ភ្នំពេញៈ អេស៊ីលីដា ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​របស់​កម្ពុជា និង​គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​មូលនិធិ​ឌីជីថល​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ភាព​ជា​ដៃគូ​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់ និង​ដាក់ដក​ប្រាក់ ដើម្បី​ពង្រីក​សេវា​ទាំងនេះ​ដល់​អតិថិជន​ទាំងអស់ ជាពិសេស​នៅតាម​សហគមន៍​។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន និង​សាធារណជន​ទាំងអស់​ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ​ក្នុង​ការផ្ទេរប្រាក់ និង​ដាក់​ដក​ប្រាក់​ដែល​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង និង ពង្រីក​សេវាកម្ម​ឌីជីថល​ឲ្យ​មាន​ភាព​សម្បូរបែប និង​សម្រួល​ដល់​ប្រតិបត្តិការ​សាច់ប្រាក់​របស់​អតិថិជន និង​សាធារណជន​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគា​អេស៊ីលីដា ភីអិលស៊ី បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​កិច្ចសហប្រតិបត្តិការ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការធ្វើ​ប្រតិបត្តិការ ការផ្ទេរ​មូលនិធិ​រវាង​គណនី Core Banking របស់​ធនាគារ​អេស៊ីលីដា និង​គណនី E-Wallet របស់​គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក ការផ្ទេរ​ប្រាក់​រវាង​គណនី​អេស៊ីលីដា​ទាន់​ចិត្ត និង​គណនី E-Wallet របស់ ឃេស អ៊ិននើវេសិន ម.ក និង​ដាក់​ប្រាក់ និង​ដក​ប្រាក់​ពី​គណនី E-Wallet របស់ ឃេស អ៊ិននើវេសិន ម.ក តាមរយៈ​ម៉ាស៊ីន អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​។

លោក​និយាយ​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ឲ្យ​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក ពង្រីក​ឲ្យ​កាន់តែ​ទូលំទូលាយ​សេវា​ផ្ទេរប្រាក់ និង​ដកដាក់​ប្រាក់​ទូទាំង​ប្រទេស និង​លើកកម្ពស់​ការអភិវឌ្ឍ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​។

លោក Pes Kimsrean ប្រធាន​នាយក​ប្រតិបត្តិការ ឃេស អ៊ិននើវេសិន ម.ក បាន​និយាយ​ថា អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំងអស់​នឹង​ទទួល​បាន​បទពិសោធ​បច្ចេកវិទ្យា​ថ្មីៗ​ពី​ក្រុមហ៊ុន​របស់លោក​ក្នុង​ការផ្តល់​នូវ​ភាពងាយស្រួល រហ័ស ទុកចិត្ត និង​សុវត្ថិភាព​។

លោក​បន្តថា​៖ «​យើង​រីករាយ​ក្នុងការ​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ​ធនាគារ​អេស៊ីលីដា​។ គ្រឹះស្ថាន ឃេស បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល ៣ ​ឆ្នាំ​យើង​ជឿជាក់​ថា ទីផ្សារ​នេះ​នៅពេល​នេះ​មាន​ភាពចាស់ទុំ​ក្នុង​ការប្រើប្រាស់​ផលិតផល​ដ៏សំខាន់​របស់​យើង ដូចជា «KESS CHAT»​។ KESS CHAT ផ្សារភ្ជាប់​ជាមួយ​កសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬ​អ្នកផ្គត់ផ្គង់​អាច​ទទួល​បាន​ការទូទាត់​តាមរយៈ Wechat/Alipay/Visa Card/MasterCard និង​កាត​អេធីអឹម ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​»​។

គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​ ២០២០ ធនាគារ​អេស៊ីលីដា មាន​ទ្រព្យ​សកម្ម​សរុប​ប្រមាណ​ ៦,១៥ ពាន់​លាន​ដុល្លារ សមតុល្យ​ឥណទាន​សរុប​ប្រមាណ ៣,៩៩ ​ពាន់​លាន​ដុល្លារ ប្រាក់​បញ្ញើ​សន្សំ​សរុប ៤,៣៥ ពាន់​លាន​ដុល្លារ និង​ចំនួន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ ឌីជីថល អេស៊ីលីដា​ទាន់​ចិត្ត​ជាង ១,៥ ​លាន​នាក់​៕LA