The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ហាម​ហោះហើរ 737 Max ​អ្នក​បើកបរ​ត្អូញ​ពី​បញ្ហា

អាមេរិក​ហាម​ហោះហើរ 737 Max ​អ្នក​បើកបរ​ត្អូញ​ពី​បញ្ហា

Content image - Phnom Penh Post
ផែនទី​បង្ហាញ​ពី​ប្រទេស​ហាម​ឃាត់​ការហោះហើរ​ (ពណ៌លឿង) 737 Max និង​ប្រទេស​បិទ​ដែន​អាកាស (ពណ៌ស្លាទុំ)​។ AFP

អាមេរិក​ហាម​ហោះហើរ 737 Max ​អ្នក​បើកបរ​ត្អូញ​ពី​បញ្ហា

ក្រុង​វ៉ាស៊ីនតោនៈ ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ការ​ហាម​ឃាត់​ការ​ហោះហើរ​យន្តហោះ​ប៊ូអ៊ីង​ម៉ូដែល 737 MAX បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​នានា​បាន​កត់​សម្គាល់​ឃើញ​មាន​ភាព​ស្រដៀង​គ្នា​រវាង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ចំនួន ២ ដែល​ស្រប​គ្នា​ទៅ​នឹង​របាយការណ៍​នានា​របស់​ក្រុម​អ្នក​បើកបរ​យន្តហោះ​អាមេរិក ដែល​បាន​ត្អួញត្អែរ​អំពី​បញ្ហា​ដែល​កើត​មាន​ចំពោះ​យន្តហោះ​ម៉ូដែល​នេះ​កាល​ពី​ចុង​ឆ្នាំ​មុន។

យ៉ាង​ហោច​ណាស់ អ្នក​បើកបរ​យន្តហោះ​អាមេរិក​ចំនួន ៤ នាក់ បាន​ដាក់​ជូន​របាយការណ៍​បន្ទាប់​ពី​មាន​ករណី​ធ្លាក់​យន្តហោះ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air កាល​ពី​ខែ​តុលា​នៅ​ប្រទេស ​ឥណ្ឌូនេស៊ី ដែល​ការ​ធ្លាក់​នេះ​បាន​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ហោះ​ឡើង។ របាយការណ៍​ទាំង​នោះ​បាន​ត្អូញត្អែរ​អំពី​ការណ៍​ដែល​ភ្លាមៗ​យន្តហោះ​បាន​ដាំ​ក្បាល​ចុះ។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ទី​ភ្នាក់ងារ​ AFP ទទួល​បាន​នៅ​លើ​មូលដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​ហោះហើរ។

ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ដែល​បាន​សម្លាប់​មនុស្ស​ ១៨៩ នាក់ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​រក្សា​លំនឹង​​ហោះហើរ ដែល​ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​បង្ការ​យន្តហោះ​មិន​ឲ្យ​គាំង​ម៉ាស៊ីន ដែល​ប្រព័ន្ធ​នេះ​​មាន​ឈ្មោះ​ថា MCAS។

រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​សហព័ន្ធ (FAA) ​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ភ័ស្តុតាង​ថ្មី និង​ទិន្នន័យ​ផ្កាយ​រណប​បាន​បង្ហាញ​​ឲ្យ​ឃើញ​ភាព​ស្រដៀង​គ្នា​ជាមួយ​នឹង​ការ​ធ្លាក់​យន្តហោះ 737 MAX 8​ ​របស់​ក្រុមហ៊ុន Ethiopian Airlines កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​កើត​​មាន​ឡើង​​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ហោះ​​ឡើង និង​បាន​សម្លាប់​មនុស្ស ១៥៧ នាក់។​

រដ្ឋបាល​អាកាសចរណ៍ FAA បាន​ឲ្យ​ដឹង​​ក្នុង​បទ​បញ្ជា​អាសន្ន​​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដើម្បី​​បង្គាប់​មិន​ឲ្យ​ហោះហើរ​យន្តហោះ 737 MAX 8 និង MAX 9 ថា ការ​ពាក់ព័ន្ធ​គ្នា​នេះ «ធានា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​អំពី​លទ្ធភាព​នៃ​ការ​កើត​មាន​បុព្វហេតុ​រួម​គ្នា​ដែល​បង្ក​ឲ្យ​មាន​ឧប្បត្តិហេតុ​ទាំង ​២ ​នេះ»។

ក្រុមហ៊ុន​អាកាសចរណ៍​ និង​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​បាន​ចាត់​វិធានការ​រួច​ហើយ​ក្នុង​ការ​ហាមឃាត់​ការ​ហោះហើរ​យន្តហោះ​ម៉ូដែល​​នេះ​។

បុព្វហេតុ​សោកនាដកម្ម​ក្នុង​ប្រទេស​អេត្យូពី​នេះ មិន​ទាន់​ត្រូវ​បាន​កំណត់​នោះ​ទេ បើ​ទោះ​ជា​ប្រអប់​ខ្មៅ​ដែល​មាន​ទិន្នន័យ​សំខាន់ៗ ហើយ​កំណត់ត្រា​​របស់​អ្នក​បើកបរ​ត្រូវ​បាន​នាំ​យក​មក​កាល​ពី​ថ្ងៃ​ចន្ទ​ និង​គ្រោង​បញ្ជូន​ទៅ​កាន់​ប្រទេស ​បារាំង ដើម្បី​ធ្វើ​ការ​វិភាគ​ក៏​ដោយ។

ក្រុមហ៊ុន Boeing បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន​កំពុង​ធ្វើ​ការងារ​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​សូហ្វវែរ​ហោះហើរ​​របស់​ខ្លួន និង​ការ​បណ្តុះបណ្តាល​អំពី​យន្តហោះ​នេះ។

«កុំ​ធ្លាក់ចុះ! កុំ​ធ្លាក់ចុះ!»

