ភ្នំពេញៈ ​អេមរុ​ រ៉ាយស៍​ ​ជា​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ឈាន​មុខ​មួយ​របស់​កម្ពុជា​បាន​ទទួល​​ពាន​រង្វាន់ Golden AGROW ក្នុង​នាម​​ជា​ក្រុម​ហ៊ុន​ ដែល​បាន​រួម​ចំ​ណែក​​ជួយ​ដល់​កសិ​ករ​ ពី​ក្រុម​ប្រឹក្សា​ផ្ដល់​យោ​បល់​ពា​ណិជ្ជ​កម្ម​អា​ស៊ាន​ (ASEAN-BAC)​។ ​នេះ​បើ​​តាម​លោក សុង សារ៉ន។

លោក​ សុង ​សារ៉ន ​ស្ថាប​និក​ និង​ជា​អគ្គ​នា​យក​ក្រុម​ហ៊ុន​នេះបាន​ឲ្យ​ដឹង​ថា ​ពាន​រង្វាន់​នេះ​នឹង​ត្រូវ​ផ្ដល់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​កសិ​កម្ម​អាស៊ាន​លើក​ទី ២ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស ហ្វី​លី​ពីន​ នៅថ្ងៃទី​១​ ខែ​តុលា ​ឆ្នាំ២០១​៨​។​

លោក​ថ្លែង​ថា៖ «​យើង​សប្បាយ​ចិត្ត​ខ្លាំង​ក្នុង​ការ​ទទួល​បាន​រង្វាន់​នេះ​ ដោយ​សារ​តែ​វា​ឆ្លុះ​បញ្ចាំង​ថា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ត្រូវ​ទទួល​ស្គាល់​ក្នុង​តំបន់​»។ លោក​បន្ថែម​ថា ​នេះគឺ​ជា​រង្វាន់​លើក​ទី​២​ ដែល​ក្រុម​ហ៊ុន​​លោក​បាន​ទទួល​។

កាល​ពី​ឆ្នាំ ២០១៥ ​លោក ​សុង ​សារ៉ន ​ត្រូវ​បាន​ផ្ដល់​រង្វាន់​ភាព​ជា​សហគ្រិន​វ័យ​ក្មេង​​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មូល​និធិ ​Takeda​។​ លោក​បន្តថា​៖ «​រង្វាន់​នេះ​លើក​ទឹក​ចិត្ត​ពួក​យើង​ ក្នុង​ការ​បន្ត​ការ​ងារ​របស់​ពួក​យើង​ដើ​ម្បី​ជួយ​កសិ​ករ​កម្ពុជា​»​។​

តាម​លោក ​សុង ​សារ៉ន មាន​លក្ខណ​វិនិ​ច្ឆ័យ​ជា​ច្រើន​ ត្រូវ​បាន​វាយ​តម្លៃ​ដែល​អាច​ឲ្យ ​អេមរុ រ៉ាយស៍​ទទួល​បាន​រង្វាន់​ ប៉ុន្តែ​ចំ​ណុច​សំ​ខាន់ ​គឺ​​គម្រោង​​​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​កសិ​កម្ម​។

​អេមរុ ​រ៉ាយស៍​ បានចុះ​កិច្ច​ព្រម​​ព្រៀង​ទិញ​ស្រូវ​តាម​រយៈ​ការធ្វើ​កសិ​កម្មតាម​កិច្ចសន្យា​ជា​មួយ​កសិ​ករ​អង្ករ​​សរីរាង្គ​ ១០ ០០០ នាក់​នៅ​កម្ពុជា​ ​និង​ទិញ​​ស្រូវ​សរីរាង្គ​ប្រហែល​ ៦០​ ០០០​ តោន​​៕​LA