
កសិករនៅខេត្តកណ្តាលកំពុងច្រូតស្រូវនារដូវប្រមូលផលកន្លងមក។ អេមរុ រ៉ាយស៍ កំពុងលើកកម្ពស់ស្រូវសរីរាង្គ។ ហុង មិនា
ភ្នំពេញៈ ក្រុមហ៊ុនអេមរុ រ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេរបស់កម្ពុជាកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងទិញតាមកិច្ចសន្យាកសិកម្មជាមួយកសិករស្រូវសរីរាង្គ ៤០០០ នាក់នៅខេត្តព្រះវិហារដែលមានទុនបម្រុងជិត ១០ លានដុល្លារ ដើម្បីស្រូវសរីរាង្គប្រហែល ៣ ម៉ឺនតោន ក្នុងអំឡុងរដូវប្រមូលផលខាងមុខនេះ។
ជាមួយគ្នានេះដែរកិច្ចសហប្រតិបត្តិការសហករណ៍កសិកម្មកម្ពុជា (CCAC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេមរុ រ៉ាយស៍ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញជាមួយកសិករនៅខេត្តដូចគ្នាដើម្បីទិញដំឡូងមីស្ងួត ១០ ០០០ តោនដែលមានទុនបម្រុងប្រហែល ១ លានដុល្លារផងដែរ។
នេះជារយៈពេល ៥ ឆ្នាំជាប់គ្នាដែលក្រុមហ៊ុន អេមរុ រ៉ាយស៍ ទទួលបានកិច្ចព្រមព្រៀងការធ្វើកសិកម្មតាមកិច្ចសន្យានៅក្នុងខេត្តព្រះវិហារសម្រាប់ស្រូវសរីរាង្គ ប៉ុន្តែវាជាឆ្នាំដំបូងសម្រាប់កិច្ចព្រមព្រៀងទិញដំឡូងមីស្ងួត។
ខណៈការប្រមូលផលស្រូវនឹងចូលមកដល់ចន្លោះពីខែតុលាដល់ខែធ្នូហើយការប្រមូលដំឡូងមីនឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយលោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ បានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុននេះបានធានាថាខ្លួននឹងទិញផលិតផលកសិកម្មពីកសិករខ្ពស់ជាងតម្លៃទីផ្សារធម្មតា។
លោកថ្លែងថា៖ «យើងចង់ផ្លាស់ប្តូរខេត្តព្រះវិហារទៅជាខេត្តមួយសម្រាប់ការផលិតស្រូវសរីរាង្គ»។
លោកបន្ថែមថា កិច្ចព្រមព្រៀងទិញដំឡូងមីមានចំនួនបន្តិចបន្តួចនៅក្នុងដំណាក់កាលនេះដោយសារតែក្រុមហ៊ុននេះមានគោលបំណងសាកល្បងទីផ្សារ។ លោកបានបញ្ជាក់ថា៖ «ដោយមានការគាំទ្រកាន់តែច្រើនពីទីផ្សារ កសិករនឹងអាចលក់ផលិតផលកសិកម្មរបស់ពួកគេក្នុងតម្លៃកាន់តែខ្ពស់ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ពួកគេ»៕LA