ភ្នំពេញៈ ធនាគារ​អេស៊ីលីដា (ABC) ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ល្អ​ប្រសើរ​នៅក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ជាមួយ​នឹង​ប្រាក់ចំណេញ​កើន​ជាង ១៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រាក់ចំណេញ​របស់​ធនាគារ​នេះ​មាន​ប្រហែល ៣៦ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​នេះ​ធៀប​នឹង ២៩ ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ១ ​ឆ្នាំ​មុន​កើនឡើង​ជាង ១៧ ​ភាគរយ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៏ល្អ​របស់​ធនាគារ​អេស៊ីលីដា បង្ហាញ​ថា ធនាគារ​នេះ​មាន​សមត្ថភាព​ដ៏រឹងមាំ​ក្នុង​ការរកប្រាក់​ចំណេញ​នៅ​គ្រប់​ស្ថានការណ៍​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​អេស៊ីលីដា ក៏​នឹង​ទទួល​បាន​អតិថិជន​ក្នុងស្រុក​កាន់តែ​ច្រើន និង​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្អ ដោយសារ​ការទទួល​អត្ថប្រយោជន៍​ពី​ការចុះបញ្ជី CSX»​។

ធនាគារ​អេស៊ីលីដា​ដែល​ចុះបញ្ជី​នៅ CSX កាលពី​ថ្ងៃទី​ ២៥ ខែឧសភា​បាន​ប្រមូលនិធិ​ប្រហែល ១៧,៥ ​លាន​ដុល្លារ​ពី​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ (IPO)​។ ធនាគារ​នេះ​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​ទី​ ៦ និង​ជា​ធនាគារពាណិជ្ជ​លើកដំបូង​ចេញលក់​ភាគហ៊ុន​នៅលើ​ផ្សារហ៊ុន​នេះ​ជាមួយ​នឹង​ភាគហ៊ុន​សរុប ៤,៣៤ ​លាន​។ នេះ​បើតាម​ឯកសារ​ធនាគារ​នេះ​ផ្ញើ​ទៅ CSX​។

លោក Ha បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ការចុះបញ្ជី​របស់ ABC ទីផ្សារ​នេះ​មាន​សកម្មភាព​ខ្លាំង​។ ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​របស់ ABC មាន ២៧៣ ៤០៥ ​ភាគហ៊ុន ខណៈ​តម្លៃ​ជួញដូរ​ជា​មធ្យម​មាន ៥,៧៨ ​ពាន់​លាន​រៀល​។

លោក​ថ្លែងថា​៖ «ABC បាន​បង្កើត​ក្រុម​វិនិយោគិន​រាប់ពាន់នាក់​ឲ្យ​ចូល​មក​ក្នុង​ប្រព័ន្ធ​ជួញដូរ​របស់​យើង​ក្នុង​ពេល​តែមួយ ហើយ​វា​ជា​ប្រវត្តិសាស្ដ្រ​សម្រាប់​ទីផ្សារ​របស់​យើង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ភាគច្រើន​នៃ​ភាគហ៊ុន​ចុះបញ្ជី​នៅ CSX គឺជា​ភាគហ៊ុន​ដែល​មាន​ត្រឹម​តម្លៃ ដូច្នេះ​ទីផ្សារ​នេះ​មិនមាន​សកម្មភាព​ខ្លាំង​ទេ​»​។

លោក​បន្តថា​៖ «​បន្ទាប់ពី​ការចុះបញ្ជី ABC បាន​ក្លាយជា​ភាគហ៊ុន​មាន​សម្ទុះ​ខ្លាំង ដែល​ក្រុម​វិនិយោគិន​កំពុង​ព្យាយាម​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការជួញដូរ​។ វិនិយោគិន​ជាច្រើន​កំពុងបើក​គណនី​ជួញដូរ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ចូលរួម​ក្នុង​ការវិនិយោគ​នេះ​»៕LA