ក្រុងស៊ីដនីៈ អូស្ត្រាលីគឺជាប្រទេសនាំចេញឧស្ម័នផ្ទះកញ្ចក់ធំទី៣ ក្នុងពិភពលោកដោយមានឧស្ម័នកាបូនិច (កាបូនឌីអុកស៊ីត ឬកាបូន) ជាង ១ ពាន់លានតោនដែលត្រូវបាននាំចេញទៅក្រៅប្រទេសក្នុង ១ ឆ្នាំ ក្នុងទម្រង់ជាធ្យូងថ្ម និងឧស្ម័នធម្មជាតិ។ នេះបើយោងតាមការសិក្សាមួយដែលបានបង្ហាញកាលពីថ្ងៃចន្ទ។
វិទ្យាស្ថានអូស្ត្រាលីដែលប្រកាន់ឆ្វេងនិយមបានរាយការណ៍ថា ការនាំចេញថាមពលរបស់អូស្ត្រាលីស្ថិតនៅចំណាត់ថ្នាក់ក្រោយតែប្រទេស រុស្ស៊ី និងអារ៉ាប៊ី សាអ៊ូឌីត ប៉ុណ្ណោះទាក់ទងនឹងការបញ្ចេញឧស្ម័នកាបូនិច។
របាយការណ៍របស់វិទ្យាស្ថាននេះដែលបានធ្វើឡើងផ្អែកលើទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឲ្យដឹងថា៖ «អូស្ត្រាលីបង្កើតបានចំណែក ៣៩ ភាគរយ នៃពាណិជ្ជកម្មធ្យូងថ្មពិភពលោកដែលមានឧស្ម័នកាបូនិចច្រើន»។ របាយការណ៍នេះអំពាវនាវឲ្យមានការផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើថា តើអ្នកណាជាអ្នកផ្គត់ផ្គង់ថាមពលដែលជំរុញឲ្យមានការឡើងកម្តៅពិភពលោក។
លោក Tom Swann អ្នកនិពន្ធរបាយការណ៍នេះបានសរសេរថា៖ «សន្ធិសញ្ញា និងការជជែកវែកញែកនាពេលបច្ចុប្បន្នផ្តោតការយកចិត្តទុកដាក់លើតម្រូវការកាបូន ជាជាងលើការផ្គត់ផ្គង់»។
លោកបន្ថែមថា៖ «កត្តានេះមិនអើពើការពិតដែលថា ការផ្គត់ផ្គង់ដែលចេះតែកើនឡើង និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ នឹងមាននិន្នាការបញ្ចប់ការបញ្ចេញឧស្ម័នដែលបានកើនឡើង»។
ការជជែកវែកញែកអំពីផលិតកម្មធ្យូងថ្ម និងឧស្ម័នធម្មជាតិគឺជារឿងដែលប្រកាន់បក្ខពួកខ្លាំងក្នុងប្រទេសអូស្ត្រាលីដោយជាញឹកញាប់ពលរដ្ឋបោះឆ្នោតដើម្បីមានការបង្កើតការងារធ្វើជាជាងផ្តោតលើក្តីបារម្ភពីបរិស្ថាន សូម្បីតែក្នុងតំបន់ដែលមានគ្រោះរាំងស្ងួត និងទឹកជំនន់ក្តី៕ KC