The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ និង​ចិន នឹង​បន្ត​ចរចា​នៅ​សប្តាហ៍​​នេះ

អាមេរិក​ និង​ចិន នឹង​បន្ត​ចរចា​នៅ​សប្តាហ៍​​នេះ

Content image - Phnom Penh Post
ក្រុម​អ្នកចរចា​នៃ​ភាគី​អាមេរិក និង​ចិន​ក្នុង​ជំនួប​កាល​ពី​ខែ​មករា ឆ្នាំ​នេះ​​។ រូបថត AFP

អាមេរិក​ និង​ចិន នឹង​បន្ត​ចរចា​នៅ​សប្តាហ៍​​នេះ

ក្រុង​វ៉ាស៊ីនតោនៈ ខណៈ​ដែល​​​ពេល​វេលា​កំណត់​ថ្ងៃ​ទី ១ ​ខែ​មីនា​ ​ខិត​ជិត​​មក​ដល់​យ៉ាង​រហ័ស​​នោះ ​មន្ដ្រី​របស់​សហរដ្ឋ​អាមេរិក និង​​ប្រទេស ​ចិន​ នឹង​ចាប់​ផ្ដើម​បន្ត​ការ​ចរចា​នៅ​សប្ដាហ៍​នេះ​ ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​​​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​​ខ្លាំង​ដល់​​សេដ្ឋកិច្ច​ពិភព​លោក​។​

សេដ្ឋកិច្ច​​របស់​ប្រទេស ចិន ​បាន​បង្ហាញ​​​សញ្ញា​ថមថយ​​​រួច​ហើយ ខណៈ​ដែល​​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​អាមេរិក ដោយ​សារ​តែ​ពន្ធ​នាំចូល​សងសឹក​​បាន​បង្កើន​តម្លៃ​ទំនិញ​ និង​បាន​បង្ក​បញ្ហា​ដល់​​​ទីផ្សារ​អាមេរិក ដែល​ជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​មួយ​។​

យុទ្ធសាស្ដ្រ​ដ៏​តក់​ក្រហល់​របស់​​លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​បរាជ័យ​ក្នុង​ការ​កាត់​​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​ជា​មួយ​​​ចិន​ ដែល​គាត់​បាន​កំណត់​ថា​ជា​គោល​ដៅ​ចម្បង​​មួយ​។​

ស្ថិត​ក្រោម​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​​ឡើង​នៃ​ការ​ដំឡើង​ពន្ធ​​នៅ​ក្នុង​ ​រយៈ​​​ពេល​សន្តិភាព​ពាណិជ្ជកម្ម​​​​ ៩០ ថ្ងៃ​​ផុត​កំណត់​នោះ ទីផ្សារ​ហិរញ្ញ​វត្ថុ​ទូទាំង​ពិភព​លោក​​បាន​បាត់​សម្ទុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗនេះ ដោយ​សារ​តែ​ការ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​នៃ​ការ​ចរចា​បាន​ប្រែ​ក្លាយ​កាន់​តែ​​​​ប្រុង​ប្រយ័ត្ន។​

លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​​អាមេរិក និង​លោក​ Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ នឹង​ដឹកនាំ​​ក្រុម​គណៈ​ប្រតិភូ​អាមេរិក​សម្រាប់​ការ​ចរចា​ជុំ​ទី​៣​ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​​​សប្តាហ៍​នេះ​នៅ​ទីក្រុង​ប៉េកាំង​។​

ខណៈ​ដែល​ក្រុម​មន្ដ្រី​​ហាក់​ដូច​ជា​មាន​សុទិដ្ឋិនិយម​ បន្ទាប់​ពី​ការ​ចរចា​កាល​ពី​សប្ដាហ៍​កន្លង​មក​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​នោះ ​ការ​អត្ថាធិប្បាយ​កាន់​តែ​ច្រើន​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ហិរញ្ញវត្ថុ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​​​ថា តើ​ជម្លោះ​នេះ​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ដូចម្ដេច?​

លោក​​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ​លោក​​មិន​បាន​រំពឹង​ថា ​នឹង​ជួប​​ជា​មួយ​លោក​ប្រធានាធីបតី​ចិន​ ស៊ី ជីន​ភីង​ ​​​មុន​​​ពេល​វេលា​កំណត់​​ថ្ងៃ​ទី​ ១ ខែ​មីនា​ ដែល​ជា​ថ្ងៃ​កំណត់​សម្រាប់​​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង ​២ ​នេះ​​​​សម្រេច​​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​​​ពាណិជ្ជកម្ម​ណា​មួយ​​នោះ​ទេ។​

លោក ត្រាំ បាន​ឲ្យ​ដឹង​ថា ដំណោះ​ស្រាយ​ចុង​ក្រោយ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ នឹង​ពឹង​ផ្អែក​លើ​ការ​ជួប​គ្នា​ជា​មួយ​​លោក ស៊ី «​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​» ប៉ុន្តែ​​បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ជំនួប​នេះ​មិន​ទាន់​ត្រូវ​បាន​រៀបចំ​នៅ​ឡើយ​ទេ​។​

លោក​ Larry Kudlow សេដ្ឋវិទូ​ជាន់​ខ្ពស់​​ប្រចាំ​សេតវិមាន​ បាន​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា បើ​ទោះបី​​ជា​លោក​ត្រាំ មាន «សុទិដិ្ឋនិយម» ចំពោះ​​ចក្ខុវិស័យ​នៃ​ការ​សម្រេច​បាន​​​កិច្ច​ព្រមព្រៀង​មួយ​ក្តី ក៏​នៅ​តែ​មាន «គម្លាត​ដ៏​ធំ» រវាង​​ភាគី​ទាំង ​២។​

ជម្លោះ​ពាណិជ្ជកម្ម​នេះ​​បាន​​កើន​ឡើង​ខ្លាំង​​រហូត​ដល់​ធ្វើ​ឲ្យ​មាន​ការ​ដក​ហូត​ពន្ធ​នាំចូល​ក្នុង​ទំហំ ៣៦០​ ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង ២​នេះ ហើយ​បើ​​គ្មាន​​កិច្ច​ព្រមព្រៀង​​មួយ​នៅ​ត្រឹម​​ដើម​ខែ​​មីនា​ខាង​មុខ​នេះ​ទេ រដ្ឋបាល​​របស់​លោក ត្រាំ ត្រៀម​រួច​រាល់​ក្នុង​ការ​ដំឡើង​​ពន្ធ​ពិន័យ​ទ្វេ​ដង​​​លើ​ទំនិញ​របស់​ប្រទេស ចិន ​ក្នុង​តម្លៃ​ ២០០ ​ពាន់​លាន​ដុល្លារ​។​

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​គ្រា​ដែល​មាន​​សម្ពាធ​ពី​សហគមន៍​ពាណិជ្ជកម្ម​ទៅ​លើ​​​​ប្រទេស​ទាំង ​២ ​​​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​នេះ ​ទូរទស្សន៍​ CNBC បាន​​ដក​ស្រង់​សម្តី​​របស់​មន្ដ្រី​រដ្ឋបាល​ជាន់​ខ្ពស់ ​១ រូប ដោយ​លើក​​ឡើង​ថា ពេលវេលា​កំណត់​ថ្ងៃ​ទី ​១​ ខែ​មីនា​ អាច​ត្រូវ​បាន​​​​ពន្យារ​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