ក្រុងវ៉ាស៊ីនតោនៈ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​អាច​លុប​ចោល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Rusal ដែល​ជា​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ដ៏ធំ​របស់​រុស្ស៊ី បើ​លោក Oleg Deripaska បោះបង់​ចោល​ការគ្រប់គ្រង​ក្រុមហ៊ុន​នេះ​។

ការប្រកាស​នេះ​បាន​ធ្វើឲ្យ​តម្លៃ​អាលុយមីញ៉ូម​ធ្លាក់​ចុះ ៧,២ ភាគរយ​នៅ​ផ្សារ​លក់​លោហៈ​ទីក្រុង​ឡុងដ៍ ទន្ទឹម​នឹង​លោហៈ​ផ្សេង​ទៀត ដូចជា មាស នីកែល និង​ប៉ាឡាញ៉ូម ក៏​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ផង​ដែរ​។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ខ្លួន​នឹង​ផ្តល់​ពេលវេលា​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​អនុលោម​តាម​ទណ្ឌកម្ម ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា ប្រឆាំង​នឹង​ក្រុមមន្ត្រី​រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ការប៉ុនប៉ង​ឃាតកម្ម​តាមរយៈ​ការដាក់​ថ្នាំ​បំពុល​អតីត​អ្នក​ស៊ើបការណ៍​សម្ងាត់ Sergei Skripal ដែល​អង់គ្លេស និង​អាមេរិក បាន​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​រុស្ស៊ី​។

សេចក្តី​ប្រកាស​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អាច​ធ្វើ​ឡើង​តាមរយៈ «​ការដក​ការវិនិយោគ និង​ការបោះបង់​ចោលការ​គ្រប់គ្រង​ក្រុមហ៊ុន RUSAL ដោយ​លោក Oleg Deripaska »​។

ទណ្ឌកម្ម​ទាំង​នេះ​បាន​គំរាម​អាជីវកម្ម​របស់​ក្រុមហ៊ុន Rusal ដែល​មាន​ទំហំ ៧ ភាគរយ​នៃ​ផលិតកម្ម​អាលុយមីញ៉ូម​របស់​ពិភពលោក​។

ទណ្ឌកម្ម​នានា​តាមរយៈ​ការគំរាមកំហែង​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​នានា​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន Rusal នោះ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ក្តីបារម្ភ​ពី​ការផ្គត់ផ្គង់​អាលុយមីញ៉ូម​កាន់តែ​តិច​ផង​ដែរ​នៅលើ​ទីផ្សារ​ពិភពលោក​ដោយ​បាន​ធ្វើ​ឲ្យ​តម្លៃ​អាលុយមីញ៉ូម​កើន​ឡើង​ខ្លាំង​។

លោក Oligarch Deripaska ត្រូវ​បាន​ចាត់ទុក​ថា​ជា​មិត្ត​ជិតស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ហើយ​ក៏​ជាប់​ទាក់ទង​នឹង​លោក Paul Manafort អតីត​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផង​ដែរ​៕ BP