ក្រុងញូវយ៉កៈ ក្រសួង​​យុត្តិធម៌​របស់​អា​មេរិក​បាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គា​រថា​ ធនាគារ Royal Bank of Scotland (RBS) របស់​ចក្រភពអង់គ្លេស ​នឹង​ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន​ ៤,៩ ពាន់​លាន​ដុល្លារ​ដើម្បី​ដោះ​ស្រាយ​​​ការចោទ​ប្រកាន់​ថា ធនាគារ​នេះ​បាន​ធ្វើ​ឱ្យ​វិនិ​យោគិន​យល់​ខុស​ក្នុងការ​វិនិ​យោគ​លើ​មូល​ប​ត្រ​កម្ចី​ទិញផ្ទះនៅ​​មុនពេល​កើត​មាន​វិបត្តិ​ហិរ​ញ្ញវត្ថុ។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា​ ធនាគារ RBS ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង អេឌីនប៊ឺក បាន​ប្រព្រឹត្ត​កំហុស​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​​ធានា​ទិញ និង​ការ​រៀបចំ​កម្ចី​ប្រភេទ​ទី២ (subprime loans) ទៅជា​មូលបត្រ​ដែល​បានក្លាយ​ជា​ថ្នាំ​ពុល​ដែល​បណ្តាល​​ឲ្យ​ដួល​រលំ​​​ទីផ្សារ​លំនៅឋាន​នៅ​សហរដ្ឋអាមេរិក។

លោក Jesse Panuccio អគ្គមេ​ធាវី​ស្តីទី​​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា៖ «ពលរដ្ឋ​អាមេរិក​ជា​ច្រើន​​នាក់​បាន​ទទួល​រង​ផលប៉ះ​ពាល់​ផ្នែក​សេដ្ឋ​កិច្ច​ដ៏​យូរ​អង្វែង​ដោយ​សា​តែវិបត្តិ​​ហិរញ្ញ​វត្ថុ​ឆ្នាំ២០០៨»។

លោក​បន្ថែម​ថា៖ «ដំណោះ​ស្រាយ​នេះ​ឲ្យ​​ធនា​គារ RBS ទទួល​ខុស​ត្រូវ​លើ​ការប្រព្រឹត្តិ​ដ៏​ខុសឆ្គង​ធ្ងន់​ធ្ងរ ដែល​បានរួម​ចំណែក​ឲ្យ​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ ហើយ​វា​ក៏​បញ្ជូន​សារ​ដ៏​សំខាន់​មួយ​ផងដែរ​​ដែលថា ក្រសួង​យុត្តិធម៌​នឹង​តាមដាន​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាមេរិក​ និង​អតិ​ថិជន​របស់​យើង»។

ដំណោះ​ស្រាយ​ចុងក្រោយ​មួយ​​ត្រូវបាន​​រំពឹង​ថា​នឹង​ធ្វើឡើង​បន្ទាប់​ពី​ធនាគារ RBS កាល​ពី​ខែ​ឧសភា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បឋម​មួយ​ជាមួយ​ក្រសួង​​យុត្តិធម៌។

កាល​ពី​ឆ្នាំមុន​ នៅក្នុង​ការ​ដោះ​ស្រាយ​មួយ​ជា​មួយ​អាជ្ញាធរ​ហិរញ្ញ​វត្ថុ​សហ​ព័ន្ធ​​លើ​បញ្ហា​ស្រដៀង​គ្នា​នេះ ​ធនាគារ​ RBS បាន​យល់ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​ ៥,៥​ ពាន់​លាន​ដុល្លារ។

ការ​ផាក​ពិន័យ​ថ្មី​ៗ​នេះ ជា​ពិន័យ​ចុងក្រោយ​បំផុត​​​បន្ទាប់​ពី​ការ​ផាក​ពិន័យ​ដែល​មាន​ទឹក​ប្រាប់​រាប់​ពាន់​លាន​ដុល្លារ​ទៅលើ​ធនាគារ​ធំៗ​ ជុំវិញ​ការ​ប្រ​ព្រឹ​ត្ដ​ខុស​ឆ្គង​​នៅមុន​ពេល​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ៕ AFP/NS