The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់​ អាច​ធ្លាក់​ចូលក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច

អាល្លឺម៉ង់​ អាច​ធ្លាក់​ចូលក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច

Content image - Phnom Penh Post
លោកស្រី​អធិការបតី​អាល្លឺម៉ង់​ក្នុងពេល​ចុះ​ពិនិត្យ​មើល​រោងចក្រ​ក្រុមហ៊ុន Siemens​។ AFP

អាល្លឺម៉ង់​ អាច​ធ្លាក់​ចូលក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច

ក្រុងហ្វ្រេងហ្វឺតៈ ទិន្នន័យ​បឋម​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី ២ ដោយសារ​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​នេះ​ជួបប្រទះ​នឹង​បញ្ហា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចពិភពលោក​។

អាជ្ញាធរ​ស្ថិតិ​សហព័ន្ធ Destatis របស់​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ត្រីមាស​ទី​ ២ បាន​ធ្លាក់ចុះ ០,១ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំនេះ​។ តួលេខ​នេះ​ស្រប​ជាមួយ​នឹង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ​ដែល​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន Factset​។

ការធ្លាក់ចុះ​នេះ​មាន​ន័យ​ថា ប្រទេស​អាល្លឺម៉ង់​នៅពេល​នេះ​កំពុង​ស្ថិតនៅ​ពីក្រោយ​ប្រទេស​ឈានមុខ​គេ​ផ្សេងទៀត​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ បន្ទាប់ពី​ត្រីមាស​ទី ២ បាន​មើលឃើញ​ថា​ប្រទេស​អ៊ីតាលី​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ថេរ និង​ប្រទេស​បារាំង​កើនឡើង ០,២ ភាគរយ​។

ខណៈ​ទិន្នន័យ​រឹង និង​សូចនាករ​ទន់​ដូចជា​ការស្ទង់មតិ​អាជីវកម្ម វិនិយោគិន និង​ទំនុកចិត្ត​អតិថិជន​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ និង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រុម​សេដ្ឋវិទូ​ព្រមាន​ថា ប្រទេស​មហាអំណាច​អឺរ៉ុប​នេះ​អាច​ទទួលរង​ការធ្លាក់ចុះ​ទិន្នផល និង​ថែមទាំង​ធ្លាក់​ចូល​ក្នុង​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច (Recession) ទៀត​ផង​ដែល​តាមន័យ​បច្ចេកទេស​មានន័យថា​ជាការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ចូល​ដែន​អវិជ្ជមាន​រយៈពេល​ ២ ​ត្រីមាស​ជាប់​គ្នា​។

អាជ្ញាធរ​ស្ថិតិ​សហព័ន្ធ Destatis បាន​ឲ្យ​ដឹងថា ការចំណាយ​កាន់តែ​ខ្ពស់​ដោយ​គ្រួសារ​ឯកជន និង​រដ្ឋ​ព្រមទាំង​ការបង្កើន​ការវិនិយោគ​បាន​ជួយ​គាំទ្រ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​។

ប៉ុន្តែ​ក្រុម​អ្នក​ស្ថិតិ​បាន​ឲ្យ​ដឹងថា «​ការវិនិយោគ​ពាណិជ្ជកម្ម​បរទេស​បាន​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ថមថយ ដោយសារ​តែ​ការនាំចេញ​បាន​ថមថយ​ខ្លាំង​ជាង​ការនាំចូល​ធៀប​នឹង​ត្រីមាស​ទី​ ១»​។

ឧស្សាហកម្ម​សម្រាប់​ការនាំចេញ​ជាច្រើន​ដូចជា​ការផលិត​រថយន្ត ឧបករណ៍​គ្រឿង​ម៉ាស៊ីន និង​គីមី​បាន​ទទួលរង​ផលប៉ះពាល់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយសារ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ពង្រីក​ការប្រឈម​មុខ​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន និង​បាន​គំរាម​ថា​នឹង​បើក​ការប្រឈមមុខ​ថ្មី​មួយ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​។

លោក Klaus Borger សេដ្ឋវិទូ​នៅ​ធនាគារ​វិនិយោគ​សាធារណៈ KfW បាន​ថ្លែងថា​៖ «​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំ​របស់​សហរដ្ឋអាមេរិក ភាពចលាចល​ដែល​អាច​កើតឡើង​កាន់តែ​ខ្លាំង​ដោយសារ Brexit និង​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ខ្សោយ​ស្ថានការណ៍​ដ៏អាក្រក់​បាន​និង​កំពុង​កើតឡើង​ចាប់តាំង​ពី​រដូវក្ដៅ​ឆ្នាំមុន​»៕ LA

អត្ថបទគួរចាប់អារម្មណ៍