ក្រុង​វ៉ា​ស៊ីន​តោនៈ ​រដ្ឋ​មន្ដ្រី​ក្រ​សួង​​ហិរ​ញ្ញ​វត្ថុ​អា​មេ​រិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ទី​ក្រុង​ ប៉េ​កាំង មិន​មែន​ជា​អ្នក​កេង​ ចំ​ណេញ​លើ​​រូបិយ​ប័ណ្ណ​​ទេ ប៉ុន្តែ​ការ​អនុ​វត្ត​អត្រា​ប្តូរ​ប្រាក់​របស់​ប្រ​ទេស​ ចិន​ និង​ការ​ធ្លាក់​ចុះ​​​តម្លៃ​​ប្រាក់​យន់​នា​ពេល​ថ្មី​ៗ​នេះ ​មាន «​ក្តី​បា​រម្ភ​ជា​ពិ​សេស»។​

ដោយ​ប្រាប់​​ទី​ក្រុង​ ប៉េ​កាំង និង​​ដៃ​គូ​ពា​ណិជ្ជ​កម្ម​ ៥ ​ផ្សេង​ទៀត​របស់​ខ្លួន​ ក្រ​សួង​ហិ​រញ្ញ​វត្ថុ​​ជា​ថ្មី​ម្ដង​ទៀត​ បាន​ព្យា​យាម​រាំង​​ខ្ទប់​​​​មិន​ឲ្យ​បញ្ឆេះ​​ឲ្យ​មាន​ជម្លោះ​ណាមួយ​​ជុំ​វិញ​​រូ​បិយ​ប័ណ្ណ​របស់​ចិន​ ខណៈ​​​លោក​ ដូ​ណាល់ ត្រាំ​ ធ្លាប់​បាន​ស​ន្យា​ថា​​នឹង​ធ្វើ​យុទ្ធ​​នា​ការ​តាម​ដាន។​

លោក​ Steven Mnuchin បាន​ឲ្យ​ដឹង​​​ក្នុង​​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ ២ ​​ដង​ក្នុង​ ១ ​​ឆ្នាំ​របស់​ក្រ​សួង​​ស្ដី​ពី​​របៀប​គ្រប់​គ្រង​អត្រា​ការ​ប្រាក់​ និង​ពា​ណិជ្ជ​កម្ម​របស់​ប្រ​ទេស​នេះ​ថា​៖ «​ក្តី​បា​រម្ភ​ជា​ពិ​សេស​របស់​យើង​ គឺ​កង្វះ​តម្លា​ភាព​រូ​បិយ​ប័ណ្ណ​របស់​ប្រ​ទេស ចិន និង​ការ​ធ្លាក់​ថ្លៃ​រូ​បិយ​ប័ណ្ណ​នៅ​ពេល​ថ្មី​ៗ​របស់​ប្រ​ទេស​នេះ»​។​

លោក​ថ្លែង​ថា​៖ «​ទាំង​នេះ​បង្ក​ជា​បញ្ហា​ធំ​ដល់​ការ​សម្រេច​បាន​​ពា​ណិជ្ជ​កម្ម​កាន់​តែ​ស្មើ​ភាព និង​កាន់​តែ​មាន​តុល្យ​ភាព​ ហើយ​យើង​នឹង​បន្ត​ត្រួត​ពិ​និត្យ​ និង​​ពិ​និត្យ​ឡើង​វិញ​លើ​ការ​អនុ​វត្ត​រូ​បិយ​ប័ណ្ណ​របស់​ប្រ​ទេស​ ចិន​ ដែល​រួម​មាន​តាម​រយៈ​ការ​ពិ​ភា​ក្សា​​ដែល​កំ​ពុង​ធ្វើ​ឡើង​ជា​ មួយ​ធនា​គារ​កណ្ដាល​​ចិ​ន​»​។​

ក្រុង​ វ៉ា​ស៊ីន​តោន​ បាន​បញ្ជាក់​​ជា​យូរ​មក​ហើយ​ថា ​​ចិន​រក្សា​​តម្លៃ​ទា​ប​បែប​សិប្ប​និ​ម្មិត​នៃ​រូបិយ​ប័ណ្ណ​របស់​​ខ្លួន ដើ​ម្បី​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​​របស់​ប្រ​ទេស​នេះ​​កាន់​តែ​មាន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ ប៉ុន្តែ​ក្នុង​​​ពេល​ជា​ច្រើន​ឆ្នាំ​ថ្មី​ៗ​នេះ​ ​ប្រាក់​​យន់​បាន​ឡើង​ថ្លៃ​ ហើយ​ត្រូវ​បាន​មើល​ឃើញ​ដោយ​​​ក្រុម​សេដ្ឋ​វិ​ទូ​​ថា​មាន​ភាព​ ស្រប​គ្នា​ច្រើន​​ជា​មួយ​មូល​ដ្ឋាន​គ្រឹះ​សេដ្ឋ​កិច្ច​។​

ប៉ុ​ន្តែ​ខណៈ​អត្រា​ការ​ប្រាក់​អា​មេ​រិក​​​កើន​ឡើង ប្រាក់​ដុ​ល្លារ​បាន​​​ឡើង​ថ្លៃ​ថែម​ទៀត​ ដែល​ធ្វើ​​ឲ្យ​​ការ​នាំ​ចេញ​​អា​មេ​រិក​​កាន់​តែ​​​មាន​តម្លៃ​ខ្ពស់​​៕​ AFP/LA