The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អារ៉ាប៊ីសាអ៊ូឌីត​ថា ការ​ផ្គត់ផ្គង់​ប្រេង​មាន​គ្រប់គ្រាន់ ខណៈ​ស្តុក​កំពុង​កើន​ឡើង

អារ៉ាប៊ីសាអ៊ូឌីត​ថា ការ​ផ្គត់ផ្គង់​ប្រេង​មាន​គ្រប់គ្រាន់ ខណៈ​ស្តុក​កំពុង​កើន​ឡើង

Content image - Phnom Penh Post
លោក Falih (ទី៣ ពី​ឆ្វេង) និង​រដ្ឋមន្ត្រី​ផ្សេង​ទៀត​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អាទិត្យ។ រូប AFP

អារ៉ាប៊ីសាអ៊ូឌីត​ថា ការ​ផ្គត់ផ្គង់​ប្រេង​មាន​គ្រប់គ្រាន់ ខណៈ​ស្តុក​កំពុង​កើន​ឡើង

ក្រុង​ជេដាៈ ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួមអេមីរ៉ាត (UAE) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ផ្គត់ផ្គង់​ប្រេង​​មាន​ភាព​គ្រប់គ្រាន់ ហើយ​​ស្ដុក​នៅ​តែ​កំពុង​កើន​ឡើង​ ទោះបី​ជា​មាន​ការ​ធ្លាក់ចុះ​ទិន្នផល​ដ៏​ច្រើន​ពី​​​ប្រទេស ​អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា ​ក៏​ដោយ​ ខណៈ​ដែល​ប្រទេស​នាំចេញ​ប្រេង​បាន​ជួប​ប្រជុំ​​គ្នា​នៅ​ទី​ក្រុង​ជេដា ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត។

បណ្ដា​ប្រទេស​ផលិត​​ប្រេង​បាន​ពិភាក្សា​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​​ទីផ្សារ​ប្រេង​ដែល​មាន​ភាព​ប្រែប្រួល ចំពេល​ដែល​ភាព​​តានតឹង​នៅ​តំបន់​​ឈូង​សមុទ្រ​ពែរ៍្ស​​​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ​កំពុង​កើន​ឡើង​​ ដែល​គំរាម​កំហែង​​ឲ្យ​មាន​ការ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គត់​​​ប្រេង​ពិភព​លោក​។​

ប៉ុន្តែ​លោក​ Khalid al-Falih រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​របស់​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ពេល​ចាប់​ផ្ដើម​កិច្ច​​ប្រជុំ​ថា​៖​ «​យើង​មើល​ឃើញ​ថា ស្ដុក​ប្រេង​​កំពុង​កើន​ឡើង ហើយ​ការ​ផ្គត់ផ្គង់​​មាន​ច្រើន​»។​

ដោយ​សំដៅ​ដល់​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ ដែល​បាន​បណ្ដាល​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​ទាប​ខ្លាំង​នៅ​ឆមាស​ទី២ កាល​​ពី​ឆ្នាំ​មុន លោក​ថ្លែង​​ថា៖ «​គ្មាន​នរណា​ក្នុង​ចំណោម​ពួក​យើង​ចង់​មើលឃើញ​ស្ដុក​ប្រេង​កើន​ឡើង​ខ្លាំង​ជា​ថ្មី​នោះ​ទេ»។

លោក Falih ​បាន​ឲ្យ​ដឹង​​ថា​៖ «​យើង​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​»​។

