ក្រុងវ៉ាស៊ីនតោនៈ មន្ត្រី​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ពួកខ្លួន​នឹង​ផ្តល់​ការឆ្លើយតប​ផ្លូវការ​មួយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ទៅនឹង​ពន្ធ​ឌីជីថល​របស់​ប្រទេស​ បារាំង​ ដែល​ដកហូត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក បន្ទាប់ពី​បញ្ចប់​ការស៊ើបអង្កេត​លើ​គោលនយោបាយ​នេះ​។

ទីភ្នាក់ងារ​របស់​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា​៖ «​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​អាមេរិក​កំពុងស្ថិត​ក្នុង​ដំណើរការ​បញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន​។ ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា ខ្លួន​នឹង​ចេញផ្សាយ​លទ្ធផល​នានា​នៅ​ថ្ងៃទី​ ២ ខែ​ធ្នូ ជា​ពេលដែល​ទីភ្នាក់ងារ​នេះ «​ក៏​នឹង​ប្រកាស​វិធានការ​ដែល​ត្រូវបាន​ស្នើឡើង​ណាមួយ​ក្នុងការ​ស៊ើបអង្កេត​នេះ​» នេះ​ផងដែរ​។

ច្បាប់​ស្តីពី​ពន្ធ​ឌីជីថល​របស់​ប្រទេស​ បារាំង​ ដែល​បាន​អនុម័ត​នៅ​ដើម​ឆ្នាំនេះ​បន្ទាប់ពី​មាន​ការបោះឆ្នោត​នៅក្នុង​សភា​នឹង​ដកហូត​ពន្ធ ៣ ភាគរយ​ លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​រកចំណូល​បាន​ក្នុងប្រទេស​ បារាំង​ ដែល​ជា​ញឹកញាប់​ប្រាក់ចំណូល​ទាំងនោះ​បាន​មកពី​ការផ្សព្វផ្សាយពាណិជ្ជកម្ម​អនឡាញ និង​សេវា​ឌីជីថល​ផ្សេងទៀត​។

ពន្ធ​នេះ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែល​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​យ៉ាង​ហោចណាស់ ៧៥០ លាន​អឺរ៉ូ (៨៣០ លាន​ដុល្លារ​)​។

ច្បាប់​ពន្ធ​ឌីជីថល​បារាំង​នេះ​ផ្តោត​ទិសដៅ​លើ​ប្រាក់ចំណូល​ជំនួស​ឲ្យ​ប្រាក់ចំណេញ​ដែល​ជា​ញឹកញាប់​ត្រូវបាន​រាយការណ៍​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ដែន​យុត្តាធិការ​ដែល​មាន​អត្រាពន្ធ​ទាប​ដូចជា​នៅ​ប្រទេស​ អៀរឡង់​ ជាដើម​ក្នុង​ការអនុវត្ត​មួយ​ដែល​បង្ក​ឲ្យ​រដ្ឋាភិបាល​នានា​មិន​សប្បាយចិត្ត​។

កាលពី​ខែ​មុន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​មកពី​ក្រុម​ប្រទេស G20 បាន​បើក​ការពិភាក្សា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​អំពី​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​មួយ ដើម្បី​ដកហូត​ពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពិភពលោក​ដែល​អង្គការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) មានបំណង​ឲ្យ​ចូល​ជា​ធរមាន​នៅត្រឹម​ខែ​មិថុនា​ឆ្នាំក្រោយ​។

កំហឹង​ជា​សាធារណៈ​បាន​កើនឡើង​ជុំវិញ​ការប្រតិបត្តិ​ផ្លាស់ប្តូរ​ទីតាំង​ប្រកាស​ប្រាក់ចំណេញ​នេះ​ដែល​ក្រុម​អ្នក​រិះគន់​និយាយថា កត្តា​នេះ​បាន​ដកហូត​សិទ្ធិ​របស់​រដ្ឋាភិបាល​នានា​នៅក្នុង​ការទទួល​បាន​ចំណែក​ចំណូល​ពី​ពន្ធ​ដោយ​ស្មើភាព​របស់​ខ្លួន​។

បន្ទាប់ពី​ច្បាប់​ស្តីពី​ពន្ធ​នេះ​ត្រូវ​បាន​អនុម័ត​លោក ដូណាល់ ត្រាំ កាលពី​ខែកក្កដា​បាន​ប្តេជ្ញា​ថា​នឹង​សងសឹក​តបត​វិញ​ទៅនឹង​វិធានការ​របស់​ប្រទេស​ បារាំង ​នេះ​។

បន្ទាប់ពី​បាន​ជួបប្រជុំ​កាលពី​ថ្ងៃទី​ ២៦ ខែសីហា ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ថា បារាំង​នឹង​បោះបង់ចោល​ច្បាប់​ស្តីពី​ពន្ធ​ឌីជីថល​របស់​ខ្លួន​នៅពេល​ដែល​ច្បាប់​អន្តរជាតិ​ថ្មី​មួយ​ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​ចូល​ជា​ធរមាន​៕ KC