ទីក្រុងហ្វ្រេងហ្វឺតៈ ក្រុមហ៊ុនលក់រាយល្បីៗក្នុងពិភពលោករួមមាន ក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ធ្វើឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកាសថា ពួកគេមានផែនការឈប់បង់ថ្លៃជួលតូបដែលបង្ខំឲ្យបិទទ្វារជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Olaf Scholz បានជំរុញឲ្យក្រុមហ៊ុនឈានមុខទាំងនោះចៀសវាងការធ្វើសកម្មភាពបែបនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ម្ចាស់អចលនទ្រព្យ។
ដោយជំរុញឲ្យក្រុមហ៊ុនលក់រាយទៅជួបផ្ទាល់ម្ចាស់អគារដើម្បីស្វែងរកដំណោះស្រាយ លោក Scholz បានប្រាប់កាសែតប្រចាំថ្ងៃ Bild ថា៖ «វាជារឿងដែលគួរតប់ប្រមល់ខ្លាំង ពេលក្រុមហ៊ុនធំៗប្រកាសយ៉ាងសាមញ្ញដើម្បីឈប់បង់ថ្លៃតូប។ នេះជាពេលវេលាត្រូវធ្វើការងាររួមគ្នា »។
ការនេះកើតមានបន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់បង្ហាញកញ្ចប់សង្គ្រោះធំៗដើម្បីការពារក្រុមហ៊ុន និងការងារពីផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីការរីករាលដាលវីរុសកូរ៉ូណា។
វារួមបញ្ចូលទាំងបទប្បញ្ញត្តិដែលការពារអ្នកជួលជាបណ្តោះអាសន្នពីការបណ្តេញចេញពីផ្ទះ ឬបរិវេណអាជីវកម្ម ប្រសិនបើពួកគេជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុចំពោះវិធានការប្រឆាំងនឹងមេរោគនេះ។
ប៉ុន្តែលោកស្រី Christine Lambrecht រដ្ឋមន្ត្រីយុត្តិធម៌វិញបានព្រមានម្ចាស់ក្រុមហ៊ុនកុំឲ្យកេងចំណេញពីវិធានការនេះឲ្យសោះ។
លោកស្រីនិយាយនៅក្នុងទីក្រុងប៊ែឡាំងថា៖ «វាមិនងាយស្រួល និងមិនអាចទទួលយកបានទេ បើក្រុមហ៊ុនខ្លាំងផ្នែកហិរញ្ញវត្ថុឈប់បង់ថ្លៃជួលតូបរបស់គេនៅពេលនេះ»។
ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ ដែលបានរកប្រាក់ចំណេញសុទ្ធជិត ២ ពាន់លានអឺរ៉ូ (២,២ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៩ បានទទួលរងផលប៉ះពាល់ជាខ្លាំងដោយសារតែការធ្លាក់ចុះការលក់នៅប្រទេស ចិន និងការបិទតូបដ៏ច្រើន។
ក្រុមហ៊ុនដែលមានយីហោល្បីបំផុតរបស់អាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងារព័ត៌មាន DPA ថា វាជាផ្អាកបង់លុយថ្លៃជួលបណ្តោះអាសន្នប៉ុណ្ណោះ ដូចជាក្រុមហ៊ុនដទៃទៀតដែរ។
លោក Andreas Scheuer រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់ថា លោកខកចិត្តចំពោះក្រុមហ៊ុន Adidas ដែលចង្អុលបង្ហាញថា ម្ចាស់អគារតូចៗជាច្រើននឹងត្រូវលុបចោលកុងត្រា។
ប៉ុន្តែក្រុមហ៊ុនយក្ស Bavarian បានវាយបកវិញដោយនាយកប្រតិបត្តិលោក Kasper Rorsted ប្រាប់កាសែតប្រចាំថ្ងៃ Frankfurter Allgemeine daily កាលពីថ្ងៃចន្ទថា ភាគច្រើននៃម្ចាស់អគារអាល្លឺម៉ង់របស់ Adidas ជាក្រុមហ៊ុនអចលនទ្រព្យធំៗ និងជាក្រុមហ៊ុនធានារ៉ាប់រងដែលដឹងពីបញ្ហាទាំងនេះ សម្រាប់ការសម្រេចចិត្តបង្ការការជួលនោះ។
លោកបន្តថា ក្រុមហ៊ុន Adidas នឹងបន្តបង់ថ្លៃជួលដល់ម្ចាស់ដី និងអគារឯកជនតូច។ លោកនិយាយ៖ «ពួកគេទទួលបានការជួលជាធម្មតាសម្រាប់ខែមេសាខាងមុខ»។
ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំរបស់ស្វ៊ីស H&M បាននិយាយដូចគ្នាដែរ គឺគេនឹងមិនបង់ថ្លៃជួលតូបដល់ម្ចាស់តូបជិត ៤៦០ តូបដែលបិទទ្វារយ៉ាងប្រញាប់ប្រញាល់ក្នុងប្រទេសអាល្លឺម៉ង់ ដោយបានជូនដំណឹងនេះដល់ម្ចាស់អគារ ហើយសង្ឃឹមស្វែងរកនូវដំណោះស្រាយទទួលយកបានទាំងអស់គ្នាក្នុងពេលឆាប់ៗ៕ RR