
អ្នកដំណើរតាមផ្លូវជិះកាត់សាខាធនាគារអេស៊ីលីដាមួយ ក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ធនាគារអេស៊ីលីដា កាលពីម្សិលមិញបានប្រកាសបន្ទាបការប្រាក់លើប្រាក់បញ្ញើសំចៃជាប្រាក់រៀលពី ១,២៥ ភាគរយក្នុងមួយឆ្នាំមកនៅត្រឹម ០,៥ ភាគរយក្នុងមួយឆ្នាំវិញដែលនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីខែកុម្ភៈខាងមុខតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អេស៊ីលីដាកាលពីម្សិលមិញ។
គណនីប្រាក់បញ្ញើសំចៃ គឺសំដៅដល់ប្រាក់បញ្ញើដែលអតិថិជនអាចដាក់-ដកបានគ្រប់ពេលដែលជាទូទៅគណនីបញ្ញើប្រភេទនេះបានអត្រាការប្រាក់ទាបជាងការដាក់ប្រាក់បញ្ញើដែលមានកាលកំណត់។
តាមរយៈគណនីប្រាក់បញ្ញើមានកាលកំណត់ អតិថិជនអាចដកប្រាក់បានលុះណាតែដល់ពេលដែលខ្លួនបានកំណត់កាលពីពេលដាក់ប្រាក់ដំបូងដូចជា ៣ ខែ ៦ ខែ ឬរយៈពេលផ្សេងទៀត។ យ៉ាងណាក៏ដោយធនាគារនៅរក្សាអត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់នៅដដែល។
អ្នកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានលើកឡើងកាលពីថ្ងៃម្សិលមិញថាការសម្រេចបន្ទាបអត្រាការប្រាក់លើប្រាក់បញ្ញើសំចៃជារៀលនេះគឺដោយសារមានកំណើនប្រាក់បញ្ញើប្រភេទនេះច្រើនជាងមុននៅលើទីផ្សារ ហើយលើកឡើងថាការផ្លាស់ប្តូរអត្រាការប្រាក់ប្រភេទបញ្ញើនេះតែងធ្វើឡើងស្របតាមការប្រែប្រួលនៃតម្រូវការ និងការផ្គត់ផ្គង់ប្រាក់បញ្ញើជាក់ស្តែង។
អ្នកស្រីថ្លែងថា៖ «យើងរំពឹងថាការបន្ទាបការប្រាក់បញ្ញើនេះនឹងអាចឲ្យយើងមានលទ្ធភាពនៅក្នុងការយកបញ្ញើនេះទៅផ្តល់កម្ចីបន្តជាប្រាក់រៀលដែលមានការប្រាក់ស្មើនឹងកម្ចីជាដុល្លារ»៕