ក្រុងវ៉ាស៊ីនតោនៈ និយតករ​សហរដ្ឋអាមេរិក​កាលពី​ចុងសប្តាហ៍​មុន​បានសម្រេច​ជា​ឯកច្ឆន​ក្នុង​ការកំណត់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ZTE និង Huawei ថា​ជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ និង​បាន​ប្លុក​ក្រុមហ៊ុន​នេះ​មិន​ឲ្យ​ចូល​ទៅក្នុង​ការផ្តល់សេវា និង​ឧបករណ៍​ដែល​ផ្តល់​មូលនិធិ​ដោយ​មូលនិធិ​សហព័ន្ធ​តម្លៃ ៨,៥ ​ពាន់​លាន​ដុល្លារ​។

គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ (FCC) ក៏​បាន​ស្នើ​ផងដែរ​ថា ក្រុមហ៊ុន​ផ្តល់​សេវា​ផ្សេងទៀត​ត្រូវ​បាន​តម្រូវ​ឲ្យ​លុបចោល ឬ​ឈប់​ប្រើ​សេវា​ និង​ឧបករណ៍​ដែល​មាន​ស្រាប់​ពី​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​។

ដោយ​ដកស្រង់​សុន្ទរកថា​ពី​អគ្គមេធាវី​លោក Bill Barr និង​លោក Chris Wray ប្រធានការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក Ajit Pai ប្រធាន FCC ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ក្រុមហ៊ុន​ទាំង​ ២ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​ប្រព័ន្ធ​យោធា​ចិន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​ទាំង​ ២ ​គឺជា​កម្មវត្ថុ​ចំពោះ​ច្បាប់​ចិន​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​មាន​កាតព្វកិច្ច​យ៉ាង​ទូលំទូលាយ​ក្នុង​ការសហប្រតិបត្តិការ​ជាមួយ​នឹង​សំណើ​ណាមួយ​ពី​សេវា​ស៊ើបអង្កេត​របស់​ចិន និង​រក្សា​សំណើ​ទាំងនោះ​ជាការ​សម្ងាត់​»​។

លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​ទាំង​ ២ ​បាន​ចូលរួម​ក្នុង​ការអនុវត្ត​នានា​ដូចជា​ការលួច​កម្មសិទិ្ធ​បញ្ញា ផ្តល់​សំណូក និង​ពុករលួយ​»​។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹងថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រារាំង​ដោយ​ឥតប្រយោជន៍​ដល់​អត្ថប្រយោជន៍​ផ្ទាល់​របស់ខ្លួន «​ដោយ​ផ្អែកលើ​ព័ត៌មាន​ជ្រើសរើស​មួយចំនួន ព័ត៌មាន​មិន​ច្បាស់ និង​ការ​សន្មត​ដែល​ខុស​»៕ KC