ក្រុង​វ៉ាស៊ីនតោនៈ អាជ្ញាធរ​អាមេរិក​ បាន​ចាប់​ផ្ដើម​​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការ​ហាម​ឃាត់​​នូវ​គ្រប់​ទម្រង់​ទាំង​អស់​​​​នៃ​ការ​លេង​ល្បែង​​តាម​ប្រព័ន្ធ​អនឡាញ​​ ដែល​ផ្ទុយ​​នឹង​​​សេចក្ដី​សម្រេច​កាល​ពី​ឆ្នាំ​ ២០១១​ ដោយ​វា​អាច​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះពាល់​​ដល់​វិស័យ​ល្បែង​អនឡាញ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក។​

កាល​ពី​ដើម​ខែ​នេះ​ ​ក្រសួង​យុត្តិធម៌​​អាមេរិក ​បាន​ធ្វើ​ការ​​​ផ្សព្វផ្សាយ​​ការ​យល់​​ឃើញ​បែប​ផ្លូវ​ច្បាប់​​​​​មួយ​​ថា រាល់​ទម្រង់​​នៃ​​ការ​ភ្នាល់​​ល្បែង​​​អនឡាញ​ដែល​​មិន​ត្រឹម​តែ​ជា​ការ​​ភ្នាល់​​កីឡា​ គឺ​​អាច​ជា​ការ​រំលោភ​ទៅ​លើ​​ច្បាប់​​​នៃ​ការ​ភ្នាល់​ល្បែង​​របស់​សហព័ន្ធ​។​

ការ​រំលោភ​ច្បាប់​​នោះ​​ អាច​នឹង​ឈាន​ទៅ​​ដល់​ការ​បិទ​​កាស៊ីណូ​ និង​ការ​លេង​ឆ្នោត​​អនឡាញ​ ដែល​កំពុង​ដំណើរ​ការ​ក្នុង​​រដ្ឋមួយ​ចំនួន​​ចាប់​តាំង​ពី​សេចក្ដី​សម្រេច​កាល​ពី​ឆ្នាំ​ ២០១១ ដោយ​រដ្ឋ​ការ​របស់​​លោក អូបាម៉ា​ ​ដើម្បី​​​ទប់​ស្កាត់​​ការ​​​បន្ត​ភ្នាល់​តាម​អនឡាញ​ដែល​​មិន​​ជាប់​ទាក់ទង​នឹង​កីឡា​។​

លោកស្រី​ Jennifer Roberts នាយក​​មជ្ឈមណ្ឌល​អន្តរជាតិ​ទទួល​បន្ទុក​​​បទ​ប្បញ្ញត្តិ​​​ល្បែង​នៅ​សាកល​វិទ្យាល័យ Nevada-Las Vegas បាន​ថ្លែង​ថា៖​ «​​វា​​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ ប៉ុន្តែ​វា​នឹង​អាស្រ័យ​​ថា​ តើ​​ក្រសួង​យុត្តិធម៌​អនុវត្ត​បាន​​​តឹងរ៉ឹង​តាម​ការ​​បក​ស្រាយ​ច្បាប់​​​ថ្មី​របស់​ខ្លួន​យ៉ាង​ណា​​»។​

លោក​ស្រី​ បាន​ឲ្យ​ដឹង​ទៀត​​ថា ​ការ​បក​ស្រាយ​ច្បាប់​​ដ៏​តឹងរ៉ឹង​បំផុត​មួយ​​អាច​​បិទ​​ការ​ប្រកួត​កីឡា​ក្នុង​ក្ដី​ស្រមៃ​ ដែល​​បាន​រីក​ចម្រើន​​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។​

លោក​ស្រី​ Jennife Roberts បាន​ប្រាប់​ទី​ភ្នាក់ងារ AFP ​ថា​៖ «​​ទោះបី​ជា​ការ​ភ្នាល់​ធ្វើ​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ស្រប​​ច្បាប់​ក៏​ដោយ​ ប្រសិន​បើ​​​ទំនាក់​ទំនង​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋ​ផ្សេង​ទៀត​នោះ ​​ក៏​អាច​អនុវត្ត​ច្បាប់​ ការ​​ភ្នាល់ល្បែង​​​​នេះ​បាន​ដែរ​»។​

ច្បាប់​ភ្នាល់​ល្បែង​​ឆ្នាំ ១៩៦១ ដែល​​​ហាម​ឃាត់​ការ​ប្រើប្រាស់​​​ទំនាក់​ទំនង​សម្រាប់​ការ​លេង​ល្បែង​ គឺ​ជា​ផ្នែក​មួយ​នៃ​​​កិច្ច​ខិតខំ​ប្រឹងប្រែង​​​របស់​អាជ្ញាធរ​នៅ​ក្នុង​ការ​បង្ក្រាប​លើ​ឧក្រិដ្ឋកម្ម​ដែល​មាន​អង្គ​ការ​ចាត់​តាំង​។​

