ក្រុងប៉េកាំងៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងបានព្រមព្រៀងគ្នាបោះបង់ចោលសង្គ្រាមពាណិជ្ជកម្ម ហើយលុបចោលការហូតពន្ធគ្នាទៅវិញទៅមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃអាទិត្យ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក និងបន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនខែ ដោយសារអ្វីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថាជាសារទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពរវាងមហាអំណាចសេដ្ឋកិច្ចទាំង ២ ។
ទីភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Liu He ឧបនាយករដ្ឋមន្ត្រីចិនដែលដឹកនាំក្រុមអ្នកចរចាចិននៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា៖ «ភាគីទាំង ២ បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយដែលនឹងមិនប្រយុទ្ធគ្នាក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយនឹងឈប់ការដំឡើងអត្រាពន្ធលើគ្នាទៅវិញទៅមក»។
លោក Liu បានចាត់ទុកថាកិច្ចព្រមព្រៀងនេះគឺជា «កត្តាចាំបាច់» មួយ តែលោកបានបន្ថែមថា៖ «នៅពេលទន្ទឹមគ្នានោះដែរយើងត្រូវដឹងផងដែរថា ការរលាយរបស់ដុំទឹកកក មិនមែនអាចធ្វើបានក្នុងរយៈពេលតែមួយថ្ងៃនោះទេ ការដោះស្រាយបញ្ហារចនាសម្ព័ន្ធនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងត្រូវការពេលវេលា»។
សេចក្តីថ្លែងការណ៍រួមគ្នានាពេលថ្មីៗនេះដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបង្កើនការទិញទំនិញរបស់អាមេរិក «ឲ្យបានច្រើន» តែបានផ្តល់នូវព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ។
ការបន្ធូរបន្ថយភាពតានតឹងច្បាស់លាស់នេះកើតមានឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងអស់រយៈពេលជាច្រើនខែ ដែលបានធ្វើឲ្យទីផ្សារភ័យខ្លាចថានឹងកើតមានសង្គ្រាមពាណិជ្ជកម្មដែលអាចបង្កការខូចខាតខ្លាំង។
លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតប្រឆាំងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រទេសលោកជាមួយប្រទេសចិនដោយបានចាត់ទុកថាវាគឺជាគ្រោះថ្នាក់មួយចំពោះសន្តិសុខជាតិរបស់អាមេរិក និងបានគំរាមហូតពន្ធលើទំនិញរបស់ចិនតម្លៃរាប់ពាន់លានដុល្លារ។
ការហូតពន្ធរបស់អាមេរិកលើទំនិញនាំចូលរបស់ប្រទេសចិនតម្លៃ ៥០ ពាន់លានដុល្លារអាចនឹងចូលជាធរមាននៅសប្តាហ៍ក្រោយនេះ។
កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនគឺជាការចរចារវាងក្រុមប្រតិភូដែលដឹកនាំដោយលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Liu ដែលបានជួបពិភាក្សាផងដែរជាមួយលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍។ ភាគីទាំង ២ បានជួបពិភាក្សាគ្នាម្តងរួចមកហើយនាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង។
សេចក្តីថ្លែងការណ៍រួមនេះបានបន្តឲ្យដឹងថា៖ «មានការព្រមព្រៀងមួយស្តីពីការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយច្រើននូវឱនភាពពាណិជ្ជកម្មទំនិញរបស់អាមេរិកជាមួយប្រទេសចិន»។
សេចក្តីថ្លែងការណ៍ដដែលនេះបានឲ្យដឹងទៀតថា៖ «ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ដែលកំពុងកើនឡើងរបស់ប្រជាជនចិន និងភាពចាំបាច់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់នោះ ប្រទេសចិននឹងបង្កើនការទិញទំនិញ និងសេវាកម្មរបស់អាមេរិកឲ្យបានច្រើន»។
ការបង្កើនការទិញពោរពេញដោយអត្ថន័យ
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន ៣៧៥,២ ពាន់លានដុល្លារអាមេរិកជាមួយប្រទេសចិន ដោយក្រុមអ្នកនយោបាយប្រជានិយមបានបន្ទោសប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះថា បានដណ្តើមការងាររបស់ពលរដ្ឋអាមេរិកអស់រយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវបានរាយការណ៍ថា បានទាមទារឲ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មយ៉ាងហោចណាស់ ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះ។
ទោះយ៉ាងនេះក្តីសេចក្តីថ្លែងការណ៍រួមនេះពុំបានបញ្ជាក់ទេថា ប្រទេសចិនបានយល់ស្របចំពោះទិសដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មនេះឬយ៉ាងណានោះទេ៕ BP