លោក Suheil al-Mazrouei រដ្ឋ​មន្ដ្រី​ក្រសួង​ថាមពល​របស់​ប្រទេស ​អេមីរ៉ាត​អារ៉ាប់រួម ​បាន​ឲ្យ​ដឹង​ថា​ ​មិន​មាន​ចាំបាច់​នោះទេ​ដែល​ត្រូវ​​បន្ធូរបន្ថយ​​កិច្ច​ព្រមព្រៀង​ដែល​​សម្រេច​បាន​​​ដោយ​អង្គការ​​ OPEC និង​​​​ក្រុម​ប្រទេស​នាំចេញ​ប្រេង​ផ្សេង​ទៀត ដែល​បាន​​កាត់​បន្ថយ​ទិន្នផល​ចំនួន ១,២​ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​គាំទ្រ​តម្លៃ​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​មើល​ឃើញ​ការ​កើន​ឡើង​​ស្ដុក​ប្រេង​។ ខ្ញុំ​មិន​គិត​ថា វា​ត្រឹមត្រូវ​នោះ​ទេ» ក្នុង​ការ​ផ្លាស់​​ប្តូរ​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​​។​

នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​នេះ លោក​ Falih បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ថា ​អង្គការ OPEC និង​​ប្រទេស​​នាំចេញ​ប្រេង​​នានា «មាន​សំឡេង​ជា​ឯកច្ឆ័ន​ក្នុង​ការ​បន្ត​ធ្វើ​​ការងារ​ដើម្បី​សម្រេច​បាន​ស្ថិរភាព​រវាង​ការ​ផ្គត់ផ្គង់​ និង​តម្រូវ​ការ​»។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​នេះ​ បាន​ឲ្យ​ដឹង​ថា៖ «​កិច្ច​ប្រជុំ​នេះ​​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​សម្រេច​បាន​តុល្យភាព​​ទីផ្សារ​ និង​ការងារ​ ដើម្បី​ស្ថិរភាព​ទីផ្សារ​ប្រេង»។​​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អនុលោម​ភាព​​របស់​រដ្ឋ​​សមាជិក​ទៅ​​នឹង​​ការ​​កាត់​បន្ថយ​ផលិត​ បាន​កើន​ឡើង​ខ្លាំង​ដល់​ ១៦៨ ​ភាគរយ​កាល​ពី​ខែ​មេសា​ ហើយ​ជា​មធ្យម​​មាន​អត្រា ១២០​ ភាគរយ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​​ប៉ុន្មាន​​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​កើត​មាន​ការ​វាយ​ប្រហារ​​​វិទ្ធង្សនា​​ប្រឆាំង​​នាវា​ដឹក​​ប្រេង​​ក្នុង​ឈូង​សមុទ្រ​ពែរ៍្ស​​ដែល​មាន​ភាព​រសើប​ខ្លាំង​ និង​​ការ​ដាក់​គ្រាប់​បែក​​បំផ្ទុះ​​បំពង់​បង្ហូរ​ប្រេង​​របស់​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែល​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​ត្រូវ​បាន​ក្រុម​ឧទ្ទាម​យេម៉ែន​ដែល​​គាំទ្រ​ដោយ​​ប្រទេស ​អ៊ីរ៉ង់​អះអាង​ទទួល​ខុស​ត្រូវ។​

ប៉ុន្តែ​លោក Falih បាន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ទីតាំង​ទាញ​យក​​ប្រេង​​របស់​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​​ការពារ​យ៉ាង​ល្អ​។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​យើង​មាន​សន្ដិសុខ​ឧស្សាហកម្ម​ប្រេង​​យ៉ាង​រឹងមាំ»។​ ​លោក​​លើក​ឡើង​ថា​៖ «​អ្នក​រាល់​គ្នា​ងាយ​ទទួល​រងគ្រោះ​ទៅ​នឹង​​​សកម្មភាព​វិទ្ធង្សនា​ជ្រុល​និយម»។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង ​ខណៈ​ដែល​​ផល​ប៉ះពាល់​ពេញ​លេញ​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​របស់​អាមេរិក​​ប្រឆាំង​​​ប្រទេស​​​អ៊ីរ៉ង់ ចាប់​ផ្តើម​កើត​មាន ដែល​កាត់​បន្ថយ​ការ​នាំចេញ​ប្រេង​ឆៅ​របស់​សាធារណ​រដ្ឋ​អ៊ិស្លាម​មួយ​នេះ​៕​ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