ចាប់​តាំង​ពី​​ការ​បក​ស្រាយ​កាល​ពី​ឆ្នាំ​ ២០១១ ​មក​ទម្រង់​ផ្សេង​ៗ​​នៃ​ការ​លេង​ល្បែង​អនឡាញ​​បាន​ចាប់​ផ្ដើម​​​កើត​មាន​​​​ក្នុង​​រដ្ឋ Nevada​, Delaware, New Jersey និង​រដ្ឋ​ Pennsylvania ជា​មួយ​នឹង​រដ្ឋ​មួយ​ចំនួន​ទៀត​​​ដែល​កំពុង​ពិចារណា​ធ្វើ​ឲ្យ​​វា​មាន​​​ភាព​ស្រប​ច្បាប់​​។​

ខណៈ​មិន​មាន​ការ​បង្រ្កាប​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ​ប្រាក់​ចំណូល​​ពី​ការ​ភ្នាល់​​ល្បែង​អនឡាញ​​នៅ​អាមេរិក បាន​​កើន​ឡើង​ជិត​ ២២ ​ភាគរយ​ ដល់​​ចំនួន​ ២៩៨​ លានដុល្លារ​កាល​ពី​ឆ្នាំ​មុន​នៅ​​ក្នុង​រដ្ឋ​ New Jersey ដែល​ជា​កន្លែង​​​មាន​វិស័យ​អ៊ីនធឺណិត​ឈាន​មុខ​គេ​។​

ក្នុង​ការ​បក​​ស្រាយ​ច្បាប់​ចុង​ក្រោយ​បំផុត​ ក្រសួង​យុត្តិធម៌​បាន​បញ្ឈប់​ការ​ចង្អុល​បង្ហាញ​រយៈ​ពេល​​ដែល​ច្បាប់​នេះ​​​នឹង​ត្រូវ​​​អនុវត្ត។ ប៉ុន្តែ​​នៅ​ក្នុង​អត្ថបទ​មួយ​កាល​ពី​ថ្ងៃទី​ ១៥ ​ខែ​មករា​ លោក Rod Rosenstein ​អគ្គ​មេធាវី​រង​បាន​​​ឲ្យ​ដឹង​ថា​ ការ​អនុវត្ត​អាច​ចាប់​ផ្តើម​នៅ​​ ៩០​ ថ្ងៃ​​​​បន្ទាប់​​។​

លោក​ Rosenstein បាន​ថ្លែង​ថា៖​ «​​​ឱកាស​​រយៈ​ពេល​ ៩០ ​ថ្ងៃ​ នឹង​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ដែល​ពឹង​ផ្អែក​​ទៅ​លើ​ការ​ បក​ស្រាយ​​ច្បាប់​​កាល​ពី​ឆ្នាំ​ ២០១១ នូវ​ពេល​វេលា​​ក្នុង​ការ​នាំ​យក​ការ​​ប្រតិបត្តិ​ការ​របស់​ពួក​គេ​​អនុលោម​តាម​ច្បាប់​របស់​សហព័ន្ធ​»។​

លោក​លើក​ឡើង​ថា​៖​ «​នេះគឺ​ជា​ការ​អនុវត្ត​ផ្ទៃ​​​ក្នុង​នៃ​​ឆន្ទានុសិទ្ធិ​​​របស់​ព្រះ​រាជ​អាជ្ញា វា​​មិន​មែន​ជា​ការ​រំលោភ​​លើ​ច្បាប់​​​ភ្នាល់​នោះ​ទេ​»។​

នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ការ​លេង​ល្បែង​អនឡាញ​ត្រូវ​បាន​ជំទាស់​ដោយ​ឧស្សាហកម្ម​កាស៊ីណូ​អាមេរិក​ ប៉ុន្តែ​​ថ្មី​ៗ​នេះ​ប្រតិបត្តិករ​លេង​ល្បែង​​​មួយ​ចំនួន​​​បាន​នាំ​គ្នា​ចូល​រួម​​ក្នុង​​​ការ​​ផ្លាស់​ប្តូរ​ទៅ​ជា​​ការ​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​​ផង​ដែរ​។​​

ប្រតិបត្តិករ​កាស៊ីណូ ​រួម​មាន Caesars Entertainment និង​ Golden Nugget នៅ​ពេល​នេះ​ទទួល​យក​ការ​ភ្នាល់​តាម​អនឡាញ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ស្រប​ច្បាប់​ ដោយធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ភ្នាល់​តាម​រយៈ​ការ​​​​ប្រើប្រាស់​​​​ទូរស័ព្ទ​ដៃ​។​

លោក Matt Firor ប្រធានក្រុមហ៊ុន The Elder Scrolls Online​​ បង្ហាញពី​ហ្គេម អនឡាញថ្មី។ AFP

