ក្រុងអាប៊ុយដាប៊ីៈ រដ្ឋមន្រ្តីក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាប្រទេសផលិតប្រេងគួរកាត់បន្ថយទិន្នផលចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃដើម្បីធ្វើឲ្យទីផ្សារមានតុល្យភាពឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះតម្លៃប្រេងឆៅ។
លោក Khalid al-Falih បានប្រាប់ទៅសន្និសីទថាមពលនៅក្នុងទីក្រុងអាប៊ុយដាប៊ីថា៖ «ការវិភាគបច្ចេកទេសដែលយើងបានពិនិត្យកាលពីម្សិលមិញ [ថ្ងៃអាទិត្យ] បង្ហាញថា យើងត្រូវការកាត់បន្ថយឲ្យដល់ ១ លានបារ៉ែលក្នុងមួយថ្ងៃដើម្បីធ្វើឲ្យទីផ្សារមានតុល្យភាព»។
លោក Falih បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់ពិភពលោក នឹងកាត់បន្ថយផលិតកម្មរបស់ខ្លួនចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែក្រោយទៅ ដើម្បីរក្សាស្ថិរភាពទីផ្សារ។
ប្រេងបានបាត់បង់ថ្លៃស្ទើរតែមួយភាគប្រាំនៃតម្លៃរបស់ខ្លួនក្នុងរយៈកាលមួយខែនេះដោយសារការផ្គត់ផ្គង់លើស និងសញ្ញានៃផលប៉ះពាល់ខ្លាំងការរំពឹងទុកពីការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើការនាំចេញប្រេងឆៅរបស់ប្រទេសអុីរ៉ង់។
អ្នកផលិតសំខាន់ៗ រួមមានប្រទេសរុស្ស៊ីនិងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យបានព្រមានថា ការផ្គត់ផ្គង់ប្រេងឆៅនឹងលើសតម្រូវការនាឆ្នាំក្រោយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យថ្នាក់រដ្ឋមន្រ្តីរបស់ប្រទេសជាសមាជិក និងមិនមែនជាសមាជិករបស់អង្គការ OPEC នៅទីក្រុងអាប៊ុយដាប៊ី។
លោក Falih បានថ្លែងទៀតថា មានការកើនឡើងស្តុកប្រេងដ៏ច្រើន។ លោកបន្ថែមថា «ប្រទេសផលិតទាំង ២៥ នឹងមិនឲ្យមានភាពលើសនេះបន្តទៀតទេ» និងថា មាន «សញ្ញា»ដែលពួកគេនឹងធ្វើ «អ្វីក៏ដោយដែលអាចធ្វើបានដើម្បីធ្វើឲ្យទីផ្សារមានតុល្យភាព»។
រដ្ឋមន្រ្តីក្រសួងថាមពលរបស់ប្រទេសជាសមាជិក និងមិនមែនជាសមាជិករបស់អង្គការ OPEC នឹងត្រូវជួបប្រជុំគ្នានៅដើមខែធ្នូនៅទីក្រុងវីយែន ដើម្បីវាយតម្លៃទីផ្សារសាកល៕ AFP/PS