ភ្នំពេញ៖ ធនាគារ​អេស៊ីលីដា​ ជា​ធនាគារ​ក្នុង​ស្រុក​ឈាន​មុខ​គេ​រក​បាន​ប្រាក់​ចំណេញ​សុទ្ធ​ជាង ៤៤ លាន​ដុល្លារ ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ នេះ ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ដោយ​មាន​ការ​កើន​ឡើង ២៨,៥៣ ភាគរយ ធៀប​ទៅ​នឹង​ត្រីមាស​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២០ មុន ទោះបី​ជា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​មិន​ទាន់​ត្រូវ​បាន​គ្រប់គ្រង​បាន​ក្តី។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា​ផ្ញើ​ទៅ​កាន់​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ថ្ងៃទី ១០ ឧសភា គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី១ ឆ្នាំ ២០២១ នេះ ធនាគារ​ដែល​កាន់កាប់​ភាគ​ច្រើន​ដោយ​វិនិយោគិន​ក្នុង​ស្រុក​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ជាង ៤៤ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ២៨,៥៣ ភាគរយ​ពី​ជាង ៣៤ លាន​ដុល្លារ​អាមេរិក ​ក្នុង​ត្រីមាសទី​១ ឆ្នាំ​មុន។

«ការ​កើន​ឡើង​នេះ ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​កើន​ឡើង​នូវ​ចំណូល​ការ​ប្រាក់​សុទ្ធ​ចំនួន ១២,៤៧% ស្មើ​នឹង ៤៥,៦២ ប៊ី​លាន​រៀល ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០២០»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ធនាគារ។

លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​របស់​ធនាគារ​អេស៊ីលីដា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទោះបី​ជា​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្តី លោក​សង្កេត​ឃើញ​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ មិន​សូវ​មាន​ផល​ប៉ះពាល់​ទេ​ ដោយសារ​តែ​រដ្ឋាភិបាល​បាន​ផ្ដល់​អាទិភាព​ដល់​វិស័យ​នេះ ជា​មធ្យោបាយ​ក្នុង​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ទីក្រុង និង​នៅ​តាម​ជនបទ។

លោក​បាន​ថ្លែង​ថា៖ «ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ធនាគារ​នៅ​តែ​មាន​ប្រតិបត្តិការ ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​លើ​សេវា​ហិរញ្ញវត្ថុ ខណៈ​ដែល​ធនាគារ​មួយ​ចំនួន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​កម្មវិធី​ឌីជីថល ធនាគារ​អ៊ីនធឺណិត និង​កម្មវិធី​ធនាគារ​ចល័ត ដើម្បី​ផ្ដល់​សេវា​ដល់​អតិថិជន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ពាណិជ្ជ​ដំបូង​គេ​ដែល​ចុះ​បញ្ជី​លើ​ផ្សារ​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ ២០២០ កន្លង​មក។

ជាមួយ​នឹង​បទពិសោធន៍​ជាង ២៧ ឆ្នាំ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​កាល​ពី​ឆ្នាំ ១៩៩៣ ជាមួយ​ដើម​ទុន​វិនិយោគ ៦០០ ០០០ ដុល្លារ។ បច្ចុប្បន្ន​ដើម​ទុន​របស់​ធនាគារ​មួយ​នេះ បាន​កើន​ឡើង ៧០០ ដង ខណៈ​ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ប្រហែល ៦ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ៩ ០០០ ដង និង​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​ជិត ២ ០០០ដង។ នេះ​បើ​យោង​តាម​លោក អ៊ិន ចាន់នី៕LA