ក្រុង​តេហេរ៉ង់ៈ ប្រទេស​អុីរ៉ង់ កាលពីថ្ងៃ​អាទិត្យ​បានអំពាវ​នាវ​ឲ្យ​ដៃគូ​ក្នុង​អង្គការ​​ប្រទេស​នាំចេញ​ប្រេង OPEC របស់​ខ្លួន​កុំ​អោន​ក្បាល​ចំពោះការ «គំរាម» របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ខណៈ​អង្គការ​នេះបាន​រៀបចំ​ប្រជុំ​ដើម្បី​ពិភាក្សា​ពីកម្រិត​ផលិត​ប្រេង។

លោក Bijan Namdar Zanganeh រដ្ឋមន្ត្រីក្រសួង​ប្រេង​អុីរ៉ង់ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន SHANA របស់ក្រសួង​ប្រេង​របស់លោកថា៖ «ខ្ញុំ​សង្ឃឹមថា លទ្ធផល​នៃការ​កិច្ច​ប្រជុំ​នេះ​នឹង​មិន​ទទួលរង​ឥទ្ធិពល​ពី​ការ​គំរាម​របស់​លោក​ប្រធានាធីបតី ត្រាំ ទេ»។

មុន​កិច្ច​ប្រជុំ​របស់អង្គការ OPEC កាលពីថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​អាល់ហ្សេ ប្រទេស​អាល់ហ្សេរី លោក ត្រាំ បាន​សរសេរ​លើ​ Tweeter ថា៖ «អង្គការ​ OPEC ត្រូវ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ឥឡូវ​នេះ!» តាម​រយៈ​ការ​ដំឡើង​ទិន្នផល​ប្រេង។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​បាន​សរសេរ​ផងដែរថា បណ្តាល​រដ្ឋ​នៅមជ្ឈិម​បូព៌ា «នឹង​មិន​មានសុវត្ថិភាព​រយៈ​ពេលវែង​ទេ» បើ​​គ្មាន​សហរដ្ឋអាមេរិក៕ AFP/KC