ភ្នំពេញៈ Acleda Bank Plc ដែលជា​ធនាគារ​ឈានមុខ​គេ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​ក្នុងការ​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX ) បន្ទាប់ពី​ធនាគារ​នេះ​ទទួល​បាន​លិខិត​យល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការធ្វើ​ពិពិធកម្ម​ប្រភព​មូលនិធិ​របស់​ខ្លួន​សម្រាប់​ការពង្រីក​អាជីវកម្ម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ពី​ធនាគារ​អេស៊ីលីដា​ដែល​បាន​ទទួល​ដោយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹងថា ធនាគារ​នេះ​បាន​ទទួល​លិខិត​ផ្លូវការ​មួយ​ពី NBC កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា ដែល​អនុញ្ញាត​ឲ្យ​ធនាគារ​នេះ ដំណើរការ​ផែនការ​របស់ខ្លួន​សម្រាប់​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) នៅ CSX​។ IPO របស់​ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ចាត់ទុក​ជា «IPO ជូន​ប្រជាពលរដ្ឋ​» ដែល​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​រូបវន្តបុគ្គល និង​សាធារណជន​ដើម្បី​ចូលរួម​នៅក្នុង IPO អាស្រ័យ​តាម​សមត្ថភាព​ហិរញ្ញវត្ថុ​ពួកគេ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ការយល់ព្រម​ពី NBC ដើម្បី​បើក​ផ្លូវ​ឲ្យ​ធនាគារ​នេះ​ដំណើរការ​នីតិវិធី​សម្រាប់​ការងារ IPO និង​ធ្វើឲ្យ​ហើយ​សម្រាប់​ការចុះបញ្ជី​នៅពេល​ឆាប់ៗ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ធនាគារ​ទើបនឹង​ទទួល​បាន​លិខិត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បន្ត​នីតិវិធី​ស្នើសុំ​បោះផ្សាយ​ IPO នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (​គ.ម.ក​.)​។ ​ភាគហ៊ុនិក​របស់​ធនាគារ​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ថា ធនាគារ​នេះ​គួរតែ​ធ្វើការ​បោះផ្សាយ IPO ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​ដ៏សម្បូរបែប និង​ប្រើប្រាស់​ទីផ្សារ​មូលធន​កម្ពុជា​សម្រាប់​កំណើន​នាពេល​អនាគត​របស់​យើង​»​។

លោក​បន្តថា​៖ «​ក្នុងឱកាស​នេះ​យើងខ្ញុំ​សូម​ជូនដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា នឹងត្រូវ​បាន​ដាក់​លក់​ជូន​សាធារណជន បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​ជា​បន្ត​បន្ទាប់ពី ផ្សារមូលបត្រ​កម្ពុជា (CSX ) ​និង​គណៈកម្មការ មូលបត្រ​កម្ពុជា (​គ.ម.ក.)​។ ​យើងខ្ញុំ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កាលបរិច្ឆេទ​នៃ​ការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ និង​ការធ្វើ​បរិវិសកម្ម​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​នេះ​។ នេះ​ជា​ឱកាស​ដ៏ពិសេស​សម្រាប់​សាធារណជន​ក្នុង​ការចូលរួម វិនិយោគ​ជាមួយ​ធនាគារ ដើម្បី​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​»​។

លោក Han Kyung Tae នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​មូលបត្រ Yuanta Securities (Cambodia) Plc ដែល​នឹង​គ្រប់គ្រង​គម្រោង IPO សម្រាប់​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា វត្តមាន​របស់​ធនាគារ​នេះ​នឹង​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​​បំផុត​លើ​ផ្សារហ៊ុន ខណៈ​ធនាគារ​នេះ​គឺជា​ធនាគារ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​យើង​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏ធំ​បែប​នោះ ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​តែមួយគត់​។ ទំហំ​ការជួញដូរ​ដែល​បាន​ជំរុញ និង​កំណើន​ចំនួន​វិនិយោគិន​ដែល​បណ្ដាល​មកពី IPO របស់​ធនាគារ​អេស៊ីលីដា ពិតណាស់​នឹង​ផ្លាស់ប្តូរ​សក្ដានុពល​របស់​ផ្សារហ៊ុន​នេះ និង​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ផ្សារ​មូលធន​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​»​។ លោក​បន្តថា មូលធនូបនីយកម្ម​ទីផ្សារ​សរុប នៃ CSX អាច​កើនឡើង​ ៣ ​ដង​ជាមួយ​នឹង IPO របស់​ធនាគារ​អេស៊ីលីដា​។

លោក Jong Weon HA ប្រធាន​ប្រតិបត្តិការ​នៅ CSX ក៏បាន​ឲ្យ​ដឹងថា ការចុះបញ្ជី​របស់​ធនាគារ​អេស៊ីលីដា​លើ​ផ្សារហ៊ុន​នេះ​នឹង​ជា​សម្ទុះ​ថ្មី​នៃ​ការទាក់ទាញ​វិនិយោគិន​លើ​ផ្សារហ៊ុន​របស់​កម្ពុជា​មួយ​នេះ ហើយ​វា​នឹង​ល្អ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ អាច​ប្រមូល​មូលនិធិ​នៅ​ផ្សារមូលបត្រ​កម្ពុជា និង​ការចុះបញ្ជី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏ល្អ អាច​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ដរាបណា​ពួកគេ​អាច​ប្រមូល​មូលនិធិ​ក្នុង​តម្លៃ​កាន់តែ​ទាប​នៅ​ផ្សារមូលបត្រ​នេះ ​ពួកគេ​អាច​ផ្ដល់ប្រាក់​កម្ចី​ដល់​ប្រជាជន និង​ពាណិជ្ជករ​កម្ពុជា​ក្នុង​តម្លៃ​កាន់តែ​ទាប​»​។ លោក Ha ថ្លែងថា​៖ «​នេះ​មាន​ន័យថា វិស័យ​មូលបត្រ​អាច​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​របៀប​វិជ្ជមាន​»​។

ទិន្នន័យ​បាន​ពី CSX បង្ហាញ​ថា​ក្នុង​រយៈពេល​ជាង​ ៧ ​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ទីផ្សារ​នេះ CSX ទទួល​បាន​ក្រុមហ៊ុន​ ៥ ​ចុះ​បញ្ជី​នៅ​ផ្សារគោល និង​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន ៣ ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​បោះ​លក់​មូលបត្រ​បំណុល​។ ក្រុមហ៊ុន​ចុះបញ្ជី​ទាំងនេះ​បាន​ប្រមូល​មូលនិធិ​រួម​ចំនួន ១២០ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​នេះ​។

នៅក្នុង​រយៈពេល​ ២៧ ​ឆ្នាំ អេស៊ីលីដា បាន​ប្រែក្លាយ​ពី​​អង្គការ​មិនមែន​រដ្ឋាភិបាល​ទៅ​ជា​ធនាគារពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​។

គិត​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ អេស៊ីលីដា ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ទាក់ទង​នឹង​កម្ចី​ដុល (៣,៦១ ​ពាន់​លាន​ដុល្លារ​) និង​ភាគហ៊ុន​សរុប (៨៩៨,៥៦ ​លាន​ដុល្លារ​) និង​ជា​ធនាគារ​ឈានមុខ​គេ​ទី​ ២ ​ទាក់ទង​នឹង​ទ្រព្យសកម្ម​សរុប (៦,០៩ ​ពាន់​លាន​ដុល្លារ​) ​និង​ប្រាក់​បញ្ញើ​សរុប (៤,២៤ ​ពាន់​លាន​ដុល្លារ​)៕LA