ភ្នំពេញៈ រដ្ឋាភិបាលអាមេរិកបានយល់ព្រមបន្តការអនុគ្រោះពន្ធទូទៅប្រចាំឆ្នាំ ២០១៨ សម្រាប់ប្រទេសក្រីក្រទាំងអស់ដែលនាំទំនិញទៅអាមេរិកក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបញ្ជាក់ថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៣ ខែមីនា ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្មពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០។
ក្រសួងពាណិជ្ជកម្មក៏បានជូនដំណឹងដល់ពាណិជ្ជករកម្ពុជាដែលនាំទំនិញទៅលក់នៅអាមេរិក ហើយបានជាប់ពន្ធបណ្តោះអាសន្នចាប់ពីខែមករាឆ្នាំនេះមក ឲ្យធ្វើការស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញ។
ច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តែងត្រូវបានរដ្ឋាភិបាលអាមេរិកធ្វើការត្រួតពិនិត្យ និងផ្តល់សុពលភាពឡើងវិញជាប្រចាំឆ្នាំ ដើម្បីអនុញ្ញតឲ្យប្រទេសក្រីក្រជាច្រើនរួមទាំងកម្ពុជាអាចនាំចូលទំនិញទៅលក់នៅទីផ្សារអាមេរិកដោយមិនជាប់កាតព្វកិច្ចពន្ធគយ។ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យនាំចេញ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មលើកឡើងថា៖ «ចំពោះអ្នកដែលបាននាំចូលទៅសហរដ្ឋអាមេរិកគិតចាប់ពីថ្ងៃទី ១ មករាឆ្នាំ ២០១៨ អាចស្នើសុំដកប្រាក់ពន្ធដែលបានបង់រួចមកវិញបានតាមការជូនដំណឹងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)»។
GSP គឺជាប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មដែលអាមេរិកផ្តល់ឲ្យប្រទេសក្រីក្រជាច្រើននៅលើពិភពលោករួមមានកម្ពុជាផងដែរ។ តាមរយៈប្រព័ន្ធ GSP នេះអាមេរិកបានអនុញ្ញាតឲ្យកម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិកដោយមិនគិតពន្ធគយលើទំនិញជាច្រើនមុខ។ តែយ៉ាងណាក៏ដោយមុខទំនិញទាំងនោះភាគច្រើនជាទំនិញដែលកម្ពុជាមិនទាន់ផលិតបាន ខណៈទំនិញដែលកម្ពុជាកំពុងនាំចេញទៅអាមេរិក ដូចជាសម្លៀកបំពាក់ និង ស្បែកជើងជាដើម មិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញរួចពន្ធ GSP នៅឡើយនោះទេ។
កាលពីខែកក្កដាឆ្នាំ ២០១៦ អាមេរិកបានធ្វើការសម្រេចថ្មីដោយបញ្ចូលមុខទំនិញទាក់ទងនឹងការធ្វើដំណើរដែលផលិតនៅកម្ពុជាទៅក្នុងប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលអនុញ្ញាតឲ្យទំនិញមួយចំនួនដូចជា កាបូបយួរដៃ កាបូបស្ពាយ វ៉ាលិស កាតាប និងសម្ភារផ្សេងៗទៀតដែលទាក់ទងនឹងការធ្វើដំណើរ បានទទួលការរួចពន្ធគយពេលនាំចូលទៅអាមេរិក។
អ្នកនៅក្នុងឧស្សាហកម្មនេះហាក់មិនបានបង្ហាញពីភាពភ្ញាក់ផ្អើលនោះទេចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថាជាទូទៅកិច្ចសន្យាទិញលក់ទំនិញតែងជាកិច្ចសន្យាលក់ដែលចប់ត្រឹមកំពង់ផែ (FOB) ដែលមិនសូវមានកិច្ចសន្យាបញ្ជូនផលិតផល និងដឹកដល់ឃ្លាំងនៅអាមេរិកនោះទេ។ ដូច្នេះហើយជាក់ស្តែង ភារកិច្ចក្នុងការស្នើសុំប្រាក់បង់ពន្ធមកវិញប្រហែលជាភាគច្រើនជាកិច្ចការរបស់អ្នកចូលនៅអាមេរិក។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា៖ «វាជាការល្អណាស់ដែលប្រព័ន្ធ GSP ត្រូវបានផ្តល់ឲ្យវិញ។ បន្ថែមពីនេះយើងរំពឹងថានៅពេលមានការត្រួតពិនិត្យលើកក្រោយទៀត យើងសង្ឃឹមថាផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់យើងក៏នឹងអាចបញ្ចូលក្នុងបញ្ជីមុខទំនិញរួចពន្ធ GSP ផងដែរនាពេលខាងមុខ»។ លោកបន្តថា៖ «ជាការទទួលស្គាល់ពីដំណើរការល្អរួមទាំងការកែលម្អលក្ខខណ្ឌការងារ និងមានការការពារសិទិ្ធកម្មករត្រឹមត្រូវ ផលិតផលកាន់តែច្រើនឡើងចេញពីកម្ពុជាគួរត្រូវបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលកត្តានេះក៏ឆ្លើយតបនឹងការតាំងចិត្តរបស់អាមេរិកក្នុងការបង្កើនមុខទំនិញពីប្រទេសក្រីក្រចូលក្នុងបញ្ជី GSP»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនៃក្រុមហ៊ុនប្រឹក្សាផ្នែកពាណិជ្ជកម្ម (EMC) លើកឡើងថាកន្លងមកមានការបារម្ភ និងក្តីមន្ទិលជាច្រើនទាក់ទងនឹងផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ ហើយអ្នកនយោបាយពីគ្រប់និន្នាការតែងធ្វើការបកស្រាយផ្សេងៗគ្នាដើម្បីប្រយោជន៍នយោបាយរៀងខ្លួន។ លោកលើកឡើងថាការអនុម័តជាផ្លូវការនៃប្រព័ន្ធ GSP ពីរដ្ឋាភិបាលអាមេរិកនេះបានជួយឲ្យសាធារណជនមានការធូរស្រាលក្នុងចិត្ត។ លោកបន្តថា៖ «ខ្ញុំគិតថាមានផលវិជ្ជមានជាច្រើនសម្រាប់ទំនាក់ទំនងរបស់ប្រទេសទាំង ២។ ទោះបីជាប្រយោជន៍លុយកាក់នៅមានកម្រិតដោយសារអ្នកនាំចេញទំនិញសំខាន់ៗមួយចំនួនមិនទាន់បានផលក៏ដោយ»។ លោកបន្តថា៖ «ខ្ញុំយល់ថាភាគីនយោបាយមិនថា ភាគីណាក៏ដោយ គួរកុំឲ្យយកការវិវត្ត [ពី GSP] នេះបកស្រាយរៀងៗខ្លួន ដើម្បីជាផលចំណេញផ្ទាល់ខ្លួនអី។ តែគួរយកការវិវត្តនេះជាផលចំណេញការបរទេសវិញ»៕