​សវនកម្ម​នេះ ដើម្បី​បង្កើ​ជា ប្រវត្តិសាស្រ្ត​ជាក់​ស្តែង​លម្អិត​មួយ​​នៃ​ដំណើរការ​​ផ្តល់​វិញ្ញាបនបត្រ​​យន្តហោះ។​

មេម៉ូ​នេះ​​បាន​បញ្ជាក់​ថា​ជា​ការ​​ពិត​អំពី​សេចក្ដី​រាយការណ៍​ប្រព័ន្ធ​ព័ត៌មាន​​កន្លង​មក​ថា ការ​ស៊ើប​អង្កេត​បែប​នោះ​កំពុង​ដំណើរការ​។​

ការិយាល័យ​អគ្គ​អធិការកិច្ច​ ​គឺ​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​ឯករាជ្យ​មួយ​នៅ​ក្នុង​ទី​ភ្នាក់ងារ​សហព័ន្ធ​អាមេរិក​ដែល​ដឹកនាំ​ការ​ធ្វើ​សវនកម្ម ប៉ុន្តែ​​ការិយាល័យ​នេះ​ក៏​អាច​បញ្ជូន​បញ្ហា​នានា ដែល​ខ្លួន​រក​ឃើញ​ទៅ​អាជ្ញាធរ​អនុវត្ត​ច្បាប់​បាន​ដែរ។​

ក្រុម​អ្នក​ស៊ើប​អង្កេត​រហូត​មក​​ដល់​ពេល​នេះ​ តាម​ការ​​រាយការណ៍​ថា​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន MCAS ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ ​ឥណ្ឌូនេស៊ី​កាល​ពី​ខែ​តុលា​។​

អាជ្ញាធរ​របស់​​ប្រទេស ​អេត្យូពី និង​ការិយាល័យ​ស៊ើប​អង្កេត​ និង​ការ​វិភាគ​ BEA របស់​ប្រទេស​ ​បារាំង​ ដែល​បាន​ពិនិត្យ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​ធ្លាក់​យន្តហោះ​​នៅ​ពេល​ថ្មី​បំផុត​​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​រក​ឃើញ «​ភាព​ស្រដៀង​គ្នា​​ច្បាស់លាស់» រវាង​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Ethiopian និង​ក្រុមហ៊ុន Lion Air។​

ក្រុមហ៊ុន Boeing ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​ថា ខ្លួន​កំពុង​បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សូហ្វវែរ និងការ​បណ្ដុះ​បណ្ដាល​​អ្នក​បើកបរ​យន្តហោះ ដែល​ជាប់​ទាក់ទង​នឹង​ប្រព័ន្ធ​ MCAS៕ AFP/​LA