ក្រុងរីយ៉ាដៈ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃ​ចន្ទ​បាន​អនុម័ត​ច្បាប់​ថវិកា​ប្រចាំឆ្នាំ​ ២០២០ របស់ខ្លួន ដោយ​ព្យាករ​ថា​នឹងមាន​ការកើនឡើង​ឱនភាព​ថវិកា​ក្នុង​គ្រា​ដែល​តម្លៃ​ប្រេង​ធ្លាក់ចុះ និង​កាត់បន្ថយ​ផលិតកម្ម​ដែល​បាន​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ប្រទេស​ផលិត​ប្រេងឆៅ​ធំ​បំផុត​មួយ​នេះ​។

ព្រះរាជាណាចក្រ​នេះ​បាន​ព្យាករ​ថា​នឹងមាន​ឱនភាព​ថវិកា​ចំនួន ៥០ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០២០ ដែល​កើនឡើង ១៥ ពាន់​លាន​ដុល្លារ​ ពី​ថវិកា​ឆ្នាំ​ ២០១៩ របស់ខ្លួន​។ នេះ​បើយោង​តាម​សេចក្តីប្រកាស​ផ្លូវការ​មួយ​ដែល​ចេញផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​។

សេចក្តីប្រកាស​នេះ​បាន​ឲ្យដឹងថា អារ៉ាប៊ី សាអ៊ូឌីត ​បាន​ព្យាករ​ថា ឱនភាព​ថវិកា​ក្នុង​ឆ្នាំ​ ២០២០ ​នឹង​កើន​ឡើងដល់ ៦,៤ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ.ស.ស) កើន​ពី ៤,៧ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩​។

សេចក្តី​ប្រកាស​នេះ​បានចេញ​ផ្សាយ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ Salman ដែល​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ថា ទីក្រុង​រីយ៉ាដ​ក៏​នឹង​កាត់បន្ថយ​ការចំណាយ​សម្រាប់​ឆ្នាំ​ក្រោយ​ផងដែរ​ក្នុង​វិធានការ​រឹតបន្តឹង​ដ៏កម្រ​មួយ​។

ផែនការ​ចំណាយ​នឹងមាន​ចំនួន ២៧២ ​ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ​ ៧,៨ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ប្រាក់ចំណូល​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ ២២២ ​ពាន់​លានដុល្លារ​ ដែល​ធ្លាក់ចុះ ១៤,៦ ភាគរយ​ផងដែរ​។

ក្រសួង​ហិរញ្ញវត្ថុ​អារ៉ាប៊ី សាអ៊ូឌីត ​ឲ្យ​ដឹងថា ប្រាក់ចំណូល​ពី​ប្រេង​ត្រូវបាន​ព្យាករ​ថា​មាន​ចំនួន ១៣៦,៨ ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ​ពី​ ១៦០,៥ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៩​។

តម្លៃ​ប្រេង​នៅតែ​មាន​កម្រិតទាប​ដោយ​ការជួញដូរ​ក្នុង​តម្លៃ​ប្រហែល ៦៤ ​ដុល្លារ​ ក្នុង​ ១ ​បារ៉ែល បើទោះ​ជា​មាន​ការកាត់បន្ថយ​ផលិតកម្ម​បន្ថែម​ដែល​ត្រូវបាន​ព្រមព្រៀង​ដោយ​អង្គការ OPEC និង​ក្រុម​ប្រទេស​ផលិត​ប្រេង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​សប្តាហ៍​មុន​ក្តី​។

ប្រាក់ចំណូល​ពី​ប្រេង​មាន​ចំណែក​ប្រហែល ២ ភាគ​ ៣ នៃ​ប្រាក់ចំណូល​សរុប​របស់​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​។

ព្រះមហាក្សត្រ Salman បាន​មាន​ព្រះបន្ទូល​ថា រដ្ឋាភិបាល​របស់​ព្រះអង្គ​បាន​ប្តេជ្ញាចិត្ត​បន្តធ្វើ​ពិពិធកម្ម​ប្រភព​ប្រាក់ចំណូល​របស់​ខ្លួន និង​ផ្លាស់ប្តូរ​ព្រះរាជាណាចក្រ​របស់​ព្រះអង្គ​ចេញ​ពី​ការពឹង​ផ្អែកលើ​ប្រេង​។

ក្រសួង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា ប្រទេស​នេះ​បាន​ចំណាយ​ ២៧៩,៥ ពាន់​លាន​ដុល្លារ និង​មាន​ប្រាក់​ចំណូល​ចំនួន ២៤៤,៥ ពាន់​លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ​ ២០១៩ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ឱនភាព​ថវិកា​ចំនួន ៣៥ ពាន់​លាន​ដុល្លារ​៕ KC