ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា ​(SECC) ​បាន​យល់ព្រម​ជា​គោលការណ៍​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី របស់​ធនាគារ អេស៊ីលីដា ​ធ្វើ​ជា​​​ក្រុមហ៊ុន​ចែកចាយ​លក់​មូលបត្រ។ នេះ​បើ​​​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​មូលបត្រ​កាល​ពី​ថ្ងៃ​អង្គារ។

បច្ចុប្បន្ន​ក្រុមហ៊ុន ACLEDA Securities Plc. កំពុង​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​​ឈ្មួញ​ជើងសា​មូលបត្រ ​និង​ជា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល។

លោក ហោ ស៊ីម៉េត នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ACLEDA Securities Plc. បាន​ឲ្យ​ដឹង​ថា ការ​ទទួល​បាន​ការ​អនុម័ត​ពី SECC ឲ្យ​ ACLEDA Securities Plc. ធ្វើ​ជា​ក្រុមហ៊ុន​ចែកចាយ​លក់​​មូលបត្រ​អាច​និយាយ​ថា​ ជា​ដំណើរ​​​វិវឌ្ឍន៍​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ចូលរួម​ជំរុញ និង​លើក​កម្ពស់​វិស័យ​មូលបត្រ​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា៖ ​«ការ​ទទួល​បាន​ការ​យល់ព្រម​ជា​គោលការណ៍​ពី SECC គឺ​ជា​​ឱកាស​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន ACLEDA Securities Plc. ផ្តល់​សេវាឲ្យ​អតិថិជន​បាន​កាន់​តែ​ទូលំទូលាយ​»។

លោក​បន្ត​ថា៖​ «​តាមរយៈ​កំណើន​នៃ​ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន និង​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​ ដែល​មាន​ការ​កើន​ឡើង​ជា​​បន្ត​បន្ទាប់​នេះ យើង​រំពឹង​ថា ដំណើរ​វិវឌ្ឍន៍​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​នាពេល​អនាគត»។

យោង​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ លើក​ទី​៥៦ ដែល​​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ SECC ក៏​បាន​អនុម័ត​ជា​គោល​ការណ៍​លើ​​សំណើ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​មូលបត្រ​កម្ពុជា ដូច​ជា ការ​​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើ​សុំ​បោះ​ផ្សាយ​លក់​មូលបត្រ​បំណុល​​ជា​សាធារណៈ​របស់​ធនាគារ ABA យល់ព្រម​លើ​សំណើ​សុំ​អាជ្ញាប័ណ្ណ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ក្រុមហ៊ុន Ganatrader Intellisystem Co., Ltd.និង​ការ​សុំ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​របស់​ក្រុមហ៊ុន S.J Asset Management Co., Ltd. និង​ក្រុមហ៊ុន OBOR Management Co., Ltd.ផង​ដែរ​។

SECC ក៏​បាន​យល់ព្រម​​ទទួល​ស្គាល់​ធនាគារ B.I.C (Cambodia) Bank Plc. ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធ​​នឹង​មូលបត្រ​ផង​ដែរ។

គណៈកម្មការ​មូលបត្រ​កម្ពុជា ក៏​បាន​ធ្វើ​វិសោធនកម្ម​លើ​សេចក្តី​ព្រាង​ប្រកាស​​ស្តីពី​ការ​ដាក់​ឲ្យ​អនុវត្ត​វិធាន​ប្រតិបត្តិការ​ទីផ្សារ​មូលបត្រ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ដោយ​បន្ថែម​ម៉ោង​ជួញដូរ​ពី​ម៉ោង ៨:០០ ​នាទី​ព្រឹក រហូត​ដល់​ម៉ោង ​៣:០០ រសៀល​ផង​ដែរ​។

លោក សុខ ដារ៉ា អគ្គនាយក​រង​ SECC បាន​និយាយ​ថា ​កំណើន​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី និង​កំណើនការ​​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​មាន​វិជ្ជាជីវៈ​នៅ​​ក្នុង​ផ្សារ​មូលបត្រ​ គឺ​ជា​សញ្ញាណ​វិជ្ជមាន​ថ្មី​បន្ថែម​ទៀត​ សម្រាប់​វិស័យ​មូលបត្រ​កម្ពុជា​។​

លោក​បាន​ថ្លែង​ថា៖ ​«​អាទិភាព​នៃ​ក្រុមហ៊ុន​ថ្មីៗ​ទាំង​នេះ គឺ​ជា​សញ្ញា​នៃ​កំណើន​របស់​ក្រុមហ៊ុន​ជំនាញ​ដែល​មាន​ដើម​ទុន និង​គុណ​វឌ្ឍន៍​ហើយ​នឹង​មាន​ទំនុក​ចិត្ត​ ចំពោះ​ការ​វិនិយោគ​ក្នុង​​វិស័យ​មូលបត្រ​កម្ពុជា​»​។​

បច្ចុប្បន្ន​ផ្សារ​មូលបត្រ​កម្ពុជា មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ៧​ ក្នុង​នោះ​ ​៥​ ជា​ក្រុមហ៊ុន​បោះផ្សាយ​លក់​ភាគហ៊ុន និង​ ២ ជា​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​បំណុល៕​