ភ្នំពេញៈ រដ្ឋាភិបាល អាមេរិក បានផ្តល់នូវពានរង្វាន់ ប៉ាតង់សម្រាប់មនុស្សជាតិ ដល់សហគ្រាសសង្គមកសិកម្មឈ្លាសវៃនៅកម្ពុជា សម្រាប់ការបង្កើតឧបករណ៍កសិកម្មប្រកបដោយការច្នៃប្រឌិត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ។
ឧបករណ៍កសិកម្មដែលបានទទួលពានរង្វាន់កំពូលពីរដ្ឋាភិបាល អាមេរិក នេះ គឺជាម៉ាស៊ីន ដាំគ្រាប់ស្រូវ ដែលមានឈ្មោះ «អីុឡាយ»។
អីុឡាយ (Eli) ជាឧបករណ៍ដាំគ្រាប់ស្រូវដែលនឹងជួយឲ្យកសិករកាត់បន្ថយការប្រើប្រាស់គ្រាប់ពូជ បង្កើនទិន្នផល និងប្រើប្រាស់កម្លាំងពលកម្មតិច។ ឧបករណ៍នេះត្រូវបានភ្ជាប់ជាមួយគោយន្តដៃ ដោយបញ្ចេញកម្លាំងខ្យល់បាញ់គ្រាប់ស្រូវចូលទៅក្នុងដីស្រែដែលមានទឹក។
ការទទួលពានរង្វាន់នេះនឹងត្រូវធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ នៅ សហរដ្ឋអាមរិក ដោយមានបេក្ខភាពចូលរួម ៨ ផ្សេងទៀត ដែលត្រូវបានជ្រើសចេញពីស្ថាប័នធំៗចំនួន ៦៩ជុំវិញពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក សាន ប៊ុននីកា នាយកគ្រប់គ្រងគម្រោងកសិកម្មឈ្លាសវៃ ដែលបានស្រាវជ្រាវ និងដឹកនាំក្រុមការងារផលិតឧបករណ៍អីុឡាយ បាននិយាយថា ក្នុងនាមជាកសិករមួយរូប លោកយល់យ៉ាងច្បាស់ពីអ្វីដែលកសិករខ្មែរកំពុងជួបប្រទះ នោះគឺកង្វះកម្លាំងពលកម្ម។
លោកថ្លែងថា៖ «កង្វះកម្លាំងពលកម្ម គឺជាហេតុផលចម្បងដែលជំរុញឲ្យខ្ញុំបង្កើតឧបករណ៍ នេះឡើងដោយឧបករណ៍នេះបានជួយយ៉ាងច្រើនដល់កសិករនៅប្រទេស កម្ពុជា»។
គម្រោងនេះស្ថិតក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល អូស្រ្តាលី ហើយបច្ចុប្បន្នវាក៏ត្រូវបានយកទៅប្រើប្រាស់សាកល្បងនៅប្រទេស ហ្វីលីពីន ផងដែរ៕LA