ភ្នំពេញៈ ក្រុមហ៊ុន​នាំចេញ​អង្ករ ​អេមរុ​ រ៉ាយស៍ ​និង​ជា​ក្រុមហ៊ុន​ផលិត​ស្រូវ​សរីរាង្គ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​កម្ចី​ជាង ​១៥ ​លាន​ដុល្លារ ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (​IFC) ​ដើម្បី​ពង្រីក​ការ​នាំចេញ​អង្ករ​សរីរាង្គ​ឲ្យ​បាន ​៥ ​ម៉ឺន​តោន ​ក្នុង​មួយ​ឆ្នាំ។​ នេះ​បើ​យោង​តាម ​លោក ​សុង ​សារ៉ន​ អគ្គនាយក​ក្រុមហ៊ុន ​អេមរុ រ៉ាយស៍។​ អេមរុ ​រ៉ាយស៍ ​និង​ IFC​ បាន​ចុះ​ហត្ថលេខា​ផ្តល់​កម្ចី​ កាល​ពី​ថ្ងៃទី ​២៦​ មិថុនា​។

លោក​ សុង ​សារ៉ន​ អគ្គ​នាយក​​ក្រុមហ៊ុន ​អេមរុ រ៉ាយស៍ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ​កម្ចី​វិនិយោគ​នេះ​​សម្រាប់​ពង្រីក​ការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ ​ឡ​សម្ងួត ​ព្រម​ទាំង​ពង្រឹង​ស្តង់ដា​វេចខ្ចប់​ កែច្នៃ ​គុណភាព​ សុវត្ថិភាព ​និង​បង្កើន​ទុន​ទិញ​ស្រូវ​បន្ថែម​ទៀត​។

លោក​បន្ត​ថា៖ ​«ក្នុង​កញ្ចប់​ថវិកា​​នេះ​យើង​នឹង​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ទិញ​ស្រូវ​ ពង្រឹង​គុណភាព​យើង​ចង់​ឲ្យ​ប្រទេស​យើង​ក្លាយ​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​សរីរាង្គ​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ ព្រោះ​ឥឡូវ​នេះ​ថៃ​ធំ​ជាង​គេ»​។

តាម​លោក ​សុង​ សារ៉ន ​គម្រោង​​ពង្រីក​ចង្វាក់​ផលិតកម្ម​ស្រូវ​​សរីរាង្គ​នេះ​នឹង​ចាប់​ពី​ខែ​កក្កដា​ទៅ ​ដែល​នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​គុណភាព ​ការ​ផ្គត់ផ្គង់ ​គុណភាព​កែច្នៃ​ ឲ្យ​ត្រូវ​តាម​ស្ដង់ដា​សុវត្ថិភាព​សម្រាប់​រោងចក្រ​ដែល​ត្រូវ​ការ​អង្ករ​សរីរាង្គ​។ លោក​បាន​ថ្លែង​ថា៖​ «[យើង]​ ក៏​នឹង​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​កែច្នៃ​ធ្វើ​ម្ហូប​អាហារ​ផង​ដែរ​ យើង​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​បាន»​។ ​​

លោក ​សារ៉ន ​បន្ថែម​​ថា ​ក្រុមហ៊ុន​លោក​គ្រោង​នាំចេញ​អង្ករ​សរីរាង្គ​ឲ្យ​បាន​ ​២ ​ម៉ឺន​តោន ​ក្នុង​មួយ​ឆ្នាំ​ទៅ​សហភាព​អឺរ៉ុប​ អាមេរិក​ ចិន ​និង​ ហុងកុង ​សម្រាប់​ឆ្នាំ​នេះ ​ហើយ​ ​៤ ​ទៅ ៥ ​ម៉ឺន​តោន ​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។

លោក​ថា៖ ​«យើង​បាន​ធ្វើ​ការងារ​លើ​ស្រូវ​សរីរាង្គ​នេះ​ ​៣ ​ទៅ ​៤ ​ឆ្នាំ ​ហើយ​ យើង​បាន​ឈាន​ដល់​កម្រិត​មួយ​ហៅ​ថា ​កម្រិត​ពាណិជ្ជកម្ម ​អ៊ីចឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​វិនិយោគ ​និង​ពង្រីក​ពាណិជ្ជកម្ម​ឲ្យ​ស្រប​តាម​ស្តង់ដា ដូច្នេះ​យើង​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ»។

