ភ្នំពេញ៖ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៣ លានអឺរ៉ូ (៦៣ លាន​ដុល្លារ) នៅ​ឆ្នាំ ២០២១ នេះ ដើម្បី​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២១-២០២២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC។

ការ​ផ្តល់​ជំនួយ​ឥត​សំណង​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ចរចា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ឆ្នាំ ២០២១ រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃទី ៥-៦ ឧសភា ឆ្នាំ​នេះ តាម​ប្រព័ន្ធ​អនឡាញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ទំហំ​ហិរញ្ញប្បន្ន​ឥត​សំណង​នេះ រួមមាន ២៦ លាន​អឺរ៉ូ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ និង ២៧ លាន​អឺរ៉ូ សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស។

គិត​ត្រឹម​ខែ​មីនា ឆ្នាំ​នេះ ភាគី​អាល្លឺម៉ង់​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ១៣,៨ លានអឺរ៉ូ (១៧ លាន​ដុល្លារ) ដើម្បី​គាំទ្រ​ដល់​វិធានការ​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា។

CDC បាន​ឲ្យ​ដឹង​ទៀត​ថា បើ​បូក​បញ្ចូល​ទាំង​ហិរញ្ញប្បទាន​ដែល​បាន​សន្យា​ក្នុង​កិច្ច​ចរចា​នេះ ទំហំ​ហិរញ្ញប្បទាន​សរុប​បាន​កើន​ដល់ ៥៧,៨ លាន​អឺរ៉ូ ស្មើ​នឹង ៦៩ លាន​ដុល្លារ៕