The Phnom Penh Post Search

Search form

អាមេរិក ​ចង់​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ស្ថានីយ​អវកាស​ ISS

Content image - Phnom Penh Post
យាន SpaceX Dragon ហៀប​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ ISS​។ រូបថត AFP

អាមេរិក ​ចង់​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ស្ថានីយ​អវកាស​ ISS

ក្រុងវ៉ាស៊ីនតោនៈ តើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) អាច​ក្លាយ​ជា​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​លក្ខណៈ​ពាណិជ្ជកម្ម​ដែល​ដំណើរការ​ដោយ​ឧស្សាហកម្ម​ឯកជន​ដែរ​ឬ​ទេ​?

សារព័ត៌មាន The Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា នោះ​គឺជា​ក្តីប្រាថ្នា​របស់​សេតវិមាន​ដែល​សង្ឃឹម​ថា នឹង​បញ្ចប់​ការ​ផ្តល់​មូលនិធិ​សម្រាប់​កម្មវិធី​ដែល​ចំណាយ​ប្រាក់​ច្រើន​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

សារព័ត៌មាន​នេះ​បាន​រាយការណ៍​បន្ត​ថា ផែនការ​របស់​អាមេរិក​នេះ​ទាក់ទង​នឹង​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ស្ថានីយ​អវកាស​អន្តរជាតិ ISS ដែល​ជា​ស្ថានីយ​អវកាស​គន្លង​ផែនដី​ទាប ដែល​ត្រូវ​បាន​ដំណើរការ​សាកល្បង​ដោយ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​ត្រូវ​បាន​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​សមភាគី​រុស្ស៊ី​របស់​ខ្លួន​។

ស្ថានីយ​អវកាស​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​អន្តរជាតិ ជាពិសេស​ដោយ​មាន​ការ​សហប្រតិបត្តិការ​ជាមួយ​នឹង​ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​កាណាដា អឺរ៉ុប និង​ជប៉ុន​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​ក្នុង​បរិយាកាស​គន្លង​ផែនដី​ទាប​មួយ​។

ឯកសារ​ផ្ទៃក្នុង​របស់​ទីភ្នាក់ងារ NASA ដែល​សារព័ត៌មាន The Washington Post ទទួល​បាន​បាន​បង្ហាញ​ថា៖ «​ការ​សម្រេច​ដើម្បី​បញ្ចប់​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដោយ​ផ្ទាល់​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​នៅ​ឆ្នាំ​ ២០២៥ ​មិនមែន​មាន​ន័យ​ថា ស្ថានីយ​អវកាស​នេះ​នឹង​ត្រូវ​ដក​ចេញ​ពី​គន្លង​ផែនដី នៅ​ពេល​នោះ​ទេ​»​។

ឯកសារ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​វា​អាច​ទៅ​រួច​ដែល​ឧស្សាហកម្ម​នេះ​នឹង​បន្ត​ប្រតិបត្តិការ​នូវ​ផ្នែក ឬ​សមត្ថភាព​ជាក់លាក់​មួយ​ចំនួន​នៃ​ស្ថានីយ ISS ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ស្ថានីយ​អវកាស​លក្ខណៈ​ពាណិជ្ជកម្ម​នាពេល​អនាគត​»​។

ឯកសារ​នេះ​បាន​បន្ត​ថា៖ «​ទីភ្នាក់ងារ NASA នឹង​ពង្រីក​ភាព​ជា​ដៃគូ​អន្តរជាតិ និង​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ធានា​បាន​នូវ​លទ្ធភាព​ធ្វើដំណើរ​ទៅ​កាន់ និង​វត្តមាន​ជា​បន្ត​របស់​មនុស្ស​នៅ​ក្នុង​គន្លង​ផែនដី​កម្រិត​ទាប​នេះ​»​។

សំណើ​ថវិកា​មួយ​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ដោយ​រដ្ឋបាល​របស់​លោក ត្រាំ នឹង​អំពាវនាវ​សុំ​ថវិកា​ចំនួន ១៥០ ​លាន​ដុល្លារ ដើម្បី​ចំណាយ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​នេះ​នៅ​ឆ្នាំ​សារពើពន្ធ​ឆ្នាំ​ ២០១៩ និង​នៅ​ឆ្នាំ​ក្រោយៗ​ទៀត «​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ការ​អភិវឌ្ឍ និង​ការ​ឈាន​ទៅ​រក​ភាព​ចាស់ទុំ​នៃ​អង្គភាព​ពាណិជ្ជកម្ម និង​សមត្ថភាព​ដែល​នឹង​ធានា​បាន​ថា ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដែល​នឹង​គ្រប់គ្រង​ស្ថានីយ​អវកាស ISS នេះ​បន្ត​ អាច​ដំណើរការ​បាន​»​។

សារព័ត៌មាន​ដដែល​នេះ​បាន​រាយការណ៍​ថា ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​ដោយ​រលូន​មួយ សេតវិមាន​នឹង​ស្នើ​ឲ្យ​វិស័យ​ឯកជន​ផ្តល់​ការ​វិភាគ​ទីផ្សារ និង​ផែនការ​អភិវឌ្ឍន៍​។

ផែនការ​នេះ​អាច​នឹង​ប្រឈម​នឹង​ការ​ប្រឆាំង​ខ្លាំង​។ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១០០ ពាន់​លាន​ដុល្លារ​ហើយ ដើម្បី​ដាក់​ដំណើរការ ប្រតិបត្តិការ និង​គាំទ្រ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​គន្លង​នេះ​។

ដោយ​បាន​ចាប់ផ្តើម​ក្នុង​អំឡុង​អាណតិ្ត​របស់​លោក​ប្រធានាធិបតី George W. Bush (២០០១-២០០៩) ទីភ្នាក់ងារ NASA បាន​ជួល​ក្រុមហ៊ុន​មួយ​ចំនួន​ឲ្យ​ធ្វើ​ការងារ​លើ​ប្រតិបត្តិការ​មួយ​ចំនួន ដើម្បី​គាំទ្រ​ដល់​ស្ថានីយ​អវកាស ISS នេះ ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ជើង​ហោះហើរ​ផ្គត់ផ្គង់ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដំណើរការ​ដោយ​ក្រុមហ៊ុន SpaceX និង​ក្រុមហ៊ុន Orbital ATK ពោល​គឺជា​និន្នាការ​មួយ​ដែល​ដំណើរការ​បាន​លឿន​ក្នុង​អំឡុង​ពេល​លោក អូបាម៉ា ធ្វើ​ជា​ប្រធានាធិបតី​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​យើង​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ក្រុមហ៊ុន​ឯកជន អាច​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ដោយ​របៀប​ណា​ពី​ការ​ទិញ​យក​ស្ថានីយ​អវកាស​ដ៏ចំណាស់​មួយ​នេះ ដែល​ជា​ផ្នែក​ទី​មួយ​នៃ​ស្ថានីយ​នេះ​ត្រូវ​បាន​ដាក់​ដំណើរការ ក្នុង​ឆ្នាំ​ ១៩៩៨​។

ទីភ្នាក់ងារ NASA ពុំ​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើសុំ​ឲ្យ​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​នេះ​ឡើយ​៕ BP

អត្ថបទគួរចាប់អារម្មណ៍