យោង​តាម​លោក ​សុង ​សារ៉ន​​ គិត​ត្រឹម ​៦ ខែ​ ឆ្នាំ ​២០១៩​ ក្រុមហ៊ុន​លោក​នាំចេញ​អង្ករ​សរីរាង្គ​បាន​​ជាង ​៤ ០០០ ​តោន​ ដែល​រក​​ចំណូល​បាន​ជិត ​៤ ​លាន​ដុល្លារ ​ហើយ​រំពឹង​ថា​នឹង​សម្រេច​​បាន ​១ ​ម៉ឺន​តោន ​ត្រឹម​ចុង​ឆ្នាំ​។​

ការ​នាំចេញ​អង្ករ​កើនទិន្នន័យ​ពី​​ក្រសួង​កសិកម្ម​បាន​​បង្ហាញ​ថា ​ក្នុង​រយៈពេល ​៥ ​​ខែ ​ឆ្នាំ ​២០១៩ ​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​សម្រេច​បាន​ជាង ​២៥០​ ០០០ ​តោន​ កើន​ឡើង​ ៤,​១៤ ​ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​។

ទោះ​បី​ជា​មាន​ការ​កើន​ឡើង​បន្តិច​ក្នុង​រយៈពេល ​៥ ខែ​នេះ​ក្តី ក៏​លោក ហ៊ុន ​ឡាក់ ​អនុប្រធាន​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ការ​នាំចេញ​សរុប​ពេញ​មួយ​ឆ្នាំ​នេះ​នឹង​​ធ្លាក់ចុះ​ប្រហែល ៥​ ​ភាគរយ​ ដោយសារ​បញ្ហា​ពន្ធ​នាំចូល​​របស់​សហភាព​អឺរ៉ុប​ និង​បញ្ហា​តម្លៃ​អន្តរជាតិ​។​

លោក​បាន​​បញ្ជាក់​ថា៖ ​«​យើង​​​ដឹង​ហើយ​ថា​ ការ​កំណត់​ឲ្យ​​បង់​ពន្ធ​នាំចូល​របស់​​អឺរ៉ុប​ និង​​នាំ​ឲ្យ​ [ការ​នាំចេញ​អង្ករ] ​ថយ​ចុះ ​ហើយ​វា​ក៏​​អាស្រ័យ​លើ​តម្លៃ​អង្ករ​អន្តរជាតិ​ផង​ដែរ»។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​អះអាង​​ថា ​ទីផ្សារ​ចិន​អាច​នឹង​ប៉ះប៉ូវ​​ដល់​ការ​ធ្លាក់​ចុះ​នេះ​។ លោក​​​ថ្លែង​ថា៖ «​​អ្វី​ដែល​ចិន​ផ្តល់​ចំនួន​កូតា​បន្ថែម ​គឺ​វា​បាន​ប៉ះប៉ូវ​វិញ»​។

បន្ទាប់​ពី ​EU បាន​យក​ពន្ធ​នាំចូល​អង្ករ​កម្ពុជា​កាល​ពី​ដើម​ឆ្នាំ ​២០១៩ ​តាម​បណ្តឹង​របស់​ប្រទេស ​អ៊ីតាលី និង​អេស្ប៉ាញ ​ប្រទេស ​ចិន ​បាន​បង្កើន​កូតា​ដល់​​កម្ពុជា​​ដល់ ​៤០០ ​០០០ ​តោន​ក្នុង​ការ​នាំចេញ​ទៅ​ចិន។ ​

ប្រទេស​ កម្ពុជា ​នាំចេញ​អង្ករ​សរុប ​បាន​ចំនួន ៦២៦ ​២២៥ ​តោន​ កាល​ពី​ឆ្នាំ​ ២០១៨ ​ ដែល​​ធ្លាក់​ចុះ​ប្រមាណ​ ១,៤ ​ភាគរយ​ បើ​​ប្រៀប​ធៀប​ទៅ​នឹង ​ឆ្នាំ ​២០១៧ ​ដែល​​​​នាំចេញ​បាន​ចំនួន ​៦៣៥ ​៦៧៩​ តោន។​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​​ពី​ក្រសួង​កសិកម្ម​៕LA