គោលនយោ​បាយ​ថ្មី​របស់​ក្រសួង​យុត្តិធម៌ គឺ​​អនុវត្ត​តាម​យុទ្ធនា​ការ​បញ្ចុះ​បញ្ចូល​​ដោយ​​ក្រុម​ចម្រុះ ដើម្បី​បញ្ឈប់​ការ​លេង​ល្បែង​អនឡាញ​ដែល​ជា​ក្រុម​​​គាំទ្រ​ដោយ​លោក​ Sheldon Adelson ម្ចាស់​កាស៊ីណូ Las Vegas និង​ជា​អ្នក​គាំទ្រ​​​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​​

ក្រុម​នេះ​បាន​សរសើរ​គោល​ការណ៍​ណែនាំ​ថ្មី​ ដែល​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ការ​បារម្ភ​របស់​ខ្លួន​ថា ការ​ភ្នាល់​អនឡាញ​​អាច​ទទួល​បាន​អតិថិជន​ដែល​​រួម​ទាំង​អនីតិ​ជន​ដែល​​​ញៀន​លើ​ការ​លេង​ល្បែង​​ទៀត​ផង​។​

លោក​ Sheldon Adelso លើក​ឡើង​ថា​​៖ «​នៅ​ចក្រ​ភព​អង់គ្លេស​​ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​រីក​រាល​ដាល​​នេះ គឺ​​ជាង​ពាក់​កណ្ដាល​​នៃ​អ្នក​មាន​វ័យ​ ១៦ ​ឆ្នាំ​មាន​កម្មវិធី​លេង​ល្បែង​​នៅ​លើ​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ពួក​គេ​។ ​លើស​ពី​នេះ​ ឧស្សាហកម្ម​ល្បែង​​ភ្នាក់​​តាម​អ៊ីនធឺណិត​ ទទួល​បាន​ជាង​ពាក់​កណ្ដាល​នៃ​​ប្រាក់​ចំណេញ​របស់​ខ្លួន​ពី​អ្នក​លេង​ល្បែង​ដែល​មាន​បញ្ហា»។​

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា និង​ជា​​ប្រធាន​នៃ​គណៈ​កម្មាធិការ​​តុលាការ បាន​ស្វាគមន៍​សេចក្ដី​សម្រេច​នេះ​​។​

លោក​បាន​សរសេរ​​​នៅ​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​​ថា៖ «​ការ​​បក​ស្រាយ​ច្បាប់​ដើម​នៃ​ច្បាប់​ភ្នាល់​ល្បែង​នេះ បាន​ធ្វើ​ឲ្យ​​មាន​ការ​រីក​ចម្រើន​​យ៉ាង​ខ្លាំង​​ក្នុង​ការ​ការពារ​​ក្មេង​ៗ និង​អ្នក​ងាយ​​រង​គ្រោះ​បំផុត​របស់​សង្គម​»។​

ប៉ុន្តែ លោកស្រី​ Michelle Minton មន្ដ្រី​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​ Competitive Enterprise Institute បាន​ឲ្យ​​ដឹង​ថា ការ​ផ្លាស់​ប្តូរ​នេះ​ នឹង​បង្ខំ​ឲ្យ​អ្នក​លេង​ល្បែង​ត្រូវ​ទៅ​រក​​ទី​កន្លែង​ខុស​ច្បាប់​​​។​

លោក​ស្រី​ថ្លែង​ថា​៖ «​​ការ​ហាម​ឃាត់​ មិន​ដែល​ដំណើរការ​​ទេ​​»។ លោក​ស្រី​​បាន​បន្ត​ថា៖ «​វា​គ្រាន់​តែ​ប្រែក្លាយ​​ពលរដ្ឋ​ដែល​គោរព​ច្បាប់​ឲ្យ​ទៅ​ជា​អ្នក​រំលោភ​ច្បាប់​ និង​កាត់​បន្ថយ​​កម្រិត​នៃ​​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​តែ​​ប៉ុណ្ណោះ​»។​

លោកស្រី Minton បាន​​​ឲ្យ​ដឹង​ទៀត​​​​ថា ការ​បក​ស្រាយ​ច្បាប់​ថ្មី​នេះ ទំនង​ជា​នឹង​បង្ក​​ឲ្យ​មាន​ការ​​យល់​ច្រឡំ​បន្ថែម​​ទៀត និង​អាច​រារាំង​​រដ្ឋ​​ជា​ច្រើន​​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​​ប្រតិបត្តិការ​​​ល្បែង​តាម​​អ៊ីនធឺណិត​​។ ​លោកស្រី​បន្ថែម​ថា​ វា​ទំនង​ជា​នឹង​បណ្ដាល​ឲ្យ​មាន​​ការ​កើត​ឡើង​​បញ្ហា​ប្រឈម​ផ្លូវ​ច្បាប់​លើ​ការ​ភ្នាល់​អនឡាញ​នៅ​ក្នុង​រដ្ឋ​ផ្សេង​ៗ​​ទៀត​៕ AFP/LA