អ្នក​បើកបរ​ម្នាក់​បាន​រាយការណ៍​អំពី​ឧប្បត្តិហេតុ​មួយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ពោល​គឺ​កើត​មាន​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន Lion Air ដោយ​និយាយ​ថា យន្តហោះ​ម៉ូដែល​នេះ «បាន​ដាំ​ក្បាល​ចុះ» រយៈពេល ២ ឬ ៣ វិនាទី បន្ទាប់​ពី​ដាក់​ដំណើការ​កម្មវិធី​ស្វ័យ​បើកបរ (autopilot) ក្រោយ​ពេល​​ហោះ​ឡើង​រួច។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តីពី​ប្រព័ន្ធ​រាយការណ៍​សុវត្ថិភាព​អាកាសចរណ៍​ (ASRS) ដែល​រក្សា​ទុក​ដោយ​អង្គការ អវកាស​អាមេរិក NASA។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា៖ «បរិបាល (captain) ភ្លាមៗ​បាន​ផ្តាច់​​កម្មវិធី​ស្វ័យ​បើកបរ ហើយ​បាន​ទាញ​ចង្កូត​ឡើង​លើ​វិញ។ ការ​ហោះហើរ​បន្ទាប់​ពី​នេះ​មិន​នឹងនរ​ទេ»។

ក្រុម​ការងារ​បើកបរ​បាន​ពិនិត្យ​មើល​ឧប្បត្តិហេតុ​នេះ​ឡើង​វិញ «យ៉ាង​លម្អិត ប៉ុន្តែ​មិន​អាច​រក​ឃើញ​ហេតុផល​​ណា​មួយ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ដាំ​ក្បាល​ចុះ​យ៉ាង​តក់​ក្រហល់​បែប​នេះ​ឡើយ»។

អ្នក​បើកបរ​ម្នាក់​ទៀត​នៅ​លើ​ជើង​ហោះហើរ​មួយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨ បាន​​ឲ្យ​ដឹង​ថា ក្រុម​ការងារ​លើ​យន្តហោះ​បាន​ពិភាក្សា​គ្នា​អំពី​ក្តីបារម្ភ​ពី​យន្តហោះ​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​របស់​​ក្រុមហ៊ុន Lion Air ហើយ «ខ្ញុំ​បាន​​លើក​ឡើង​ថា ខ្ញុំ​នឹង​ដាក់​ដំណើរការ​កម្មវិធី​ស្វ័យ​បើកបរ​ឆាប់​ជាង​ពេល​ធម្មតា»។

ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត នៅ​ពេល​ដាក់​ដំណើរការ​កម្មវិធី​នេះ វា​កើត​មាន​ការ​ព្រមាន​ស្វ័យ​ប្រវត្តិ​ភ្លាមៗ​មួយ​ថា «កុំ​ធ្លាក់ចុះ! កុំ​ធ្លាក់ចុះ!»។

អ្នក​បើកបរ​រូប​នោះ​​​ថ្លែង​ថា៖ «ភ្លាមៗ​នោះ ខ្ញុំ​ផ្តាច់​កម្មវិធី​ស្វ័យ​បើកបរ (autopilot) ហើយ​បន្ត​ការ​ហោះ​ឡើង»។ ប៉ុន្តែ​បន្ទាប់​ពី​ពិនិត្យ​មើល​ឡើង​វិញ «និយាយ​ដោយ​ត្រង់​ទៅ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​អាច​ស្វែងរក​ឃើញ​កំហុស​ពី​ការ​ដំឡើង​មិន​ត្រឹមត្រូវ​ (setup error) ឡើយ»។

អ្នក​បើកបរ​ដដែល​នេះ​បន្ត​ថា៖ «ជាមួយ​នឹង​ក្តី​បារម្ភ​ចំពោះ​ការ​ដាំ​ក្បាល​ចុះ​​របស់​​យន្តហោះ MAX 8 យើង​ទាំង​ ២ នាក់ បាន​គិត​ថា វា​សម​ស្រប​ក្នុង​ការ​នាំយក​បញ្ហា​នេះ​ឲ្យ​គេ​ដឹង»។

ប្រព័ន្ធ ASRS គឺ​ជា​ប្រព័ន្ធ​រាយការណ៍​​ដោយ​ស្ម័គ្រ​ចិត្ត​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ស្រាវជ្រាវ ដើម្បី «បន្ធូរបន្ថយ​ភាព​អាច​កើត​មាន​ឧប្បតិ្តហេតុ​អាកាសចរណ៍»។

ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន អាកាសចរណ៍ Lion Air បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​សេនស័រ Angle of Attack (AOA) ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​រក្សា​លំនឹង​យន្តហោះ។

ដំណើរការ​មិន​ប្រក្រតី​​មួយ​នៃ​ប្រព័ន្ធ​​ទាំង​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​កែ​តម្រូវ​ផ្លូវ​ទាំង​ខុស ដោយ​ធ្វើ​ឲ្យ​យន្តហោះ​ដាំក្បាល​ចុះ ដោយសារ​ការ​វាយ​តម្លៃ​​ច្រឡំ​ថា យន្តហោះ​កំពុង​គាំង​ម៉ាស៊ីន៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