ភ្នំពេញៈ សហរដ្ឋអាមេរិកនឹងត្រួតពិនិត្យការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករពីបណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ ដើម្បីបញ្ឈប់ការនាំចូល ខណៈដែលការកើនឡើងចំនួននាំចូលកំពុងប៉ះពាល់ដល់កសិកររបស់ពួកគេ។
សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice) ដែលការពារវិស័យទាំងអស់លើពិភពលោកនៃឧស្សាហកម្មស្រូវអង្ករអាមេរិកកាលពីចុងខែមិថុនា USA Rice បានផ្ដល់សក្ខីកម្មជាក់ស្ដែងដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ក្នុងការគាំទ្រការលុបចោលពីបញ្ជីទំនិញដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP)។
សហព័ន្ធនេះបានឲ្យដឹងថា អាមេរិកបានផ្ដល់អត្ថប្រយោជន៍តាមរយៈ GSP រយៈពេលវែងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលផ្ដល់លទ្ធភាពនាំចូលទីផ្សារអាមេរិកដោយរួចពន្ធ ហើយប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនមានសិទ្ធិទទួលបានការរួចពន្ធសម្រាប់អង្ករចំហុយ និងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដូចជាកម្ពុជា និងមីយ៉ាន់ម៉ាមានសិទ្ធិនាំចូលទីផ្សារអាមេរិកគ្រប់ប្រភេទអង្ករដោយរួចពន្ធ។
សហព័ន្ធនេះបន្ថែមថា USA Rice បានដាក់ញត្តិទៅការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) កាលពីខែមីនា ហើយញត្តិនេះបានដំណើរការទៅមុខលើការត្រួតពិនិត្យផ្លូវការហើយ។
សហព័ន្ធនេះបន្តថា៖ «USA Rice បន្តប្រឈមនឹងការធ្វើពិពិធកម្មទីផ្សារនាំចេញដែលឧស្សាហកម្មក្នុងស្រុកមួយនេះបញ្ជាក់ពីភាពរសើបលើការនាំចូល និងប្រើប្រាស់របាំងពន្ធ និងមិនមែនពន្ធដើម្បីចូល...វាដល់ពេលទទួលស្គាល់ថា អង្ករដែលផលិតនៅអាមេរិកកំពុងមានភាពរសើបក្នុងការនាំចូលផងដែរ»។
យោងតាមព័ត៌មានដែលបានទទួលដោយភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធ ជាផ្នែកមួយនៃការត្រួតពិនិត្យប្រចាំឆ្នាំ ២០២០ សម្រាប់ការកែប្រែ GSP គណៈកម្មាធិការ បុគ្គលិកគោលនយោបាយពាណិជ្ជកម្ម (TPSC) បានសម្រេចចិត្តទទួលយកផលិតផលមួយចំនួន សម្រាប់ត្រួតពិនិត្យ។
សហព័ន្ធនេះបានឲ្យដឹងថា៖ «USTR បានទទួលយកញត្តិនេះ ដើម្បីលុបចោលនូវ GSP នេះ។ ឥឡូវវាកំពុងស្ថិតក្រោមការពិចារណា។ USITC នឹងដាក់របាយការណ៍សម្ងាត់ទៅ USTR ត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០។ USTR រំពឹងថានឹងចេញសេចក្ដីសម្រេចនៅមុន ឬនៅថ្ងៃទី ៣១ ខែតុលា និងចាប់ផ្ដើមអនុវត្តនៅមុន ឬនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០»។
សហព័ន្ធនេះបន្តថា ប្រទេសដែលនឹងប្រឈមការប៉ះពាល់រួមមានប្រទេសថៃ ឥណ្ឌា (បាត់ GSP កាលពីខែមិថុនា ឆ្នាំ ២០១៩) ប៉ាគីស្ថាន ប្រេស៊ីល វៀតណាម អាហ្សង់ទីន និងកម្ពុជា។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដឹងពីរឿងនេះ ហើយលោកនឹងរៀបចំកិច្ចប្រជុំមួយដើម្បីដោះស្រាយបញ្ហានេះ ខណៈដែលអាមេរិកគឺជាទីផ្សារថ្មីមួយសម្រាប់អង្ករកម្ពុជា។
លោកថ្លែងថា៖ «អាមេរិកជាទីផ្សារថ្មីមួយដែលយើងបានផ្គត់ផ្គង់សហគមន៍ជនជាតិអាស៊ីនៅអាមេរិក ភាគច្រើនអង្ករក្រអូបសរីរាង្គ និងអង្ករក្រអូប»។
លោក សារ៉ន លើកឡើងថា៖ «ពិតហើយវានឹងមានផលប៉ះពាល់លើការនាំចេញអង្ករទៅអាមេរិក ដោយសារតែយើងជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ហើយសមត្ថភាពប្រកួតប្រជែងរបស់យើងនៅទាប។ ខ្ញុំចង់អំពាវនាវឲ្យពាណិជ្ជកម្មអាមេរិក ពិចារណាក្នុងការដាក់អង្ករកម្ពុជានៅក្នុង GSP។ វាមានប្រយោជន៍ដល់កសិកររបស់យើង»។
លោកបញ្ជាក់ថា កម្ពុជានាំចេញអង្ករក្រអូបប្រហែល ២ ០០០ តោន ទៅអាមេរិកក្នុងឆ្នាំ ២០១៩ និង ២ ០០០ តោន ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២០។
ប៉ុន្តែលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា អង្ករកម្ពុជាមិនទាន់បញ្ចូលក្នុងប្រព័ន្ធ GSP ទេ។
លោកនិយាយថា៖ «តាមការសាកសួរពីនាយកដ្ឋានអាមេរិក កម្ពុជាមិនបានទទួល GSP ពីអាមេរិកទេលើផលិតផលអង្ករ។ បច្ចុប្បន្នកម្ពុជាទទួលបានតែ GSP លើផលិតផលធ្វើដំណើរ ដែលសុពលភាព GSP នោះក៏នឹងផុតនៅក្នុងឆ្នាំ ២០២០ នេះផងដែរ»។
ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង ៤១ ភាគរយដល់ ៣៩៧ ៦៦០ តោន នៅឆមាសទី ១ ឆ្នាំនេះធៀបនឹង ២៨១ ៥៣៨ តោន ដែលបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕LA