The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាស៊ី​ បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​ ចិន-អាមេរិក

អាស៊ី​ បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​ ចិន-អាមេរិក

Content image - Phnom Penh Post
កិច្ចប្រជុំ​រវាង​មន្ត្រី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​ក្នុង​ការចរចា​ដំណោះស្រាយ​ពាណិជ្ជកម្ម​កាលពី​ខែ​មុន​។ រូបថត AFP

អាស៊ី​ បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​ ចិន-អាមេរិក

ក្រុងសិង្ហបុរីៈ បណ្ដា​ប្រទេស​អាស៊ី​បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដែល​អាច​កើតឡើង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន ដោយ​ក្រុម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​បង្កើន​ល្បឿន​ចរចា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង ដែល​មិន​រាប់​បញ្ចូល​អាមេរិក​។

ក្តីបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើងៗ​រវាង​មហា​អំណាច​សេដ្ឋកិច្ច​នាំ​មុខ​គេ​ទាំង​ ២ ​របស់​ពិភពលោក​ដែល​អាច​ឈាន​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ពេញ​ទំហឹង​នឹង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ទៅ​ដល់​បណ្ដា​ប្រទេស​ជិត​ខាង​របស់​ចិន​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រធានបទ​ដែល​យក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​សៅរ៍​។

វិធានការ​ចំពោះ​ពន្ធ​នាំ​ចូល​បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​ជាច្រើន​ខែ ខណៈ​កាលពី​ថ្ងៃ​សុក្រ​ទីក្រុង​ប៉េកាំង​បាន​គំរាម​ថា​នឹង​ហូត​ពន្ធ​លើ​ទំនិញ​អាមេរិក​ក្នុង​តម្លៃ ៦០ ​ពាន់​លាន​ដុល្លារ​ចាប់ពី​សាច់គោ​រហូត​ទៅ​ដល់​ស្រោម​អនាម័យ​។

វិធានការ​ដែល​សេតវិមាន​បាន​ចំអក​ថា​ «​ទន់ខ្សោយ​» ប៉ុន្តែ​ចិន​បាន​ឲ្យ​ដឹង​ថា​ «​ត្រឹមត្រូវ​ទាំងស្រុង​» បាន​ធ្វើ​ឡើង​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បង្កើន​អត្រាពន្ធ​នាំ​ចូល​បន្ថែម​លើ​ទំនិញ​របស់​ចិន​ក្នុង​តម្លៃ​ ២០០ ​ពាន់​លាន​ដុល្លារ​។

លោក Saifuddin Abdullah រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​សៅរ៍​ថា ការរំពឹង​ទុក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​គឺជា​ «​ការគំរាមកំហែង​ពិតប្រាកដ​» ដល់​ប្រទេស​អាស៊ី​។

លោក​ថ្លែង​ថា​៖ «​ការ​គំរាម​កំហែង​នេះ​កំពុង​ធ្វើឲ្យ​ប្រទេស​ជាច្រើន​បារម្ភ និង​បង្ក​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង​ឡើងៗ​»​។

មន្ដ្រី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​អាស៊ី​ផ្សេងៗ​ទៀត​នៅ​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (ASEAN) ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ប្រឆាំង​ការ​គាំពារនិយម​ដែល​ព្រមាន​ថា ខ្លួន​នឹង​ដាក់​ការអភិវឌ្ឍ​របស់​តំបន់​នេះ​នៅក្នុង​គ្រោះថ្នាក់​។

រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung-wha បាន​និយាយ​ថា​៖ «​ការកើនឡើង​ការប្រឆាំង​សកល​ភាវូបនីយកម្ម និង​ការគាំពារ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​ធំៗ​កំពុង​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង និង​កំពុង​គំរាម​កំហែង​ដល់​បំណងប្រាថ្នា​របស់​យើង​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​»​។

លោកស្រី​បន្ត​ថា​៖ «​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​ត្រូវតែ​ស្វែងរក​មធ្យោបាយ​ច្នៃប្រឌិត​ក្នុង​ការ​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបតិ្តការ​របស់​យើង​» ក្នុង​គ្រា​ដែល​មាន​បញ្ហា​ប្រឈម​បែប​នេះ​។

រដ្ឋមន្ដ្រី​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​កិច្ចចរចា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ទូលំ​ទូលាយ​នៅក្នុង​តំបន់ (RCEP) ដែល​ជា​កិច្ចព្រមព្រៀង​ចំនួន​ ១៦ ​ប្រទេស ដើម្បី​ឲ្យ​ក្លាយ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឈាន​មុខ​គេ​របស់​ពិភពលោក​ដែល​គ្របដណ្ដប់​ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​។

កិច្ចព្រមព្រៀង RCEP នេះ​នឹង​មាន​ប្រទេស​អាស៊ាន​ទាំង​ ១០ បូក​ជាមួយ​ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង នូវែលសេឡង់ និង​អូស្ដ្រាលី​៕ LA

អត្ថបទគួរចាប់អារម្មណ៍