ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កាលពី​ថ្ងៃ​អាទិត្យ​បាន​លើក​ឡើង​ជាថ្មី​ពី​ការ​ទាមទារ​ដែល​ថា តំបន់​អឺរ៉ុប​ពិត​ជា​ត្រូវ​បាន​លើកលែង​ចេញ​ពី​អត្រាពន្ធ​ពិន័យ​ថ្មី​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​សហរដ្ឋ​អាមេរិក ដែល​ការលើក​ឡើង​នេះ​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​លើកលែង​បណ្តោះអាសន្ន​នេះ​ត្រូវ​ផុត​កំណត់​។

លោក Macron បាន​និយាយ​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​លើ​សារព័ត៌មាន Fox News កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​សម្រេច​ចិត្ត​លើកលែង​ពន្ធ​ឲ្យ​សហភាព​អឺរ៉ុប​»​។ លោក​បាន​បន្ត​ថា​៖ «​អ្នក​មិន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​លោក​នោះ​ទេ​»​។

លោក ដូណាល់ ត្រាំ បាន​ប្រកាស​កាលពី​ខែ​មុន​ថា​សហរដ្ឋ​អាមេរិក​នឹង​ហូតពន្ធ ២៥ ភាគរយ​លើ​ដែកថែប និង ១០ ភាគរយ​លើ​អាលុយមីញ៉ូម ដោយ​បាន​អះអាង​ថា​ការ​នាំ​ចូល​ពី​បរទេស​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិក​តាមរយៈ​ការធ្វើឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ក្នុង​ស្រុក​ដែល​ជា​កត្តា​ចាំបាច់​មួយ​ចំពោះ​ការត្រៀមខ្លួន​របស់​យោធា​។

ទោះ​ជា​យ៉ាងនេះ​ក្តី ការលើកលែង​ពន្ធ​ជា​បណ្តោះអាសន្ន​សម្រាប់​ប្រទេស​ជា​ប្រភព​នាំ​ចូល​ដែកថែប​ពី​បរទេស​ធំៗ ដូចជា​ប្រទេស​កាណាដា ម៉ិកស៊ិក និង​សហភាព​អឺរ៉ុប​នោះ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា​ខាង​មុខ​នេះ​។

ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក និង​អឺរ៉ុប​កាលពី​ខែ​មុន​បាន​ប្រកាស​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប្រ៊ុចសែល​បាន​ដាក់​ដំណើរការ​កិច្ចពិភាក្សា​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ តែ​ពុំ​ទាន់​មាន​ការវិវឌ្ឍ​ណា​មួយ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។

លោក Macron បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​គាត់​និយាយ​ថា ការលើកលែង​ពន្ធ​នឹង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី ១ ខែ​ឧសភា​»​។ លោក​បាន​បន្ត​ថា​៖ «​សូម​រង់ចាំ​មើល​អ្វី​ដែល​គាត់​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃទី​ ១ ខែ​ឧសភា​។ ខ្ញុំ​គ្រាន់​តែ​និយាយ តើ​អាទិភាព​របស់​គាត់​នៅ​ឯណា​?»​។

លោក Macron បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «​ប្រសិន​បើ​អ្នក​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​គ្រប់​គ្នា​អ្នក​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​អឺរ៉ុប សង្គ្រាម​នៅ​ប្រទេស​ស៊ីរី សង្គ្រាម​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ សូម​គិត​ឲ្យ​បាន​ច្បាស់ វា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​»​។

លោក​មាន​ប្រសាសន៍​ទៀត​ថា​៖ «​យើង​គឺជា​សម្ព័ន្ធមិត្ត​»៕ BP