ក្រុងឌូបៃៈ ក្រុមហ៊ុន S&P Platts បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ផលិតកម្ម​ប្រេងឆៅ​ប្រហែល ៣ ​លាន​បារ៉ែល ​ក្នុង​មួយថ្ងៃ​របស់​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត នឹង​នៅ​តែ​មិនអាច​ងាក​មករក​ផលិតកម្ម​ជាធម្មតា​វិញ​បាន​នោះទេ​ក្នុង​រយៈពេល​មួយខែ បន្ទាប់ពី​រង​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ទៅលើ​ទីតាំង​ផលិត​ប្រេង​ឆៅ​ចំនួន​ ២ ​កន្លែង​ របស់​ប្រទេស​នេះ​។

របាយការណ៍​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​បន្តិច បន្ទាប់ពី​បាន​កើនឡើង​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​បាន​គ្រប់គ្រង​លើ​ទីផ្សារ​ពិភពលោក នៅពេល​ដែល​ប្រទេស​ផលិត​ប្រេង​ច្រើន​ជាងគេ​របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC) នឹង​អាច​ស្ដារ​ផលិតកម្ម​ដែល​បាត់បង់​ឡើងវិញ​។

ការវាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង Abqaiq និង​រោងចក្រ Khurais ដែល​អាមេរិក​បាន​ស្ដីបន្ទោស​ទៅលើ​ប្រទេស​អ៊ីរ៉ង់​រួម​គ្នា​មាន​សមត្ថភាព​អាច​ផលិត​ប្រេង​បាន​ចំនួន ៥,៧ ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ (bpd) ឬ ៦ ភាគរយ​នៃ​ការផលិត​ពិភពលោក​។

ក្រុមហ៊ុន S&P Global Platts បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​ថា​៖ «​នៅក្នុង​ចំណុច​នេះ វា​មើល​ទៅ​ទំនង​ជា​ថា ប្រេង​ប្រហែល ៣ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៃ​ការផ្គត់ផ្គង់​ប្រេងឆៅ​របស់​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត​ នឹង​នៅតែ​មិន​អាច​ងាក​មក​រក​ផលិតកម្ម​វិញ​បាន​ទេ​ក្នុង​រយៈពេល​យ៉ាង​ហោចណាស់​មួយខែ​»​។

ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​របស់​ប្រទេស​ អារ៉ាប៊ីសាអ៊ីឌីត នៅ​ល្ងាច​ថ្ងៃ​អង្គារ​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​លើកដំបូង​របស់​ព្រះអង្គ​ចាប់​តាំងពី​ការវាយប្រហារ​ដោយ​ព្រះអង្គ​បាន​ផ្ដល់​បច្ចុប្បន្នភាព​ស្ដីពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការស្ដារ​ផលិតកម្ម​ដែល​បាត់បង់​ឡើងវិញ​។

ទីក្រុង​រីយ៉ាដ​បូម​ប្រេង​បាន​ប្រហែល ៩,៩ ​លាន​បារ៉ែល​ ក្នុង​មួយថ្ងៃ ដែល​ក្នុង​ចំណោម​ចំនួន​នោះ ប្រេងឆៅ​ចំនួន​ប្រហែល ៧ ​លាន​បារ៉ែល​ ក្នុង​មួយថ្ងៃ​ត្រូវបាន​នាំ​ចេញ​ដែល​ភាគច្រើន​ទៅ​ទីផ្សារ​អាស៊ី​៕ LA