ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ( USAID) ​បានផ្តល់​ទឹកប្រាក់​ ៣,៥ ​លាន​ដុល្លារ​ ដល់​វិស័យ​ឯកជន​ដើម្បី​រៀបចំ​បង្កើត​ការប្រកួតប្រជែង​ថ្មី​មួយ​ក្នុង​ផ្នែក​កសិកម្ម​នៅ​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ប្រឈម​សំខាន់ៗ ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​រក្សា​ភាពត្រជាក់​លទ្ធភាព​ក្នុង​ការទុកដាក់​ក្នុង​ឃ្លាំង និង​ផ្នែក​ភ័ស្ដុភារ​។

វិស័យ​ឯកជន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នេះ​ដែល​នឹង​រួមចំណែក​ដល់​ការកែលម្អ​ចង្វាក់​តម្លៃ​នៅក្នុង​វិស័យ​កសិកម្ម ជាពិសេស​ផ្នែក​បន្លែ ដែល​បាន​លេចធ្លាយ​នូវ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក​ទៅ​ក្រៅ​ប្រទេស​។

ទីភ្នាក់ងារ​នេះ​បាន​កត់សម្គាល់​ថា ការប្រកួតប្រជែង​ដែល​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​ ២៤ ខែ កុម្ភៈ ឆ្នាំ​ ២០២១ នឹង​អាច​រកបាន​ជំនួយ​ឥតសំណង​ ៣,៥ ​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ឯកជន​។

ទីភ្នាក់ងារ​នេះ​បន្តថា ក្រុមហ៊ុន​នានា​ក៏​តម្រូវ​ឱ្យ​ផ្ដល់នូវ​ដៃគូ​ហិរញ្ញប្បទាន​មួយ​ទល់នឹង​មួយ ហើយ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​បំផុត​ក្នុង​ការទាក់ទង​នឹង​ប្រព័ន្ធ​រក្សា​ភាពត្រជាក់ លទ្ធភាព​ក្នុង​ការទុកដាក់​ឃ្លាំង​ និង​ផ្នែក​ភ័ស្ដុភារ​នៅក្នុង​វិស័យ​កសិកម្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​បានឱ្យ​ដឹងថា ការប្រកួតប្រជែង​នេះ​មាន​បំណង​ជួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​អាទិភាព​ជា​យុទ្ធសាស្ដ្រ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​កសិកម្ម​ឆ្នាំ​ ២០១៩-២០២៣ របស់ខ្លួន​ជាមួយ​នឹង​ដំណោះស្រាយ​ផ្អែក​តាម​ទីផ្សារ​។

លោក​ឯកអគ្គរដ្ឋទូត អាមេរិក W. Patrick Murphy ​បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា អាមេរិក​គឺជា​ដៃគូ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា និង​វិស័យ​កសិកម្ម​ក្នុងប្រទេស​នេះ​។

លោក Murphy ថ្លែងថា​៖ «​ការប្រកួតប្រជែង​នេះ​មាន​បំណង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​រក​ដំណោះស្រាយ​ថ្មីៗ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ដោយ​ពង្រីក​ទីផ្សារ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ភ័ស្ដុភារ ហើយ​និង​ជំរុញ​ការវិនិយោគ និង​ការចូលរួម​របស់​វិស័យ​ឯកជន​នៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ទាំងមូល​ក្នុង​វិស័យ​កសិកម្ម​»​។

លោក កាន់ បញ្ញារិទ្ធ ប្រធាន​គ្រប់គ្រង​ការផលិត​នៅ​ក្រុមហ៊ុន ដាវ៉ាន់ ដែល​ជំនាញ​ខាង​ខ្សែចង្វាក់​តម្លៃ​កសិកម្ម និង​ទីផ្សារ​សម្រាប់​អាហារ​សុវត្ថិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដាវ៉ាន់ គាំទ្រ​ USAID ក្នុងការ​បង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ​។

លោក បញ្ញារិទ្ធ បញ្ជាក់ថា​៖ «​គោលបំណង​ជារួម​របស់​គម្រោង​នេះ​ស្រប​គ្នា​ជាមួយ​ការគិត​របស់​យើង​។ ជាក់ស្ដែង វា​ជា​សសរស្ដម្ភ​មួយ​ក្នុងចំណោម​សសរស្ដម្ភ​ទាំង​ ៤ ​នៃ​ផែនការ​ជំនួយ​ឥតសំណង​របស់​យើង ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​ក្នុងស្រុក​»​។

លោក​ក៏បាន​បញ្ជាក់ថា ដាវ៉ាន់ មាន​ឧបសគ្គ​ធំ​ក្នុង​ការនាំយក​ផលិតផល​សុវត្ថិភាព​មាន​គុណភាព​ទៅ​ទីផ្សារ ហើយ​បច្ចុប្បន្ន​កំពុង​ស្វែងរក​គំរូ​ទាំងស្រុង​ចាប់ពី​ការផលិត​ដល់​ក្រោយពេល​ប្រមូលផល ព្រមទាំង​ប្រព័ន្ធ​ចែកចាយ និង​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក​។

លោក​បន្តថា​៖ «​យើង​ជឿជាក់ថា ការគាំទ្រ​របស់​ហិរញ្ញប្បទាន​នេះ​គឺជា​រឿង​ដ៏ត្រឹមត្រូវ​មួយ​ក្នុង​ការផ្ដោត​ការយកចិត្ត​ទុកដាក់​ដែល​ធ្វើឡើង​នៅក្នុង​ពេលវេលា​ដ៏ត្រឹមត្រូវ​»​។

លោក Pakk Yourng អគ្គនាយក​ក្រុមហ៊ុន AGRIBEE (CAMBODIA) PLC ដែលជា​កម្មវិធី​គ្រប់គ្រង​ចង្វាក់​តម្លៃ​មួយ​ដែល​ជួយ​សម្រួល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យ​កសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មូលនិធិ​នេះ​នឹង​រួមចំណែក​ក្នុង​ការកែលម្អ​ខ្សែចង្វាក់ តម្លៃ​កសិកម្ម​របស់​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ដោយសារ​តែ វិស័យ​កសិកម្ម​នេះ​តម្រូវ​ឱ្យ​មាន​ស្ដុក និង​មជ្ឈមណ្ឌល​រក្សា​ភាពត្រជាក់ មូលនិធិ​នេះ​នឹង​ជួយ​ឱ្យមាន​ស្ដុក មជ្ឈមណ្ឌល​រក្សា​ភាពត្រជាក់​កាន់តែ​ច្រើន​នៅ​ខេត្ត​ដាំដុះ​បន្លែ​ទាំង​ ៦ ​របស់​យើង​»​។

ការប្រកួតប្រជែង​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៦ ​ខែ​មេសា​ឆ្នាំ​ ២០២១​។ ភាគី​ពាក់ព័ន្ធ​មាន​ចំណាប់អារម្មណ៍​អាច​ចូលទៅ​កាន់​គេហទំព័រ https://www.mspgrants.com/cambodia

ក្រសួងកសិកម្ម​អះអាង​ថា កម្ពុជា​ដាំដុះ​បន្លែ​លើ​ផ្ទៃដី​ ៥៧ ២០៨ ហិកតា​ កាលពី​ចុងឆ្នាំ​ ២០១៩ ដែល​ផ្ដល់​ទិន្នផល ៦៨១, ០៩៩ ​តោន​ កាលពី​ឆ្នាំមុន​៕ LA