ភ្នំពេញៈ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ និង​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​ឈានមុខ​គេ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​បាន​ទទួល​ការយល់ព្រម​ជា​ផ្លូវការ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) សម្រាប់​ការបោះ​ផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើកដំបូង (IPO) ដែល​បើកផ្លូវ​ឲ្យ​ធនាគារ​នេះ​ចុះបញ្ជី​លើ​ផ្សារហ៊ុន​នេះ​ក្នុង​រយៈពេល​ ១ ​ខែ​ខាងមុខ​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា​ជាមួយ​វត្តមាន​របស់​ធនាគារ​នេះ​នៅ​លើ​ផ្សារហ៊ុន​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​សាធារណជន​ព្រមទាំង​វិនិយោគិន​បរទេស ដោយសារ​ធនាគារ​នេះ​កំពុង​ប្រតិបត្តិការ​ល្អប្រសើរ​រយៈពេល​ ១ ​ទសវត្សរ៍​ជាមួយ​នឹង​តួនាទី​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​។

លោក​បាន​ថ្លែងថា​៖ «​វត្តមាន​របស់​ធនាគារ​អេស៊ីលីដា​នឹង​ធ្វើឲ្យ​ផ្សារហ៊ុន​របស់​យើង​ទទួល​បាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ពី​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​អន្តរជាតិ​»​។

លោក Jong Weon HA អនុប្រធាន និង​ជា​ប្រធាន​ប្រតិបត្តិការ​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការយល់​ព្រម​ពី SECC ​បន្ទាប់ពី​ធនាគារ​មួយ​នេះ​សម្រេចបាន​តាម​លក្ខខណ្ឌ​តម្រូវ​ទាំង​អស់​ពី​និយតករ​។

លោក​ថ្លែងថា​៖ «​យើង​រីករាយ​យ៉ាងខ្លាំង​ដែល​ធនាគារ​អេស៊ីលីដា​ទទួល​បាន​ការអនុម័ត​នៅក្នុង​កិច្ចប្រជុំ​នេះ​។ សម្រាប់​នីតិវិធី​បន្ទាប់ពី​ការទទួល​ផ្ដល់​ការយល់ព្រម​ជាគោលការណ៍ អ្នកដាក់ពាក្យសុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​រ៉ូតសូ​ជា​សាធារណៈ​រយៈពេល​ ១ ​ថ្ងៃ​បន្ទាប់​។ បន្ទាប់មក​នឹង​មាន​អំឡុងពេល​ការស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​ប្រហែល​ ២ ​សប្ដាហ៍ និង​ការធ្វើ​បរិសកម្ម​រយៈពេល​ ២ ​សប្ដាហ៍​ផ្សេងទៀត​»​។ លោក​បន្ថែម​ថា​ក្នុង​អំឡុង​ដំណើរការ​នេះ​អ្នកដាក់ពាក្យ​ត្រូវ​បាន​តម្រូវ​ឲ្យ​ដាក់ពាក្យ​សុំ​ទៅ​ CSX ព្រមទាំង​រាយការណ៍​ដល់ SECC ផងដែរ​។

លោក​ឲ្យ​ដឹងថា ធនាគារ​នេះ​នឹង​ត្រូវការ​ពេលវេលា​ប្រហែល​ ១ ​ខែ​កន្លះ ដើម្បី​ចុះបញ្ជី​នៅ CSX​។ ទោះបី​យ៉ាង​នេះ​ក្តី​អំឡុង​ពេលនេះ​អាច​ផ្លាស់ប្តូរ​អាស្រ័យ​លើ​តម្រូវការ​ពី​ក្រុម​វិនិយោគិន​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន ​៥ នៅលើ​ផ្សារហ៊ុន​នេះ​ជាមួយ​នឹង​ឧស្សាហកម្ម​ខុសគ្នា​ដែល​មិនទាន់​បាន​បំពេញ​តម្រូវការ​ដ៏ធំ​ពេញលេញ​នៅក្នុង​ទីផ្សារ​នេះ​ទេ​។ ដូច្នេះ​យើង​រំពឹង​ថា​នឹង​ទទួល​បាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​មកពី​គ្រប់​វិស័យ​ក្នុង​ការបង្ហាញ​អាជីវកម្ម​របស់ ពួកគេ​នៅលើ​ផ្សារហ៊ុន​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

លោក​បន្តថា​៖ «​វត្តមាន​របស់​ធនាគារ​អេស៊ីលីដា គឺជា​ផលិតផល​ដ៏ទាក់ទាញ​ថ្មី​មួយ​ដល់​វិនិយោគិន​សាធារណៈ ជាពិសេស​ប្រជាជន​កម្ពុជា​ដែល​មិនទាន់​មាន​ទំនុកចិត្ត​ពេញលេញ​នៅ​ឡើយ និង​ចំណេះដឹង​នៅ​មាន​កម្រិត​លើ​ផ្សារហ៊ុន​របស់​យើង​»​។

លោក​ថ្លែងថា​៖ «​វា​ជា​ជំហាន​មួយ​ផ្សេងទៀត​សម្រាប់​ផ្សារ​មូលធន​។ ក្រៅពីនេះ នៅក្នុង​ឆ្នាំនេះ​យើង​រំពឹង​ថា ក្រុមហ៊ុន​មួយចំនួន​នឹង​ឡើង​ផ្សារហ៊ុន និង​ចេញ​បណ្ណ​បំណុល​សាជីវកម្ម​។ យើង​មាន​សុទិដ្ឋិនិយម​លើ​កំណើន​របស់​ផ្សារហ៊ុន​នេះ​ព្រម​ទាំង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ផងដែរ​»​។

អេស៊ីលីដា គឺជា​ធនាគារពាណិជ្ជកម្ម​ដំបូង​គេ​ត្រូវ​បាន​ផ្ដល់​ការអនុញ្ញាត​ជា​គោលការណ៍​ក្នុង​ការចេញ​មូលបត្រ​លើ​ផ្សារហ៊ុន​កម្ពុជា​។

ធនាគារ​នេះ​ត្រូវ​បាន​ផ្ដល់​ការអនុញ្ញាត​ជា​ផ្លូវការ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា​៕LA