The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ជប៉ុន

អាមេរិក បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ជប៉ុន

Content image - Phnom Penh Post
បុគ្គលិក​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​តូក្យូ​កំពុង​ចៀរ​សាច់គោ​។ រូបថត AFP

អាមេរិក បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ជប៉ុន

អាមេរិកៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ២ ​ជាមួយ​ប្រទេស​ជប៉ុន​ដែល​លោក​បាន​ឲ្យ​ដឹងថា​នឹង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​ទំនាក់ទំនង​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម និង​ពាណិជ្ជកម្ម​ឌីជីថល​រវាង​ប្រទេស​ទាំង​ ២​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បានបង្ហាញ​ជា​ផ្លូវការ​កាលពី​ខែ​មុន នៅក្រៅ​ជំនួប​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ (UN) នៅ​ទីក្រុង​ញូវយ៉ក ធ្វើ​ឡើង​ខណៈ​លោក​ ត្រាំ បញ្ជាក់​ជាថ្មី​ពី​ការចរចា​នៅ​ចុង​សប្ដាហ៍​នេះ​ជាមួយ​ប្រទេស​ចិន​។

សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ត្រាំ ដែល​មាន​ចាប់តាំងពី​ឆ្នាំ​មុន​បាន​រំខាន​យ៉ាងខ្លាំង​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​សម្រាប់​កសិករ​អាមេរិក​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​តែ​ការសងសឹក​របស់​ប្រទេស​ចិន​។

ប៉ុន្តែ​ការនាំចេញ​សណ្ដែកសៀង អាមេរិក​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។

លោក ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​អំពី​កិច្ចព្រមព្រៀង​ថ្មី​រវាង​អាមេរិក និង​ជប៉ុន​ថា​៖ «​កិច្ចព្រមព្រៀង​ទាំងនេះ​គឺជា​ជោគជ័យ​ដ៏ធំ​មួយ​សម្រាប់​ប្រទេស​របស់​យើង​ទាំង​ ២»​។ លោក​ថ្លែងថា​៖ «​យើង​ស្រឡាញ់​កសិករ​របស់​យើង និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​របស់​យើង​។ យើង​កំពុង​ធ្វើការងារ​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ​»​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ​ប្រទេស​ជប៉ុន​នឹង​កាត់​បន្ថយពន្ធ​នាំចូល​សម្រាប់​ការនាំ​ចូល​ផលិតផល​កសិកម្ម​អាមេរិក​មានតម្លៃ​ ៧ ​ពាន់​លាន​ដុល្លារ​ដែល​រួមមាន​សាច់គោ និង​សាច់ជ្រូក ខណៈ​កាត់បន្ថយ​ការបង្កើន​តម្លៃ​លើ​ការទិញ​ស្រូវ​សាឡី និង​ស្រូវ​បាឡេ​អាមេរិក​។

ជា​ថ្នូរ ទីក្រុង​វ៉ាស៊ីនតោន​បាន​យល់ព្រម​កាត់បន្ថយ​ពន្ធ​នាំចូល​អាមេរិក​លើ​ទំនិញ​កសិកម្ម​របស់​ជប៉ុន​មាន​តម្លៃ​ ៤០ ​លាន​ដុល្លារ និង​បន្ធូរបន្ថយ​កូតា​អត្រាពន្ធ​នាំចូល​លើ​សាច់គោ​របស់​ប្រទេស​នេះ​ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​ប្រកួតប្រជែង​សម្រាប់​ចំណែក​កាន់តែ​ធំ​នៃ​ទីផ្សារ​អាមេរិក​។

នៅក្នុង​កិច្ចព្រមព្រៀង​ដោយ​ឡែក​មួយ ក្រុមមន្ដ្រី​អាមេរិក និង​ជប៉ុន​ក៏​បាន​យល់ព្រម​លុបចោល​ពន្ធ​លើ​ផលិតផល​ឌីជីថល​ដូចជា​វីដេអូ តន្ដ្រី និង​សៀវភៅ​អេឡិចត្រូនិក ព្រមទាំង​ដើម្បី​ធានា​បាន​នូវ​ការឆ្លងកាត់​ព្រំដែន​ដែល​ការផ្ទេរ​ទិន្នន័យ​មិន​មាន​ឧបសគ្គ​ផងដែរ​។

ក្រុមមន្ដ្រី​ជប៉ុន​ក៏​បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​សន្យាថា នឹង​មិន​យកពន្ធ​លើ​ការនាំចេញ​រថយន្ត​របស់​ប្រទេស​ជប៉ុន​ជា​ការគំរាមកំហែង​មួយ​ដែល​លោក ត្រាំ បាន​ធ្វើ​ឡើងលើ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ចាប់តាំងពី​ឆ្នាំមុន​មក​។

សេតវិមាន​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បាន​គ្រោង​នឹង​ចាប់ផ្ដើម​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​លោក Liu He ជា​បេសកជន​ពិសេស​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​ទីក្រុង​ប៉េកាំង គ្រោង​នឹង​ជួប​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម និង​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​៕ LA

អត្ថបទគួរចាប់អារម្មណ៍