ក្រុង​បាងកកៈ ក្រសួង​ពាណិជ្ជកម្មថៃ​បាន​ឲ្យ​ដឹងថា ដែក​ថែប​បំពង់​​របស់​ថៃ​ទទួ​ល​បានការ​លើកលែង​​ពន្ធ​នាំ​ចូល​ដែល​មានអត្រា​ ២៥​ ភាគ​រយ​របស់អាមេរិក​។​

លោក Wanchai Varavithya អគ្គនាយក​រង​នៃ​នាយកដ្ឋានពាណិជ្ជកម្ម​បរទេស​របស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ មាន​ប្រសាសន៍ថា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ផ្តល់​ការ​លើកលែងពន្ធ​​ចំពោះក្រុមហ៊ុន​នាំ​ចេញ​​ដែកថែប​បំពង់​​របស់​ថៃ​ តែ​ផ្អែក​លើមូលដ្ឋាននាំ​ចេញនីមួយៗ​​ប៉ុណ្ណោះ។​

លោក Wanchai មាន​ប្រសាសន៍​បន្តថា៖ «​បើទោះ​បីជា​ក្រសួង​ពាណិជ្ជកម្មអាមេរិក មិនទាន់​ផ្តល់​នូវ​ការ​លើកលែង​ពន្ធ​​នាំ​ចូល​សម្រាប់​ការ​នាំ​ចេញទាំង​អស់​ពី​ប្រទេស​ថៃក្តី ក៏​ក្រុមហ៊ុន​អាច​ស្នើ​សុំ​ការ​លើកលែ​ង​ពន្ធសម្រាប់​ការ​នាំ​ចេញមួយលើកៗ​បាន។

លោក​បាន​ឲ្យ​ដឹងទៀតថា៖ «យើង​សង្ឃឹមថា ទីក្រុង​វ៉ាស៊ីនតោន​ឆាប់ៗ​នេះ​នឹង​ប្រកាស​ពី​ការ​លើក​លែង​ពន្ធ​លើ​ការ​នាំចូល​ជា​អចិន្ត្រៃយ៍​លើ​ដែកថែប និង​អាលុយ​មីញ៉ូម​ពី​ប្រទេស​ថៃ»។

កាលពី​ថ្ងៃទី​២៣ ខែមីនា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ហូតពន្ធ​ ២៥ ​ភាគ​រយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង ​១០ ​ភាគ​រយ​លើអាលុយមីញ៉ូម តែ​បាន​លើកលែងពន្ធ​ជា​បណ្តោះ​អាសន្ន​​ឲ្យ​ប្រទេស​កាណាដា ម៉ិកស៊ិក ប្រេស៊ីល សហភាព​អឺរ៉ុប អូស្រ្តាលី និង​អាហ្សង់ទីន។

ប្រធានាធិបតី​អាមេរិករូប​នេះ​ក៏​បាន​ផ្តល់​ការ​លើកលែងពន្ធ​លើដែក​ថែបជា​បណ្តោះអាសន្ន​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ដោយ​ចាត់​ទុក​ជា​ផ្នែកមួយនៃការ​វាយ​តម្លៃ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែលលោក​បាន​រិះគន់យ៉ាង​ខ្លាំង​នោះ៕ Bangkok Post/BP