
លោក សុធារ័ត្ន (ឆ្វេង) និងលោក អុិន ចាន់នី ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។ សហការី
ភ្នំពេញៈ ធនាគារ ACLEDA Bank Plc និងក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម ដែលសហប្រតិបត្តិការក្នុងការផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដែលអាចឲ្យអតិថិជនមកពីស្ថាប័នហិរញ្ញវត្ថុនានា ពិនិត្យមើលប្រវត្តិឥណទានផ្ទាល់របស់ពួកគេនៅធនាគារអេស៊ីលីដា។
មុនពេលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ អតិថិជននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលចង់ដឹងពីប្រវត្តិឥណទានផ្ទាល់របស់ពួកគេ មានជម្រើសតែមួយគត់តាមរយៈការទៅការិយាល័យរបស់ក្រុមហ៊ុន CBC។
ទោះជាយ៉ាងណា មានតែសាខា ៥ ប៉ុណ្ណោះក្នុងចំណោមសាខាទាំង ២៦២ របស់ធនាគារអេស៊ីលីដា ត្រូវបានគ្របដណ្តប់ដោយសេវានេះនៅដំណាក់កាលដំបូងនៃភាពជាដៃគូនេះ មុនពេលការពង្រីកបន្ថែមទៅដល់សាខានានានៅតាមបណ្ដាខេត្តផ្សេងៗទៀតត្រឹមចុងឆ្នាំ ២០១៩។ សាខាទាំង ៥ នោះមានការិយាល័យកណ្ដាល និងសាខាសៀមរាប កំពង់ស្ពឺ តាកែវ និងខេត្តកណ្ដាល។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC) បានឲ្យដឹងថា របាយការណ៍ឥណទានពិតជាមានសារៈសំខាន់ណាស់ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ព្រោះមុននឹងស្ថាប័នហិរញ្ញវត្ថុណាមួយសម្រេចផ្តល់ឥណទានទៅឲ្យនរណាម្នាក់ គេទាមទារជាចាំបាច់នូវការពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុនាពេលកន្លងមក។
លោកថ្លែងថា៖ «យើងចង់ឲ្យអតិថិជនបានរៀបចំខ្លួនជាមុន ដើម្បីឲ្យពួកគាត់មានទំនុកចិត្តក្នុងការទទួលបានសេវាឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដែលពួកគាត់ត្រូវការ»។
លោកបានលើកឡើងថា CBC សម្រេចចាប់យកធនាគារអេស៊ីលីដាជាដៃគូទី ១ ព្រោះធនាគារនេះមានតំបន់ប្រតិបត្តិការច្រើន ទាំងក្នុងកម្រិតខេត្ត ស្រុក និងកន្លែងខ្លះដល់ឃុំទៀតផង។ លោកបន្ថែមថា រហូតមកដល់ពេលនេះ CBC មានអតិថិជនប្រហែល ៥ លាននាក់ និងបានបង្កើតរបាយការណ៍ឥណទាននៅទូទាំងប្រទេសប្រហែល ១៧ លានរបាយការណ៍។
ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនដែលចង់ដឹងពីប្រវត្តិឥណទានរបស់ខ្លួន ចាំបាច់ត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ដើម្បីត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនៅសាខាទាំង ៥ នេះ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា CBC បានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានអតិថិជនជាបុគ្គល ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុ។
លោកបានមានប្រសាស៍ថា៖ «CBC មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក ភាគីពាក់ព័ន្ធ និងក្រុមហ៊ុននានា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកឥណទានឲ្យកាន់តែប្រសើរ»។
ក្រុមហ៊ុន CBC ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទានជនបទ ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានានៅកម្ពុជា។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុន CBC មានសមាជិកសរុប ១៥៨ ស្ថាប័ន៕ LA