ក្រុងប្រ៊ុចសែលៈ ម្ចាស់​បំណុល​របស់​ប្រទេស​ក្រិក​បាន​ព្រមព្រៀង​ចំពោះ​កម្មវិធី​កំណែទម្រង់​មួយ ខណៈ​ដែល​កម្មវិធី​ថវិកា​សង្គ្រោះ​លើក​ទី​ ៣ និង​លើក​ចុង​ក្រោយ​របស់​ប្រទេស​នេះ​ជិត​មក​ដល់​ទីបញ្ចប់​។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​អឺរ៉ុប​កាលពី​ថ្ងៃ​សៅរ៍​។

រដ្ឋាភិបាល​ក្រុង​អាថែន​ត្រូវ​បាន​សង្គ្រោះ​ ៣ ​លើក​ដោយ​ម្ចាស់​ឥណទាន​អឺរ៉ុប និង​អន្តរជាតិ​ដោយ​បាន​ទប់ស្កាត់​មិន​ឲ្យ​ប្រទេស​នេះ​ចាកចេញ​ពី​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​។

ប្រទេស​នេះ​បាន​វិល​ត្រឡប់​មក​រក​កំណើន​សេដ្ឋកិច្ច​វិញ​នៅ​ឆ្នាំ​ ២០១៧ បន្ទាប់ពី​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ខ្លាំង​រយៈពេល ៩ ឆ្នាំ ហើយ​កម្មវិធី​ថវិកា​សង្គ្រោះ​នេះ​នឹង​បញ្ចប់​នៅ​ខែ​សីហា​ខាង​មុខ​នេះ​។

លោក Pierre Moscovici ស្នងការ​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា​៖ «​បន្ទាប់ពី​ឆ្លងកាត់​ការលំបាក​ការខិតខំ​ប្រឹងប្រែង និង​ការលះបង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ទីបំផុត​ប្រទេស​ក្រិក​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ​»​។

ដោយសារ​កិច្ចព្រមព្រៀង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៅ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី​ ២១ ខែ​មិថុនា​ខាង​មុខ​នេះ​ក្រុម​អ្នក​ជំនាញ​មកពី​សហភាព​អឺរ៉ុប ធនាគារកណ្តាល​អឺរ៉ុប​ (ECB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ជួបប្រជុំ​ជាមួយ​រដ្ឋាភិបាល​ក្រិក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ដើម្បី​ពិភាក្សា​ពី​គោលនយោបាយ​ជំរុញ​ការ​ធ្វើ​ឯកជន​នីយកម្ម​របស់​ខ្លួន ដែល​ជា​កំណែទម្រង់​សេវា​ស៊ីវិល និង​ការបញ្ចប់​ការគ្រប់គ្រង​ទីផ្សារ​ថាមពល​ដោយ​រដ្ឋ​ក្រិក​។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​កិច្ចព្រមព្រៀង​នេះ មន្ត្រី​ប្រតិបត្តិ​សហភាព​អឺរ៉ុប​រូប​នេះ​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​កម្រិត​បុគ្គលិក​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ហើយ​៕ BP