ភ្នំពេញៈ សហរដ្ឋអាមេរិក​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែមចំនួន ៧,៥ ​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ទៅលើ​ផ្នែក​សេដ្ឋកិច្ច និង​សុខាភិបាល​ដោយសារ​ជំងឺ​កូវីដ​១៩​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ក្នុង​ចំណោម​ជំនួយ​សរុប​នេះ ៥ ​លាន​ដុល្លារ​គឺជា​ជំនួយ​សម្រាប់​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ និង ២,៥ ​លាន​ដុល្លារ​ជា​ជំនួយ​បន្ថែម​សម្រាប់​ផ្នែក​សុខាភិបាល​កម្ពុជា​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​១៩ ដែល​ជំនួយ​នេះ​ត្រូវ​បាន​ផ្តល់​តាមរយៈ​ទីភ្នាក់ងារ​អាមេរិក USAID​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​នៅ​ថ្ងៃនេះ​ (​ថ្ងៃ​ ២១) ​នូវ​ការផ្តល់​ជំនួយ​បន្ថែម ៧,៥ ​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការឆ្លើយតប​ទៅ​នឹង​បញ្ហា​សុខភាព​សាធារណៈ ការធ្វើ​តេស្ត​នៃ​វីរុស​កូរ៉ូណា និង​ការលើកកម្ពស់​ចំណេះដឹង​សុខភាព​ដល់​សាធារណជន​ជាដើម​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​នោះ​ថវិកា​ចំនួន ៥ ​លាន​ដុល្លារ​គឺ​ផ្តោត​ទៅលើ​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ​នៃ​វិបត្តិ​កូវីដ​១៩ ហើយ​ជំនួយ​នេះ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ដល់​អ្នក​ងាយ​រងគ្រោះ​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ចំពោះ​ការប្រើប្រាស់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ក្នុង​រយៈពេល​ខ្លី​នឹងត្រូវ​ប្រើ​សម្រាប់​ជួយ​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​កូវីដ​១៩​។ ដោយឡែក​សម្រាប់​រយៈពេល​មធ្យម ថវិកា​នេះ​នឹង​ជួយ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ការងារ​ឡើងវិញ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ក្នុង​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​ដែល​បាន​ផ្តល់ជំនួយ​អន្តរាគមន៍​ចំ​គោលដៅ និង​ទាន់ពេលវេលា​ដែលជា​កាយវិការ​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​ប្រជាជន​កម្ពុជា​»​។

លោក​បន្តថា ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ក៏​គ្រោង​នឹងដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម ដើម្បី​សម្រាល​ការលំបាក និង​រក្សា​លំនឹង​ជីវភាព​ប្រជាជន​តាមរយៈ​ការអនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​សម្រាប់​ក្រុមគ្រួសារ​ប្រជាជន​ក្រីក្រ​ខ្វះខាត ព្រមទាំង​ដាក់ចេញ​នូវ​កម្មវិធី​សាច់ប្រាក់​ពលកម្ម ​(cash for work) ការបណ្តុះបណ្តាល​ជំនាញ​ខ្លី ដើម្បី​បង្កើន​លទ្ធភាព​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន និង​ឈាន​ទៅ​ចាប់​យក​ការងារ​ក្នុង​វិស័យ​ថ្មី​។

លោក​បន្តថា​៖ «​ជំងឺ​កូវីដ​១៩ មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​គំរាមកំហែង​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​»​។

យោងតាម​លោក Murphy សហរដ្ឋ​អាមេរិក​បាន​ផ្តល់ជំនួយ​ជាង ១១ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​មាន​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ជា​សកលលោក​។

កាលពី​ថ្ងៃទី​ ១០ ខែ​មេសា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ឲ្យ​ដឹងថា រោងចក្រ​ជាង​ ១៨០ នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្អាក​ប្រតិបត្តិការ ខណៈ​រោងចក្រ ៦០ ផ្សេងទៀត​កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​នៃ​ការបិទទ្វារ​។ កម្មករ​រោងចក្រ​កាត់ដេរ ២០០ ០០០ ​នាក់ ​រង​ផលប៉ះពាល់​ផ្ទាល់ និង ២ លាន​នាក់​ប៉ះពាល់​ប្រយោល​។

គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែមេសា អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ប្រហែល ២ ៨៦៥ ឬ​ ២៩,៥៧ ​ភាគរយ​ក្នុងចំណោម ៩ ៦៨៩ បាន​បិទទ្វារ​ដែល​បណ្តាល​ឲ្យ​កម្មករ ៤៦ ៣៦៩ ​នាក់​គ្មាន​ការងារ​ធ្វើ និង​មគ្គុទ្ទេសក៍​ប្រហែល ៩៦ បាន​ព្យួរការងារ តំណាង​ឲ្យ​ ១,៥ ភាគរយ​នៃ​ចំនួន​សរុប ៦ ៤១៦៕ LA