ក្រុង​ប៉េកាំងៈ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន​) បាន​​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​ទី២​ របស់​ប្រទេស ​ចិន ​​នៅ​ឆមាស​ទី១​ ឆ្នាំ ​២០១៩ នេះ ដែល​វ៉ាដាច់​អាមេរិក​ជា​លើក​​ដំបូង​​​ចាប់​​ពី​ឆ្នាំ ​១៩៩៧។​

នៅ​ឆមាសទី១ ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​របស់​​ចិន​ជាមួយ​អាស៊ាន​ ​បាន​កើន​ឡើង ​១០ ភាគរយ ​ដល់​ជិត​ ២ ពាន់ពាន់​លាន​យន់​ (២៩០,៧៣ ពាន់​លាន​ដុល្លារ) ស្មើ​ ​១៣,៥​ ភាគរយ ​​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​​គយ​របស់​​ប្រទេស ចិន​។​

ក្នុង​អំឡុង​រយៈពេល​ដូច​គ្នា​ ពាណិជ្ជកម្ម​របស់​​ចិន​ជាមួយ​អាមេរិក​បាន​ធ្លាក់ចុះ​​ ៩​ ភាគរយ ​​មក​នៅ​ត្រឹម ១,៨​ ពាន់​ពាន់​លាន​​យន់ (២៦១,៦៤ ពាន់​លាន​ដុល្លារ) ស្មើ​នឹង​ ១២ ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ចិន។

ទិន្នន័យ​គយ​បាន​បង្ហាញ​ថា កាល​ពី​ខែ​មិថុនា​ការ​នាំចេញ​របស់​ប្រទេស ចិន ​​ទៅ​អាមេរិក​បាន​ធ្លាក់ចុះ​ ៨ ​ភាគរយ ​​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន ហើយ​ការ​នាំចូល​ពី​អាមេរិក​​​បាន​ធ្លាក់ចុះ​ ៣១ ភាគរយ​។

ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​គាំទ្រ​​ដោយ​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​​​មក​ជា​យុទ្ធសាស្ដ្រ​រវាង​​​ចិន​​ និង​អាស៊ាន​ ​ដែល​បាន​កើន​ឡើង​​ចំណាប់​អារម្មណ៍​​​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ និង​បំណង​ប្រាថ្នា​​រួម​គ្នា​​​​ក្នុង​​ការ​ការពារ​ពាណិជ្ជកម្ម​ពហុភាគី​និយម​។​

ទន្ទឹម​នឹង​នេះ​ដែរ គំនិត​ផ្តួចផ្ដើម​ខ្សែ​ក្រវាត់​និង​ផ្លូវ (BRI) បាន​ក្លាយជា​ចំណុច​ផ្តោត​​ថ្មី​មួយ​នៃ​​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​​​ចិន​និង​អាស៊ាន។​

លោក Huang Xilian ឯកអគ្គ​រាជទូត​​ចិន​​ប្រចាំ​នៅ​អាស៊ាន ​ឲ្យ​ដឹង​​ក្នុង​​សិក្ខាសាលា​​​ស្ដីពី​ទំនាក់ទំនង​​រវាង​អាស៊ាន​​​នៅ​ចុង​​ខែ​មុន​​​ថា តំបន់​អាស៊ាន​​បាន​មើល​ឃើញ​​លទ្ធផល និង​សក្ដានុពល​ ដែល​គួរ​ឲ្យ​កត់​សម្គាល់​​ខ្លាំង​បំផុត​ទាក់ទង​នឹង​ BRI៕ People''s Daily/​LA​