ទីកុ្រង​ព័រតូ៖ សហភាព​អឺរ៉ុប និង​ឥណ្ឌា​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ដែល​ជាប់​គាំង​ជា​យូរ​មក​ហើយ​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​ជំរុញ​ទំនាក់ទំនង​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​តាម​វីដេអូ​មួយ​ដែល​ធ្វើ​ឡើង​ក្រោម​ស្រមោល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែល​កំពុង​បង្ក​ជា​មហន្តរាយ​ដល់​ប្រទេស​ធំ​នៅ​អាស៊ី​ខាង​ត្បូង​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​និយាយ​ថា៖ «សហភាព​អឺរ៉ុប និង​ឥណ្ឌា កំពុង​បើក​ទំព័រ​សំខាន់​ថ្មី​មួយ​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង។ យើង​ គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​ទាំង​ពីរ​របស់​ពិភព​លោក។ យើង គឺ​ជា​ដៃគូ​ពិត​ប្រាកដ»។

រលក​នៃ​ការ​ឆ្លង​រាលដាល​ប្រកប​ដោយ​ការ​បំផ្លិចបំផ្លាញ​ពាសពេញ​ប្រទេស​ឥណ្ឌា បាន​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រជុំ​ ដោយ​បង្ខំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក Narendra Modi បញ្ចប់​ផែនការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ព័រទុយហ្កាល់ ដើម្បី​ជួប​សមភាគី​អឺរ៉ុប​របស់​លោក។

ប៉ុន្តែ​ប្លុក​ដែល​មាន​ប្រទេស​ទាំង ២៧ និង​ប្រជាធិបតេយ្យ​ធំ​បំផុត​នៅ​លើ​ពិភព​លោក​នៅ​តែ​ប្តេជ្ញា​ធ្វើ​ឲ្យ​មាន​សារៈសំខាន់​ដល់​សន្ទុះ​កើន​ឡើង​សម្រាប់​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ដែល​រុញ​ច្រាន់​ដោយ​ការ​ព្រួយ​បារម្ភ​រួម​គ្នា​អំពី​ការ​ងើប​ឡើង​របស់​ចិន។

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ លោកស្រី Ursula von der Leyen បាន​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ឡើង​វិញ បន្ទាប់​ពី​ការ​ខកខាន​អស់​រយៈពេល ៨ ឆ្នាំ ដោយ​ចាត់​ទុក​ជា “ការ​ផ្លាស់​ប្តូរ​ជា​ប្រវតិ្តសាស្រ្ត”។

បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​បាន​បញ្ជូន​ឧបករណ៍ និង​ថ្នាំ​ពេទ្យ ដែល​មាន​តម្លៃ​ប្រមាណ ១០០ លាន​អឺរ៉ូ (១២០ លាន​ដុល្លារ) ដល់​ប្រទេស​ឥណ្ឌា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

លោកស្រី Von der Leyen បាន​ទទូច​ថា​ ប្លុក​នេះ "មាន​ជំហរ​រឹងមាំ​នៅ​ខាង​ឥណ្ឌា​ក្នុង​ពេល​ដ៏​លំបាក​បំផុត​នេះ "និង​បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​កិច្ចការ​បរទេស​របស់​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា លោក Modi បាន​ជំរុញ​សហភាព​អឺរ៉ុប​ឱ្យ​គាំទ្រ​សំណើ​របស់​ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ការ​ព្យួរ​ប៉ាតង់​វ៉ាក់សាំង​កូវីដ ១៩ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក Joe Biden មិន​ផ្តល់​ទម្ងន់​ដល់​ផែន​ការ​នេះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​ឥណ្ឌា លោក Vikas Swarup បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​តាម​ដាន​ជំហរ​របស់​សហភាព​អឺរ៉ុប ដែល​កំពុង​វិវឌ្ឍ​លើ​បញ្ហា​ពិសេស​នេះ”៕AFP/RR